បុណ្យសែនលោកខែ ជាបុណ្យប្រពៃណីចិន ហើយក៏ជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងសម្បូរបែបរបស់ចិនផងដែរ ។ បុណ្យសែនលោកខែ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុណ្យឆេងម៉េង និងបុណ្យសែននំចាំង ត្រូវបានគេហៅជាទូទៅថា ជាបុណ្យប្រពៃណីធំទាំង ៤ របស់ប្រទេសចិន ។
ប្រភពដើមនៃបុណ្យសែនលោកខែ គឺមានទាក់ទងនឹងរឿង «ព្រះនាងឆាំងអឺហោះទៅឋានព្រះចន្ទ» ក្នុងទេវកថារបស់ចិន ។
តាមតំណាលថា ក្នុងសម័យបុរាណកាលនៅលើមេឃមានព្រះអាទិត្យ ១០ រះឡើងក្នុងពេលតែមួយ ជាហេតុធ្វើឱ្យភពផែនដីស្ទើរតែឆេះប្រជានុរាស្ត្ររងទុក្ខវេទនាខ្លាំង ។ មានបុរសម្នាក់ឈ្មោះ ហូវអ៊ី គាត់មានកម្លាំងខ្លាំងណាស់ ហើយប៉ិនប្រសប់ក្នុងការបាញ់ធ្នូ ។ គាត់ចិត្តសម្រេចដោះស្រាយបញ្ហាប្រឈមនេះជូនប្រជានុរាស្ត្រ ក៏ឡើងលើកំពូលភ្នំឃុនលុន ហើយបាញ់ទម្លាក់ព្រះអាទិ្យឱ្យសល់តែមួយ ដើម្បីរះឡើងនិងលិចចុះតាមពេលកំណត់ក្នុងន័យផ្តល់សុភមង្គលដល់ប្រជានុរាស្ត្រ ។
វីរបុរសហូវអ៊ីទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់ប្រជានុរាស្ត្រ ។ មនុស្សជាច្រើនបានរៀនតាមគាត់ ដើម្បីហាត់ក្បាច់គុន ។ មានមនុស្សម្នាក់ឈ្មោះ ផើងមឹង មានចរិតលោភលន់ ក៏ទៅធ្វើជាសិស្សរបស់ហូវអ៊ីដែរ ។ នាងឆាំងអឺ ដែលជាប្រពន្ធរបស់ហូវអ៊ី មានសម្រស់ស្រស់ស្អាត ហើយមានចិត្តមេត្តាចំពោះប្រជាកសិករ ដែលមានការលំបាកក្នុងជីវភាពរស់នៅត្រូវបានគេចូលចិត្តណាស់ ។
មានថ្ងៃមួយ ទេពធីតាលើភ្នំឃុនលន់បានប្រទានថ្នាំជីវិតអមតៈមួយគ្រាប់ឱ្យហូវអ៊ី ។ ថ្នាំនេះហូបហើយនឹងមានជីវិតអមតៈ ហើយអាចឡើងលើមេឃក្លាយជាទេវតា ។ ប៉ុន្តែហូវអ៊ីមិនចង់ចាកចេញពីប្រពន្ធទេ ។ ដូចនេះគាត់ឱ្យនាងឆាំងអឺរក្សាទុកថ្នាំនេះនៅក្នុងប្រអប់ ។
ផើងមឹងដឹងពីថ្នាំជីវិតអមតៈ ក៏នឹកចង់បានថ្នាំនេះ ។ នៅព្រឹកថ្ងៃទី១៥ ខែទី៨ តាមចន្ទគតិ ហូវអ៊ីនាំកូនសិស្សទៅបរបាញ់ក្នុងព្រៃឈើ ផើងមឹងធ្វើពុកជាឈឺនៅផ្ទះ ។ ដល់ពេលយប់ ផើងមឹងសម្រុកចូលក្នុងផ្ទះហូវអ៊ីបង្ខំឆាំងអឺប្រគល់ថ្នាំជីវិតអមតៈ ។ ឆាំងអឺមិនព្រម ផើងមឹងក៏ឆែកឆេរក្នុងផ្ទះ ។ ពេលឃើញផើងមឹងជិតនឹងបើកប្រអប់ដែលរក្សាទុកថ្នាំ ឆាំងអឺក៏ឆក់យកថ្នាំនោះ ហើយលេបបាត់ទៅ ។ បន្ទាប់មក ឆាំងអឺក៏ហោះឡើងចេញពីបង្អួចទៅកាន់ឋានព្រះចន្ទដ៏ភ្លឺចិញ្ចើច ។
ហូវអ៊ីត្រឡប់មកវិញមិនឃើញប្រពន្ធ ។ គាត់ស្ទុះទៅខាងក្រៅ មើលឃើញនៅលើព្រះចន្ទមានទន្សាយមួយក្បាលកំពុងរត់ទៅមក ប្រពន្ធខ្លួនកំពុងសម្លឹងមើលខ្លួននៅក្បែរដើមកួយ។
ប្រជាកសិករនឹករលឹកព្រះនាងឆាំងអឺ ដែលមានចិត្តមេតា្ត ក៏បានរៀបអាហារ ដែលនាងចូលចិត្តហូបនៅក្នុងទីធ្លាផ្ទះ ដើម្បីសុំឱ្យនាងមានសេចក្តីសុខ ។ ចាប់ពីពេលនោះមក ថ្ងៃទី១៥ ខែ៨ តាមប្រតិទិនចន្ទគតិចិន ក៏ក្លាយជាថ្ងៃបុណ្យសែនលោកខែ ដែលតំណាងនូវភាពជួបជុំគ្នារបស់សមាជិកគ្រួសារ ៕