Stand with Cambodia — Together for Our Future
យុវជន-ចំណេះជំនាញ Jul 23, 2021 | 10:53 AM

​បទពិសោធនៃ​ការផ្លាស់ប្តូរ​ការសិក្សា​របស់​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​

​បទពិសោធនៃ​ការផ្លាស់ប្តូរ​ការសិក្សា​របស់​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​

​ដោយ​ យុ​វ​សិស្ស​ ហ្គូ​យ​ ​ជី​ហុ​ក​

​ក្នុងនាម​ជា​សិស្ស​ផ្លាស់ប្តូរ​ការសិក្សា​តាមរយៈ​ ​ICE​S ​Cam​bo​d​i​a​ ​ដំបូង​គេ​ ​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​វា​គឺជា​ពន្លឺ​ដ៏​ចែង​ចាំង​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​ ​។​ ​ខ្ញុំ​បាន​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ ​និង​ខ្លួនខ្ញុំ​មាន​មោទនភាព​។​ ​នៅតាមផ្លូវ​ទៅ​សហរដ្ឋអាមេរិក​ ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​មួយ​រយ​ភាគរយ​ថា​ ​ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ផ្សេង​ ​នៅ​ពេល​បញ្ចប់​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​នេះ​។​ ​ពេល​មកដល់​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​ខ្ញុំ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ម្ដាយចិញ្ចឹម​ ​ឈ្មោះ​ ​T​r​i​c​i​a​ ​បងប្រុស​ ​Land​on ​និង​សិស្ស​ផ្លាស់ប្តូរ​ការសិក្សា​មកពី​ប្រទេស​អេស្ប៉ា​ញ​ ​ឈ្មោះ​ ​D​an​i​e​l​a​។​ ​ពួកគេ​កាន់​ប៉េងប៉ោង​និង​សញ្ញា​ស្វាគមន៍​ខ្ញុំ​ ​ដែល​បាន​ចូល​មក​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួកគេ​។​ ​នៅតាមផ្លូវ​ទៅផ្ទះ​ ​T​r​i​c​i​a​ ​គាត់​បាន​ទិញ​ប៊ឺហ្គឺ​រ​ ​និង​ភេសជ្ជៈ​ឱ្យ​ខ្ញុំ​ញុំា​។​ ​ពេល​យើង​មកដល់​ផ្ទះ​ ​ខ្ញុំ​សប្បាយចិត្ត​ណាស់​ ​ដែល​បានឃើញ​កូន​ឆ្កែ​ពូជ​C​h​i​h​u​a​h​u​a​ ​ឈ្មោះ​ ​Diesel​ ​និង​ឆ្កែ​រោម​វែង​ពូជ​ ​King​ ​Char​l​e​s ​Cavalier​ ​ឈ្មោះ​ ​Bump​us​ ​។​ ​ខ្ញុំ​ត្រូវ​បាន​នាំទៅ​បន្ទប់​របស់​ខ្ញុំ​នៅ​ជាន់​ខាងលើ​ ​ហើយ​យើង​ក៏បាន​ចេញទៅ​លេងបាល់បោះ​។​ ​វា​ងងឹត​នៅ​ខាងក្រៅ​ ​ដូច្នេះ​ខ្ញុំ​គិតថា​ផ្ទះ​នេះ​ស្ថិតនៅ​ឆ្ងាយ​ដាច់ពីគេ​ ​តាមពិត​វា​ស្ថិតនៅ​ក្នុង​សង្កាត់​ដែល​មាន​ផ្ទះនៅ​ជុំវិញ​យើង​គ្រប់​ទីកន្លែង​។​ ​ឪពុកចិញ្ចឹម​របស់​ខ្ញុំ​ ​ឈ្មោះ​ J​a​y​ ​បាន​ត្រលប់​មក​ផ្ទះ​វិញ​ជាមួយ​ឡាន​ដឹកទំនិញ​ធុន​ធំ​របស់​គាត់​ ​ហើយ​បាន​សួរសុខទុក្ខ​ខ្ញុំ​។​ ​ខ្ញុំ​បាន​គេងលក់​ភ្លាម​ៗ​នៅ​ថ្ងៃ​នោះ​។​

​ប្រសិនបើ​មានរឿង​មួយ​ដែល​ខ្ញុំ​គិត​ត្រូវ​នោះ​ ​គឺថា​ឆ្នាំ​ផ្លាស់ប្តូរ​ការសិក្សា​របស់​ខ្ញុំ​ពិតជា​ពោរពេញ​ដោយ​រឿង​អស្ចារ្យ​ជាច្រើន​។​ ​យើង​បាន​ធ្វើដំណើរ​ទៅ​រដ្ឋ​ជាច្រើន​ ​បាន​ជួប​មនុស្ស​ថ្មីៗ​ជាច្រើន​ ​និង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ថែមទៀត​ផង​។​ ​គ្រួសារ​ចិញ្ចឹម​របស់​ខ្ញុំ​ ​បាន​នាំ​ខ្ញុំ​ទៅ​រដ្ឋ​ ​L​ou​i​s​i​an​a​ ​រដ្ឋ​ ​Florid​a​ ​រដ្ឋ​T​ex​as​ ​រដ្ឋ​ ​Color​ado​ ​រដ្ឋ​ ​New​ J​e​rs​e​y​ ​រដ្ឋ​ ​New​ ​Y​ork ​រដ្ឋ​ ​P​h​i​lade​l​p​h​i​a​ ​រដ្ឋ​ ​Main​e​ ​រដ្ឋ​ Bos​ton​ ​រដ្ឋ​ ​V​e​gas​ ​និង​រដ្ឋ​មួយ​ចំនួន​ទៀត​។​ ​ដំណើរ​ក​ម្សាន្ត​ដែល​គួរ​ឱ្យ​ចងចាំ​បំផុត​សម្រាប់​ខ្ញុំ​ ​គឺ​ទៅ​រដ្ឋ​ ​Color​ado​។​ ​នៅ​ខែ​មីនា​ ​ក្នុង​អំឡុង​ពេលឈប់សម្រាក​នា​និទាឃរដូវ​ ​យើង​បាន​ទៅ​ភ្នំ​ ​Copper​ ​នៅ​រដ្ឋ​ ​Color​ado​ ​ដើម្បី​ជិះ​ស្គី​លើទឹក​កក​។​ ​ការធ្វើដំណើរ​តាមយន្តហោះ​របស់យើង​ត្រូវ​បាន​លុបចោល​ ​ដូច្នេះ​យើង​បាន​ធ្វើដំណើរ​តាមផ្លូវ​គោក​ជំនួស​វិញ​។​ ​ខ្ញុំ​បាន​រៀន​ពី​របៀប​ជិះ​ស្គី​ក្នុងរយៈពេល​តែ​ ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ​ហើយ​វា​ជា​ ​បទពិសោធន៍​ដ៏​រីករាយ​បំផុត​។​ ​នៅ​ក្នុង​រដ្ឋ​នីមួយៗ​ ​ខ្ញុំ​បានឃើញ​ទិដ្ឋភាព​ប្លែកៗ​ជាច្រើន​របស់​សហរដ្ឋអាមេរិក​ ​ហើយ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រួសារ​ចិញ្ចឹម​របស់​ខ្ញុំ​ ​ព្រោះ​ខ្ញុំ​មិន​អាច​ទៅលេង​កន្លែង​ទាំងនោះ​បានទេ​ប្រសិនបើ​គ្មាន​ពួកគាត់​។​ ​ពេញ​មួយ​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​ការសិក្សា​របស់​ខ្ញុំ​នៅ​ ​សហរដ្ឋអាមេរិក​ ​ខ្ញុំ​បាន​ជួប​មនុស្ស​អស្ចារ្យ​ជាច្រើន​ ​ហើយក៏​បាន​បង្កើត​មិត្តភក្តិ​ជាច្រើន​។​ ​ខ្ញុំ​បាន​ដឹង​ថា​ ​កីឡា​ពិតជា​រឿង​ដ៏​សំខាន់​មួយ​នៅ​សហរដ្ឋអាមេរិក​ ​ហើយ​មនុស្សជា​ច្រើន​ចូលចិត្ត​កីឡា​។​ ​ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​កីឡា​រត់ប្រណាំង​នៅ​ឯ​សាលា​ ​ហើយ​វា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កាយសម្បទា​រឹង​មាំ​ ​និង​មាន​ភាព​សប្បាយរីករាយ​ក្នុង​ការ​ហាត់ប្រាណ​ ​។​ ​ខ្ញុំ​ក៏បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាច្រើន​ ​ដែល​ពីមុន​ ​ខ្ញុំ​ស្គាល់​តែ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​ ​ខ្ញុំ​បាន​ប្រារព្ធ​ពិធីបុណ្យ​ ​Hallow​e​e​n ​បុណ្យ​ ​Thanks​g​i​v​in​g​ ​បុណ្យ​ ​Christmas​ ​និង​ទិវា​ ​៤​កក្កដា​ (​ទិវា​ឯករាជ្យ​) ​។​ ​ខ្ញុំ​បាន​ញុំា​អាហារ​ម៉ិ​ក​ស៊ិកូ ​ដែល​ខ្ញុំ​មិនធ្លាប់​ញុំា ​ដែល​វា​ជា​រឿង​ធម្មតា​នៅ​សហរដ្ឋអាមេរិក​។​ ​នៅ​ប្រទេស​កម្ពុជា​ ​មាន​អាកាសធាតុ​ក្តៅ​ ​ហើយ​សើម​ ​និង​ភ្លៀង​។​ ​ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​រស់នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​ខ្ញុំ​បានឃើញ​ព្រិល​ជា​លើកទីមួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​ ​ហើយក៏​បាន​ជួប​ព្យុះ​ទឹកកក​អាក្រក់​មួយ​ ​ដែល​អ្វីៗ​ទាំងអស់​ត្រូវ​បាន​កក​ ​ហើយ​គ្របដណ្ដប់​ដោយ​ទឹកកក​ទាំងអស់​ ​។​

​បន្ទាប់ពី​រស់នៅ​បាន​រយៈពេល​ ​៩​ ​ខែ​ ​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ ​ជីវិត​របស់​ខ្ញុំ​បាន​ផ្លាស់ប្តូរ​ទាំងស្រុង​។​ ​វា​បាន​ផ្លាស់ប្តូរ​ទាំង​រូបរាង​ ​និង​ចិត្តគំនិត​របស់​ខ្ញុំ​។​ ​ខ្ញុំ​ធ្លាប់​ជា​មនុស្ស​ខ្មាស់​អៀន​ ​និង​កំសាក​ណាស់​ ​នៅ​ពេល​ខ្ញុំ​មកដល់​សហរដ្ឋអាមេរិក​ដំបូង​។​ ​ខ្ញុំ​មិន​សប្បាយចិត្ត​អំពី​វា​ទេ​ ​ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដាក់​ខ្លួនខ្ញុំ​ក្នុង​ស្ថានភាព​ ​ដែល​ខ្ញុំ​មិនធ្លាប់​ជួបប្រទះ​ពីមុន​។​ ​ខ្ញុំ​បាន​ព្យាយាម​និយាយ​ជាមួយ​មនុស្ស​ផ្សេងៗ​តាមដែល​អាច​ធ្វើ​បាន​ ​ហើយ​ខ្ញុំ​ក៏បាន​រៀន​រស់នៅ​ដោយមាន​ភាព​ឯករាជ្យ​។​ ​ខ្ញុំ​បាន​រៀនសូត្រ​ច្រើន​ពី​មនុស្ស​ផ្សេងៗ​គ្នា​ ​និង​ទស្សនវិស័យ​របស់​ពួកគេ​លើ​អ្វីមួយ​។​ ​ខ្ញុំ​បាន​ផ្លាស់ប្តូរ​រាងកាយ​របស់​ខ្ញុំ​ទាំងស្រុង​ ​ដើម្បី​មើលទៅ​មាំមួន​ ​បន្តិច​។​ ​ខ្ញុំ​កាន់តែ​មានទំនុក​ចិត្ត​ ​និង​រីករាយ​ជាង​មុន​។​ ​យ៉ាងណាមិញ​ ​មេរៀន​សំខាន់​ៗ​ដែល​ខ្ញុំ​បាន​រៀន​ក្នុង​ការផ្លាស់ប្តូរ​ការសិក្សា​នេះ​ ​គឺ​ត្រូវ​បើកចំហ​ចំពោះ​អ្វី​ដែល​ថ្មី​ ​ហើយ​យើង​ត្រូវ​មាន​ភាព​វៀង​វៃ​ ​ចំពោះ​មនុស្ស​ដែល​យើង​អាច​ទុកចិត្ត​បាន​។​

​បទពិសោធន៍​ថ្មីៗ​ទាំងអស់​នេះ​ ​អាច​ធ្វើ​ទៅ​បាន​ដោយសារតែ​គ្រួសារ​ចិញ្ចឹម​របស់​ខ្ញុំ​ ​ជាពិសេស​ឪពុក​ម្តាយចិញ្ចឹម​របស់​ខ្ញុំ​ ​គឺ​ J​a​y​ ​និង​ ​T​r​i​c​i​a​ ​។​ ​ពួកគេ​ជា​វីរបុរស​ ​និង​វីរនារី​ ​នៃ​ឆ្នាំ​ផ្លាស់ប្តូរ​ការសិក្សា​របស់​ខ្ញុំ​ ​ហើយ​បាន​ជួយ​ខ្ញុំ​ ​បង្រៀន​ខ្ញុំ​នូវ​អ្វីៗ​ជាច្រើន​។​ ​T​r​i​c​i​a​ ​តែងតែ​ចាំ​ជួយ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​មាន​បញ្ហា​ណាមួយ​ ​ហើយ​ J​a​y​ ​បាន​បង្រៀន​ខ្ញុំ​ជាច្រើន​អំពី​ការ​កសាង​ទម្លាប់​ល្អ​ ​ផ្នត់គំនិត​ ​និង​ការរៀបចំ​លុយកាក់​។​ ​បងប្អូន​ចិញ្ចឹម​របស់​ខ្ញុំ​ ​តែងតែ​បង្ហាញ​ខ្ញុំ​នូវ​អ្វី​ដែល​ជា​ការ​ពេញ​និយម​នៅ​សហរដ្ឋអាមេរិក​ ​និង​បាន​លើកទឹកចិត្ត​ខ្ញុំ​ឱ្យ​ធ្វើអ្វី​ថ្មី​។​ ​ចំណែក​ឯ​ ​D​an​i​e​l​a​  ​ក៏បាន​បង្រៀន​ខ្ញុំ​ឱ្យ​រៀន​រស់​នៅដោយសប្បាយ​ចិត្ត​។​ ​វា​ពិតជា​ឆ្នាំ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ​ ​៕​