លោកពូរត់កង់បីម្នាក់នៅបេនឡានផ្សារអូឡាំពិក សូមមិនបញ្ចេញឈ្មោះ បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន The Intercon Rooster នៅថ្ងៃទី៣ ខែវិច្ឆិកា នេះថា៖ «ប្រេងសាំងឡើងខុសពីធម្មតា ពេលដែលរកបានសាំវាធម្មតា ដល់ពេលរកមិនបានក្នុងបរិបទកូវីដសាំងវាឡើងថ្លៃ ហ្គាសក៏ឡើងថ្លៃ ប្រេងម៉ាស៊ុតក៏ឡើងថ្ងៃ»។
អង្គុយលើកម៉ូតូកងបី ភ្នែកសំឡឹងមើលភ្ញៀវ បុរសរូបនេះនិយាយរាប់រៀបរាប់បន្ថែម ថាមុនជំងឺកូវីដនេះមកដល់ គាត់រកចំណូលបាន៦ទៅ៨ម៉ឺន ពេលខ្លះបាន១០ម៉ឺន ក៏មានដែរ ហើយតម្លៃជួលផ្ទះក៏ធូរថ្លៃទៀត ប៉ុន្តែពេលដែលពេលជំងឺនេះចូលមក ក្នុងមួយថ្ងៃរកចំណូលបាន ២ទៅបីម៉ឺន ក្នុងមួយថ្ងៃហើយ សាំងក៏ឡើងថ្ងៃ ផ្ទះជួលក៏ឡើងថ្លៃបន្ថែមពីលើទៀត។
ចំណែកបុរសវ័យកណ្តាលជាអ្នករត់តាក់ស៊ី ពីភ្នំពេញទៅខេត្តស្វាយរៀងម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះដូចគ្នា ដែលកំពុងតែឈរចាំចាប់ម៉ូយ បាននិយាយថា «នៅក្នុងស្ថានភាពបែបនេះប្រេងឥន្ទនៈគួរតែបញ្ចុះតម្លៃ ឱ្យបានទាបសមរម្យ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋ កំពុងតែជួបវិបត្តសេដ្ឋកិច្ច ក្រោយកបិទខ្ទប់ប្រទេសអស់ជិតពីរឆ្នាំ»។
កន្លងមកក្រសួងពាណិជ្ជកម្មតែងតែបានអះអាងថា ការឡើងថ្លៃនៃតម្លៃប្រេងនៅកម្ពុជានេះ គឺដោយសារតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារអន្តរជាតិបានកើនឡើង ឬអាចនិយាយបានថា តម្លៃប្រេងឥន្ទនៈលក់រាយលើទីផ្សារកម្ពុជា គឺមិនមែនក្រសួងពាណិជ្ជកម្ម ជាអ្នកកំណត់ឡើយ ហើយក្រសួងគ្រាន់តែស្រង់ថ្លៃឡើងឬចុះនៃប្រេងទៅតាមទីផ្សារអន្តរជាតិមកគណនាជូនសាធារណជនប៉ុណ្ណោះ ។
បើតាមក្រសួងពាណិជ្ជកម្ម ប្រេងឥន្ទនៈដែលលក់រាយនៅលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានកំណត់តម្លៃលក់រាយប្រភេទសាំងធម្មតាក្នុងមួយលីត្រ ៤ ៥៥០ រៀល ប្រេងម៉ាស៊ូតក្នុងមួយលីត្រ ៤ ១០០រៀល។
ទោះជាបែបណាក៏ដោយ តម្លៃលក់ប្រេងឥន្ទនៈនៅលើទីផ្សារកម្ពុជានៅតែមានតម្លៃខ្ពស់នៅឡើយ ហើយប្រជាពលរដ្ឋនៅតែស្នើឱ្យមានការបញ្ចុះតម្លៃ ដើម្បីឱ្យស្របទៅនឹងការតម្រូវការរបស់ប្រជាពលរដ្ឋ៕