ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១២ ឆ្នាំ២០២១ នៅប្រទេសឡាវ ទទួលស្នាដៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក ព្រឿន ប្រណិត។
បើយោងតាមសេចក្ដីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ បានបញ្ជាក់ឱ្យដឹងថា ការប្រកួតពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ធ្វើឡើងដើម្បីរួមថែរក្សា និងលើកកម្ពស់តម្លៃអក្សរសិល្ប៍ និងវប្បធម៌ជាតិ ម្យ៉ាងក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមេគង្គ ។
ប្រភពដដែលបញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមេគង្គ ដែលមានបណ្ដាប្រទេសចំនួន៦មានដូចជា កម្ពុជា ចិន ភូមា ថៃ ឡាវ និង វៀតណាម។ សម្រាប់កម្ពុជា សមាគមអ្នកនិពន្ធខ្មែរ ជាអ្នករៀបចំប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី និងកំណាព្យ សម្រាប់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១២ ឆ្នាំ២០២១ (Mekong River Literature Award 2021) ដែលនឹងប្រារព្ធនៅប្រទេសឡាវ ។
សូមជម្រាបថា ការប្រកួតពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១២ ឆ្នាំ២០២១ នៅប្រទេសឡាវឆ្នាំនេះ ក្រោមប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ដោយសាច់រឿងប្រកបដោយទស្សនវិជ្ជាជីវិត និងសោភណ្ឌភាព ។
អត្ថបទស្នាដៃ ត្រូវវាយជាអក្សរកុំព្យូទ័រមិនឱ្យលើស២០ទំព័រ ក្រដាស A4 ។ ចំពោះជ័យលាភី២រូប ទាំងផ្នែកកំណាព្យ និងរឿងខ្លី ត្រូវបានអញ្ញើញឱ្យទៅទទួលពានរង្វាន់នៅក្នុងប្រទេសឡាវ។ នេះបើតាមការឱ្យដឹងពីសមាគមអ្នកនិពន្ធខ្មែរ ៕