Stand with Cambodia — Together for Our Future
បទយកការណ៍ May 31, 2022 | 05:00 AM

​បទ​យកការណ៍​៖​ ​កីឡា​អុកចត្រង្គ​របស់​ខ្មែរ​ ​ត្រៀម​ចូល​ជា​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២​០​២​៣

​បទ​យកការណ៍​៖​ ​កីឡា​អុកចត្រង្គ​របស់​ខ្មែរ​ ​ត្រៀម​ចូល​ជា​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២​០​២​៣

​កីឡា​អុកចត្រង្គ​របស់​ខ្មែរ​នេះ​ ​មិនមែន​មានតែ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​កីឡា​ដែល​មាន​ប្រវត្តិ​យូរលង់​មួយ​នេះ​ក៏​នៅតែ​ជា​កីឡា​ពេញ​និយម​មួយ​របស់​ពលរដ្ឋ​ខ្មែរ​រហូត​មកដល់ពេលនេះ​។​

​នៅ​ទូទាំង​ប្រទេស​ស​កម្ពុជា​ ​ជាពិសេស​នៅ​តាម​តៀម​កាហ្វេ​ ​គឺ​តែងតែ​មាន​ក្ដារ​អុក​សម្រាប់​ឲ្យ​អ្នក​ដែល​មក​ពិសា​រ​កាហ្វេ​អាច​លេង​ក​ម្សាន្ត​។​

​ម៉េង​ ​សេរី​សម្បត្តិ​ ​គឺជា​អ្នកចូលចិត្ត​លេង​កីឡា​អុកចត្រង្គ​មួយ​រូប​។​ ​លោក​បាន​លេង​កីឡា​មួយ​នេះ​ជាង​២​០​ឆ្នាំ​មក​ហើយ​។​ ​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​ ​ថា​ ​«​ ​ដំបូង​ឡើយ​ខ្ញុំ​ក៏​មិនទាន់​បាន​ដឹង​ពី​ក្បួន​ការ​អី​ដែរ​ ​គ្រាន់តែ​លេង​តាម​តំណ​រ​ចាស់ៗ​ដែល​គាត់​លេង​តាម​ពីមុន​មក​ ​ចេះតែ​លេង​តាម​គាត់​អីចឹង​ទៅណា​ស់ ​ហើយក៏​ចេះតែ​មើលឃើញ​គាត់​ ​ចេះតែ​ចង់​ចេះ​ ​ដោយសារតែ​ការ​ស្រលាញ់​ ​ការ​ពេញចិត្ត​លើ​វិ​ស័​យ​អុកចត្រង្គ​ហ្នឹង​»​។

​លោក​ ​ម៉េង​ ​សេរី​សម្បត្តិ​ ​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២​០​២​១​ ​កីឡា​អុកចត្រង្គ​

កីឡាករ​អុកចត្រង្គ​រូប​នេះ​បន្ថែម​ថា​ ​«​ខ្ញុំ​មក​ចូលរួម​ថ្នាក់​ជាតិ​លើកដំបូង​នា​ឆ្នាំ​២​០​១​០​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​យើង​ហ្នឹង​។​ ​ដោយសារ​ពេល​ហ្នឹង​ក​ម្រិ​ត​នៃ​ការ​លេង​អុក​ខ្ញុំ​ក៏​មិនទាន់​ទទួល​បានការ​ហ្វឹកហាត់​ពី​លោកគ្រូ​ ​អ្នក​គ្រូ​ ​អី​ច្បាស់លាស់​ពី​រៀមច្បង​យើង​»​។​ ​បើ​ទោះ​ជា​ការ​ប្រកួត​នៅ​ក្នុង​ឆ្នាំ​២​០​១​០​នោះ​ ​លោក​មិន​ទទួល​បាន​ជោគជ័យ​មែន​ ​ប៉ុន្តែ​លោក​មិន​បោះបង់​ចោលការ​ព្យាយាម​ឡើយ​ ​លោក​នៅតែ​បន្ត​ហ្វឹកហាត់​មិនថា​ជាមួយ​គ្រូ​ដោយ​ផ្ទាល់​ក្តី​ ​ឬ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​ក្តី​។​ ​ដោយ​ការ​តស៊ូ​ព្យាយាម​នៅមុខ​ក្កា​រ​អុក​ផង​ ​នៅមុខ​កុំព្យូទ័រ​ផង​ ​ទីបំផុត​លោក​បាន​ក្លាយ​ជា​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២​០​២​១​។​

កីឡាករ​ជើង​ឯង​រូប​នេះ​ ​បាន​ពិពណ៌នា​អំពី​អត្ថប្រយោជន៍​នៃ​ការ​លេង​កីឡា​អុកចត្រង្គ​យ៉ាង​ដូច្នេះ​ថា​ ​«​នៅ​ក្នុង​កីឡា​អុកចត្រង្គ​នេះ​ ​ខ្ញុំ​គិតថា​វា​មាន​ផលប្រយោជន៍​ច្រើន​ណាស់​សម្រាប់​មនុស្ស​នៅពេលដែល​ម្នាក់ៗ​គាត់​ចាប់ផ្ដើម​លេង​ទៅ​ ​គាត់​កាន់តែ​ចេះ​ ​គាត់​កាន់តែ​រៀបចំ​ការ​គិត​របស់​គាត់​កាន់តែ​ល្អ​ ​»​។​

​ប្រភេទ​កូនអុក​ ​និង​របៀប​លេង​

​ល្បែង​អុក​ ​ឬ​ ​ចត្រង្គ​ ​ជាល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ដែល​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​ប៉ុន្តែ​ហាក់​មិន​មាន​ប្រ​ភ​ប​ឯកសារ​ច្បាស់លាស់​នោះ​ទេ​ ​។​ ​ជាមួយគ្នា​នេះ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ក៏មាន​ល្បែង​នេះ​ផង​ដែរ​ ​គ្រាន់តែ​ខុសប្លែក​គ្នា​ពី​របៀប​លេង​ខ្លះ​ៗ​ប៉ុណ្ណោះ​។​ ​សម្រាប់​កូន​អុកចត្រង្គ​ខ្មែរ​ទាំងអស់​មាន​ចំនួន​៣​២​កូន​ ​ចែក​ជា​២​ស្មើគ្នា​ ​ពោល​គឺ​ម្ខាង​មាន​១​៦​កូន​។​ ​១​៦​កូន​នោះ​រួម​មាន​ ​កូន​១​ហៅថា​ “​ខុន​” ​ជា​ស្តេច​ ​តំណាង​ការ​ស្លាប់​ ​រស់​ ​និង​ឈ្នះ​ ​ចាញ់​ ​នៃ​ល្បែង​អុក​ទាំងមូល​។​ ​ខុន​នេះ​ ​អាច​ដើរ​បាន​គ្រប់ទិស​។​ ​ប្រសិនបើ​ភាគី​ប្រកួត​ណាមួយ​ធ្វើឲ្យ​កូន​ខុន​ ​ឬ​ស្ដេច​នេះ​ត្រូវ​គេ​ស៊ី​បាន​ ​គឺ​មានន័យ​ចាញ់​ក្នុង​ការ​ប្រកួត​។​ ​កូន​១​ហៅថា​ “​នាង​” ​ជា​អគ្គមហេសី​ស្តេច​ ​ឬ​ ​មេ​រង​អាច​ដើរ​បាន​៤​ទិស​។​ ​កូន​២​មាន​​​រូបរាង​ដូចគ្នា​ហៅថា​ “​គោល​” ​ជា​មេទ័ព​ដើរ​បាន​៥​ទិស​។​ ​កូន​២​ទៀត​មាន​​​រូប​ដូចគ្នា​ហៅថា​ “​សេះ​” ​ជា​ទ័ព​ជើងគោក​អាច​ដើរ​ ​បាន​គ្រប់ទិស​ដូច​ខុន​ដែរ​ ​តែ​ត្រូវ​លោត​លើស​១​ក្រឡា​។​ ​កូន​២​ទៀត​មាន​រ​ហៅថា​ “​ទូក​”​ជា​ទ័ព​ជើងទឹក​ ​អាច​ដើរ​បាន​៤​ទិស​ ​ហើយ​ដើរ​បាន​ប៉ុន្មាន​ក្រឡា​ក៏បាន​ ​ប៉ុន្តែ​មិន​អាច​ដើរ​រំលង​កូន​ដទៃ​បាន​នោះ​ទេ​ ​។​និង​កូន​៨​ផ្សេងទៀត​ហៅថា​ “​ត្រី​” ​ទុកជា​សេនាទាហាន​អាច​ដើរទៅ​មុខ​បាន​១​ក្រឡា​ ​ប៉ុន្តែ​នៅពេលដែល​ទៅដល់​ក្រឡា​ទី​៣​នៃ​គូប្រកួត​ ​ត្រី​នោះ​ក្លាយ​ជា​ត្រី​បក​ ​គឺ​អាច​ដើរ​ដូចជា​នាង​ ​ពោល​គឺ​អាច​ដើរ​បាន​៤​ទិស​ដែរ​។​ ​ដោយឡែក​ក្រឡា​អុក​ ​គឺ​គេ​ធ្វើ​នៅ​លើ​ក្តារ​បួនជ្រុងស្មើ​ ​ដែល​មាន​៦​៤​ក្រឡា​ ​ចែក​ជា​៨​ក្រឡា​បួនជ្រុង​ ​។​

​កូនចត្រង្គ​ទាំង​៣​២​ ​និង​ក្ដារ​អុក​ខ្មែរ​ច្រើន​ធ្វើ​ដោយ​ភ្លុក​ ​ស្នែង​ឬ​ឈើ​ផ្សេងៗ​ដូចជា​ ​ឈើ​នាងនួន​ ​ក្រញូង​ ​និង​ដើម​ដៃខ្លា​ជាដើម​ ​តាម​ធនធាន​ដែល​អាច​ធ្វើ​បាន​។​

សម្រាប់​អ្នក​និយម​កីឡា​អុក​ ​ដែល​មិន​មាន​វត្ថុធាតុដើម​ ​និង​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ផលិត​កូនអុក​ ​និង​ក្ដារ​អុក​នោះ​ ​គឺ​អាច​ទិញ​នៅ​ផ្សា​តាម​តម្លៃ​ ​និង​គុណភាព​ផ្សេងៗ​គ្នា​។​

អ្នកស្រី​ ​ហ៊ុន​ ​សុផាត​ ​ម្ចាស់​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​មួយ​កន្លែងនៅ​ផ្សា​ទួល​ទំពូង​ ​បាន​ប្រាប់​គេហទំព័រ​ ​T​h​e​ ​Inter​co​n ​Rooster​ ​ថា​ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើកឲ្យ​ប្រជាពលរដ្ឋ​បាន​ជួបជុំគ្នា​តាមធម្មតា​ឡើងវិញ​ ​ក្រោយ​ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​បាន​ធូរស្រាល​ ​ហាង​កាហ្វេ​ ​និង​តាម​ទីប្រជុំជន​នានា​ ​ហាក់​ដំណើរការ​ឡើងវិញ​ច្រើន​ ​ដូចនេះ​ការ​ជួបជុំ​លេង​កីឡា​អុក​នេះ​ក៏មាន​ច្រើនឡើង​វិញ​ធ្វើ​ឱ្យ​អ្នកស្រី​ ​លក់​កូនអុក​ ​និង​ក្ដារ​អុក​ដាច់​ច្រើន​ ​ជាពិសេស​ប្រភេទ​ក្ដារ​អុក​ ​និង​កូនអុក​សម្រាប់​ដាក់​ក្នុង​ហាង​កាហ្វេ​ ​ដែល​មាន​តម្លៃ​ប្រមាណ​ជាង​១​០​ដុល្លា​សហរដ្ឋអាមេរិក​។​ ​អ្នកស្រី​ ​ហ៊ុន​ ​សុផាត​ ​«​ជាទូទៅ​អារ​យ​ហ្នឹង​(​ក្ដារ​អុក​រយ​)​ខ្ញុំ​កុម្ម៉ង់​គេ​ម្ដង​ ​២​០​០​ឈុត​ ​១​៥​០​ឈុត​ ​យើង​កុម៉្មង់​យកមក​ទុក​ក្នុង​ផ្ទះ​យើង​តែម្ដង​។​ ​ដល់ពេល​យើង​លក់​មួយថ្ងៃ​តាមធម្មតា​ ​៤​ទៅ​៥​ ​ឈុត​តាម​ភ្ញៀវ​គាត់​មក​អ៊ីចឹង​ទៅណា​ស់​។

​អ្នកស្រី​ ​ហ៊ុន​ ​សុផាត​ ​ម្ចាស់​លក់​វត្ថុ​អនុ​ស្សា​វ​រី​យ៍​មួយ​កន្លែងនៅ​ផ្សា​ទួល​ទំពូង​

​បើ​តាម​អ្នកស្រី​ ​ហ៊ុន​ ​សុផាត​ ​ក្ដារ​អុក​ប្រភេទ​ឈើ​ល្អ​ៗ​ ​ក៏មាន​ភ្ញៀវ​មករ​ក​ទិញ​ផង​ដែរ​ ​ដែល​ក្ដារ​ ​និង​កូនអុក​ខ្លះ​មាន​តម្លៃ​រហូតដល់​ទៅ​២​០​០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆុត​ក៏មាន​។​ ​អ្នកស្រី​ ​ហ៊ុន​ ​សុផាត​ ​«​អា​ហ្នឹង​គេ​ហៅថា​អុក​កុម្ម៉ង់​ ​ឈើ​ដែល​ល្អ​បំផុត​គេ​ហៅ​ឈើ​ក្រញូង​ហើយ​ ​និង​ក្រ​ញ៉ាំ​ដៃខ្លា​ដែរ​ ​ប៉ុន្តែ​វា​មាន​ចម្លាក់​ក្បាច់​សេះ​ស្អាត​ ​វា​មាន​ដាក់​ត្បូង​ ក្បូ​ក្បាច់​អីចឹង​ទៅណា​ស់​។​»​

បច្ចុប្បន្នភាព​កីឡា​អុកចត្រង្គ​

​ពី​ដើមឡើយ​ ​កីឡា​អុកចត្រង្គ​ ​មាននៅ​គ្រប់​ទី​ស​ទី​ក្នុង​ព្រះ​រា​ណា​ចក្រ​កម្ពុជា​ ​ប៉ុន្តែ​ការ​លេង​កីឡា​នេះ​ហាក់​មិន​មាន​ជា​ទ្រង់ទ្រាយ​ធំ​ ​ដោយ​អ្នកចូលចិត្ត​ ​និង​កីឡាករ​ទាំងអស់​បាន​ត្រឹម​លេង​ជាល្បែង​ក​ម្សាន្ត​ប៉ុណ្ណោះ​ ​។​

​អគ្គលេខាធិការ​រង​សហ​ព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ ​គឺ​លោក​ ហូ​យ​ ​សូ​ណា​បាន​ប្រាប់​ ​T​h​e​ ​Inter​co​n ​Rooster​ ​ថា​ ​កីឡា​អុកចត្រង្គ​ ​គឺជា​កីឡា​បែប​ប្រពៃណី​មួយ​ ​ប៉ុន្តែ​ ​ដោយមាន​ការ​រីក​ចម្រើន​ជាបន្តបន្ទាប់​ ​កីឡា​ដែល​ភាគច្រើន​ឧបករណ៍​ធ្វើពីឈើ​មួយ​នេះ​ ​បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​មួយ​របស់​រាជរដ្ឋាភិបាល​ ​ហើយ​ក្រសួង​អប់រំ​យុវជន​ ​និង​កីឡា​ក៏បាន​សម្រេច​ឲ្យ​បង្កើត​ជាស​ហ​ព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​នេះ​ឡើង​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​មិនា​ ​ឆ្នាំ​២​០​១​៧​ ​ដែល​មកដល់ពេលនេះ​ដំណើរការ​បាន​២​អាណត្តិ​ហើយ​ ​គឺ​ពី​ឆ្នាំ​២​០​១​៧​ដល់​ឆ្នាំ​២​០​២​១​ ​គឺ​អាណត្តិ​ទី​១​ ​និង​ចាប់ពី​ឆ្នាំ​២​០​២​១​ដល់​ឆ្នាំ​២​០​២​៥​ ​ដោយ​ក្នុង​អំឡុង​២​អាណត្តិ​នេះ​ ​សហ​ព័ន្ធ​បាន​រៀបចំ​ព្រឹតិ្ត​ការណ៍​ប្រកួត​ជាច្រើន​ផង​ដែរ​។​ ​លោក​ ហូ​យ​ ​សូ​ណា​ ​«​ព្រឹត្តិការណ៍​ធំ​ៗ​ ​ដែល​សហ​ព័ន្ធ​បាន​រៀបចំ​ឡើង​កន្លងមក​មាន​ច្រើន​ ​ដូចជា​ ​ក្នុង​នោះ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ ​២​០​១​៧​-​២​០​១​៨​ ​រួម​ទាំង​ជើងឯក​៤​ដង​ទៀត​គឺ​ឆ្នាំ​២​០​១​៨​ ​ឆ្នាំ​២​០​១​៩​ ​ឆ្នាំ​២​០​២​០​ ​និង​ឆ្នាំ​២​០​២​១​ ​ហើយ​រួម​ទាំង​ព្រឹត្តិការណ៍​ប្រកួត​បុណ្យ​សមុទ្រ​ ​បុណ្យ​ទន្លេ​ជាច្រើន​។​»​

​អគ្គលេខាធិការ​រង​រូប​នេះ​បន្ត​ថា​ ​រហូត​មកដល់ពេលនេះ​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ក្លិ​ប​កីឡា​អុកចត្រង្គ​ចំនួន​ ​១​៧​ក្លិ​ប​ហើយ​។​ ​នៅ​រៀងរាល់​ចុង​ឆ្នាំ​ ​សហ​ព័ន្ធ​កីឡា​អុកចត្រង្គ​ ​កំពុង​រៀបចំ​ការ​ប្រកួត​ដើម្បី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ជ្រើស​កីឡាករ​ជម្រើស​ជាតិ​ត្រៀម​ប្រកួត​ថ្នាក់​អន្តរជាតិ​នា​ពេល​ខាងមុខ​ ​ដែល​រហូត​មកដល់ពេលនេះ​មាន​កីឡាករ​ជម្រើស​ជាតិ​៦​រូប​ហើយ​កំពុង​ហ្វឹកហាត់​នៅ​ក្នុង​សហ​ព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​។​

​គោលដៅ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ​២​០​២​៣​ ​របស់​កីឡា​អុកចត្រង្គ​

​នៅក្នុងបន្ទប់​ការិយាល័យ​សហ​ព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ ​មាន​ទំហំ​ប្រមាណ​៥​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ ​មាន​តុ​ចំនួន​៧​តុ​។​ ​នៅ​លើ​តុ​និមួយៗ​ ​គឺ​មាន​កុំព្យូទ័រ​មួយ​គ្រឿង​ ​និង​ក្ដារ​អុក​មួយ​សម្រាប់​ឱ្យ​កីឡា​រ​ហ្វឹកហាត់​ ​ព្រោះ​បច្ចុប្បន្ន​ការ​លេង​អុក​ ​និង​កា​ហ្វឹកហាត់​ក៏មាន​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ផង​ដែរ​។​ ​ការ​ហ្វឹកហាត់​របស់​កីឡាករ​ជម្រើស​ជាតិ​កីឡា​អុកចត្រង្គ​នេះ​ ​គឺ​ធ្វើឡើង​៦​ថ្ងៃ​ក្នុង​មួយ​ស​ប្តាហ៍ ​គឺ​ចាប់ពី​ថ្ងៃចន្ទ​ ​រហូតដល់​ថ្ងៃសៅរ៍​ ​ដើម្បី​បង្កើត​សមត្ថភាព​ពី​ថ្នាក់​ជាតិ​ឡើង​ទៅដល់​ថ្នាក់​អន្តរជាតិ​ ​ព្រោះថា​កីឡា​អុកចត្រង្គ​នេះ​ ​ក៏​ត្រូវ​បាន​បញ្ចូល​ជា​វិញ្ញាសា​រ​មួយ​ក្នុង​ការប្រកួតកីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ឬ​ហៅថា​ស៊ី​ហ្គេ​ម​ផង​ដែរ​។​

​លោក​ ហូ​យ​ ​សូ​ណា​ ​ឲ្យដឹង​ថា​ ​កីឡា​មួយ​នេះ​អាច​ប្រកួត​ទៅ​បាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ី​ហ្គេ​ម​ ​លើក​ទី​ ​៣​២​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ទៅ​បាន​ ​លុះត្រាតែ​មាន​ប្រទេស​ចំនួន​៤​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​រ​នេះ​។​ ​រហូត​មកដល់ពេលនេះ​មាន​ប្រទេស​ចំនួន​៣​ ​យល់ព្រម​ចូលរួម​ហើយ​ ​គឺ​ប្រទេស​ថៃ​ ​និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​និង​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ ​ពោល​គឺ​ខ្វះ​តែ​ការចូលរួម​របស់​ប្រទេស​មួយទៀត​គឺ​វិញ្ញាសា​រ​នេះ​នឹង​ត្រូវ​ប្រកួត​បាន​។

​លោក​ ហូ​យ​ ​សូ​ណា​ ​អគ្គលេខាធិការ​រង​សហ​ព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​ ​ឈរ​មើល​កីឡាករ​ជំរើស​ជាតិ​ ​ហ្វឹកហាត់

​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣​២​ ​និង​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២​០​២​៣​ ​នឹង​រៀបចំ​ឡើង​ក្រោម​ពាក្យស្លោក​ “​កីឡា​រស់​ក្នុង​សន្តិភាព​” ​ការ​ប្រកួត​គឺ​ចាប់ពី​ថ្ងៃ​ទី​៥​ ​ដល់​ថ្ងៃ​ទី​១​៧​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​និង​ចាប់ពី​ថ្ងៃ​ទី​១​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​ ​ទីតាំង​ប្រកួត​មាននៅ​ ​រាជធានី​-​ខេត្ត​ចំនួន​៥​ ​មាន​ដូចជា​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​សៀមរាប​ ​ព្រះ​សី​ហ​នុ ​កែប​ ​និង​កំពត​។​ ​អត្តពលិក​ ​៧​,​០​០​០​ ​នាក់​ ​និង​ប្រតិភូ​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជាមួយនឹង​វិញ្ញាសា​រ​កីឡា​ប្រហែល​ ​៤​០​ប្រភេទ​។​

​បើ​ទោះ​ជា​កីឡា​លើក​ក្តារ​បែងក្រឡា​មួយ​នេះ​ ​បាន​ចូល​ជា​វិញ្ញាសា​រ​មួយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ ​ឬ​មិនបាន​ចូលរួម​ក្តី​ប៉ុន្តែ​ក្តី​សង្ឃឹម​របស់​កីឡាករ​អុកចត្រង្គ​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​នៅតែ​មាន​។​ ​លោក​ ​ម៉េង​ ​សេរី​សម្បត្តិ​ ​«​និយាយទៅ​សម្រាប់​ខ្ញុំ​ ​ក៏ដូចជា​កីឡាករ​ជម្រើស​ជាតិ​ផ្សេងទៀត​ ​គឺ​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ត្រៀម​សម្រាប់​ស៊ី​ហ្គេ​ម​យើង​២​០​២​៣​ ​គឺថា​ការ​ហ្វឹកហាត់​ ​សម្ភារ​ ​ទីកន្លែង​ ​អីទាំងអស់​»​៕​