អប់រំ Apr 25, 2019 | 14:09 PM

​នូវ ប៊ុណ្ណារក្សសត្យា ៖ ប្ដូរ​​ទម្លាប់ពី​សរសេរ​អក្សរ​មិន​ស្អាត ទៅ​ជា​អក្សរ​ស្អាត​

image

អ្នក​សិក្សា​ភាគ​ច្រើន មិន​មែន​សុទ្ធ​តែ​អក្សរ​ស្អាតៗ​នោះ​ទេ តែបើ​សរសេរ​អក្សរ​ឱ្យ​ស្អាត​វិញ ក៏​មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​​ឡើយ គឺ​ត្រូវ​ការផ្ចត់ផ្ចង់ យក​ចិត្ត​ទុក​ដាក់ និង​ដឹងគន្លឹះ​ខ្លះៗពី​អ្នក​អក្សរ​ស្អាត​ផង​ដែរ ទើប​អាចកែ​ទម្លាប់​ពី​សរសេរ​អក្សរ​មិន​ស្អាត ទៅ​ជា​អក្សរ​ស្អាត​បាន។

ថ្ងៃ​នេះ នូវ ប៊ុណ្ណារក្សសត្យា បាន​ចែក​រំលែកបទ​ពិសោធ​ស្ដីពី ប្ដូរ​ទម្លាប់​សរសេរ​អក្សរ​មិន​ស្អាត ទៅ​ជា​អក្សរ​ស្អាត ដោយ​ចំណាយ​ពេល​ម្ដងបន្ដិចៗពី២ ទៅ​៣ខែ យ៉ាង​ច្រើន​បំផុត។ ក្នុង​នេះ បណ្ណារក្សសត្យា បាន​ឱ្យ​ដឹងថា ពី​មុនៗមក​ឱ្យ​តែ​សរសេរ​អក្សរ​ម្ដងៗ ត្រូវ​មិត្ត​ភក្ដិ​មួយ​ចំនួន នាំ​គ្នា​សើចចំអក និង​បង្អាប់ជាញយៗ ដោយ​សារតែ​សរសេរ​អក្សរ​អាក្រក់ មិន​ស្អាត​ដូចគេ។ តែ​ចាប់​ផ្ដើម​ដើម​ឆ្នាំ​សិក្សា​នៃ​ថ្នាក់​ទី១២ ខ្លួន​បាន​ប្ដេជ្ញា​ថា នឹង​កែ​ទម្លាប់​ពី​អក្សរ​អាក្រក់ ទៅ​ជា​អក្សរ​ស្អាត​ឱ្យ​ទាល់តែ​បាន។

យុវ​សិស្ស​រូប​នេះ​បញ្ជាក់​ថា ថ្ងៃ​ដំបូង គឺ​ចាប់​ផ្ដើម​សរសេរ​អក្សរ​មួយៗ ហើយ​យឺតៗ​បំផុត តែ​សរសេរ​បែប​នេះ​បាន​ត្រឹម​តែ២ខែ ចាប់​ផ្ដើម​ប្លែក​ខ្លាំង​ទើប​ដឹងថា អក្សរ​ខ្លួន​បាន​វិ​វត្តន៍​ខុស​ឆ្ងាយពីមុនខ្លាំង​​ណាស់ អក្សរក៏​ចាប់​ផ្ដើម​រីក​ចម្រើន​ខ្លាំង ហើយ​មិត្ត​ភក្ដិ​ធ្លាប់​តែ​និយាយ​ថា ពិបាក​អាន និង​ធ្លាប់​តែបង្អាប់​នោះ បែរជា​ភ្ញាក់​ផ្អើល ហើយ​ពោល​ពាក្យ​សរសើរសឹងគ្រប់ៗ​គ្នា​ថា អក្សរ​ស្អាត។

ទឹក​មុខ​ញញិម អម​ដោយ​កាយវិការ​មួយៗ យុវ​សិស្ស​វ័យ​១៨ឆ្នាំ រូប​នេះ​បន្ត​ថា “​ទាំង​នេះ​ជាបទ​ពិសោធ​ផ្ទាល់​របស់​ខ្ញុំ ព្រោះ​តាំង​ពី​ក្រោម​ថ្នាក់​ទី១១ អក្សរ​ខ្ញុំ​ពិត​ជា​ពិបាក​អាន​មែន តែ​នៅ​ពេល​ចាប់​ផ្ដើម​កែ​ទម្លាប់​សរសេរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ អក្សរ​ចាប់​រីក​ចម្រើន​ខ្លាំង ហើយ​លោក​គ្រូ អ្នក​គ្រូ នៅ​ពេល​ឃើញ​អក្សរ​ប្រែប្រួល​បែប​នេះ គាត់​តែង​លើក​ទឹក​ចិត្ត​ខ្ញុំ​ជានិច្ច”។

យុវ​សិស្ស​រូប​នេះ​បន្ថែម​ថា ការ​ប្ដូរ​ទម្លាប់​សរសេរ​បែប​នេះ ប្រៀប​បាន​ដូច​យើង​រៀន​សរសេរ​អក្សរ ក ខ គ ឃ រហូត​ដល់ អ មួយៗ​ឡើង​វិញ​ជា​ដើម​អ៊ីចឹង។ តែ​នៅ​ពេល​រៀន​សរសេរ​យឺតម្ដង​បន្តិចៗ ដោយ​អត់ធ្មត់ ហ្មត់ចត់ និងផ្ចត់ផ្ចង់​​នោះ ច្បាស់​ណាស់​នឹង​ប្រែ​ក្លាយ​ពី​អក្សរ​មិន​ស្អាត ទៅ​ជា​អក្សរ​ស្អាត តែ​នៅ​ពេល​អក្សរ​ស្អាតហើយ​ នោះ​យើង​អាច​សរសេរ​​ឱ្យ​លឿន​ដូច​មុនៗ​វិញ​បាន ហើយ​ស្អាត គួរ​ឱ្យ​ទាក់​ទាញ និង​ចង់​ឱ្យ​អានថែម​ទៀត។

សូម​ជម្រាបថា នូវ ប៊ុណ្ណារក្សសត្យា សព្វ​ថ្ងៃ​នេះ ជា​សិស្ស​ថ្នាក់​ទី១២ នៃ​សាលា​រៀន អន្តរ​ទ្វីប ​អាមេរិកាំង សាខា​ម៉ៅសេទុង។ យុវ​សិស្ស​រូប​នេះ ក៏​ជា​សិស្ស​ពូកែ​គ្រប់​មុខ​វិជ្ជា និង​ជា​សិស្ស​ឆ្នើម ប្រចាំ​សាលា​រៀន អន្តរ​ទ្វីប ​អាមេរិកាំង ផង​ដែរ។ ពោល​ដើម​ឆ្នាំ​សិក្សា រហូត​បច្ចុប្បន្ន​នេះ ប៊ុណ្ណារក្សសត្យា តែង​ទទួល​បាន​និទ្ទេស A មិន​ដែល​ខានម្ដងណា​ឡើយ៕