តាំងពីតូចមក យុវតី ប៉ែន លីសា មិនមែនជាសិស្សដែលរៀនពូកែលើមុខវិជ្ជាផ្នែកវិទ្យាសាស្រ្តពិត ដូចជាគណិត រូប គីមីនោះឡើយ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរក្រោយពេលដែលនាងបានប្តូរមករៀន នៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
ការប៉ុនប៉ងចង់ក្លាយជាស្ថាបត្យករនេះ បានធ្វើឱ្យសិស្សស្រីម្នាក់ ដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះខំរៀនរហូតជោគជ័យលើការប្រឡងបាក់ឌុប ឆ្នាំ២០១៧-២០១៨ ដោយទទួលបាននិទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩,៨៣៦ ក្នុងចំណោមសិស្សនិទ្ធេស A ចំនួន៤០៨ នៅទូទាំងប្រទេស។
តាមពិតទៅសិស្សស្រីម្នាក់នេះ មិនមែនជាសិស្សដែលខិតខំសង្វាតរៀនតាំងពីតូចនោះទេ បានត្រឹមស្ថិតក្នុងតារាងសិស្សរៀនមធ្យមប៉ុណ្ណោះ។ លីសាបាននិយាយ នាងចាប់ផ្ដើមប្រឹងប្រែងរៀនសូត្រនៅថ្នាក់ទី១០ បន្ទាប់ពីប្ដូរមករៀននៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងកំលុងឆ្នាំ២០១៥ ព្រោះតែប្រឈមនឹងបរិយាកាសសិក្សាបែបថ្មីដូចជាវិន័យដ៏តឹងរ៉ឹង។ នាងសារភាពថា មុនថ្នាក់ទី១០ សូម្បីតែមុខវិជ្ជាគណិត រូប និងគីមី អត់ចេះទាំងអស់ ហើយពេលប្រឡងមានគំរូអាក្រក់មួយ គឺបើកសៀវភៅចម្លង។
តើសិស្សស្រីរូបនេះ មានទិចនិក ឬវិធីសាស្រ្តអ្វីខ្លះ ដែលធ្វើឱ្យនាងកែប្រែខ្លួនពីសិស្សមធ្យម មកជាសិស្សឆ្នើម រហូតទទួលបាននិទ្ទេសA?
ដោយមានបំណងចង់ចែករំលែកបទពីពិសោធរៀនរបស់ខ្លួន ដែលជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីពេលកន្លងទៅ យុវតី លីសា បានផ្តល់បទសម្ភាសដល់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ថា លទ្ធផលជោគជ័យនេះកើតចេញពីទម្លាប់នៃការខិតខំប្រឹងប្រែងរៀនសូត្រ បូករួមទាំងការត្រួសត្រាយពីសំណាក់លោកគ្រូ អ្នកគ្រូ មិត្តភក្តិ និងជាពិសេសពីឪពុកម្តាយរបស់គេ។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ប៉ែន លីសា លើកឡើងថា ដើម្បីកុំឱ្យស្ដាយក្រោយ ឬមានវិប្បដិសារីក្នុងការប្រឡងបាក់ឌុប ត្រូវចាប់ផ្ដើមពង្រឹងមូលដ្ឋានគ្រឹះក្រោមឡើងទៅតាមរយៈការប្ដេជ្ញាចិត្ត និងជឿជាក់លើសមត្ថភាពខ្លួនឯងថា នឹងអាចធ្វើបាន។ ការរៀនសូត្រគួររៀនដោយសប្បាយ កុំដាក់សម្ពាធលើខ្លួន តែមិនមែនមានន័យថា ព្រងើយកន្ដើយនឹងការរៀននោះទេ។
តាមបទពិសោធសិស្សឆ្នើមស្រីនេះផ្ទាល់ ការយល់ពីមេរៀន និងខិតខំអនុវត្តលំហាត់បន្ថែម គឺគន្លឹះមួយយ៉ាងសំខាន់ក្នុងការរៀនសូត្រ។
លីសា បញ្ជាក់យ៉ាងដូច្នេះ «ការរៀនសូត្ររបស់ខ្ញុំ ខ្ញុំមានទម្លាប់មួយ គឺមិនចូលចិត្តចាំទេ តែខ្ញុំត្រូវយល់ច្បាស់ពីខ្លឹមសារមេរៀនហ្នឹង។ បើខ្ញុំអត់យល់ អ្វីក៏ខ្ញុំសរសេរអត់ចេញដែរ។ ដូច្នេះពេលខ្ញុំអត់យល់ត្រង់ចំណុចណា ខ្ញុំសួរទៅលោកគ្រូ ឬអ្នកគ្រូភ្លាមៗ។ នៅក្នុងពេលរៀន ខួរក្បាលគិតដល់មេរៀនគ្រូពន្យល់ជាចម្បង ជាពិសេសគឺមុខវិជ្ជាគណិតវិទ្យា ហើយក្នុងមួយសប្ដាហ៍ព្យាយាមធ្វើលំហាត់យ៉ាងហោចណាស់ ក៏៧ ទៅ៨វិញ្ញាសា ដោយក្នុងមួយវិញ្ញាសាត្រូវធ្វើឱ្យហើយក្នុងរយៈពេល១ម៉ោង។»
ចំណែកការរាប់អានមិត្តភក្ដិរៀនពូកែ ក៏ជាចំណុចដ៏សំខាន់មួយក្នុងការរៀនពូកែតាមគ្នាផងដែរ ព្រោះកត្តាមួយនេះបានជំរុញសមត្ថភាពយើង បើមិនបានស្មើ យ៉ាងហោចណាស់ ក៏ខិតទៅប្រកៀកនឹងមិត្តភក្ដិយើងដែរ។ ចំណុចមួយទៀត ដែលមិនអាចមើលរំលងបានដែរនោះ គឺព្យាយាមអានសៀវភៅឱ្យបានច្រើន ហើយសង្ខេបចម្រាញ់យកខ្លឹមសារមេរៀន ដែលយើងយល់ថា វាចំណុចសំខាន់នៅក្នុងមេរៀនមកដាក់ក្នុងខួរក្បាល។
សូមជម្រាបជូនថា កាលពីក្រសួងប្រកាសលទ្ធផលលើកដំបូង យុវតី ប៉ែន លីសា បានត្រឹមនិទ្ទេស D ប៉ុណ្ណោះ ប៉ុន្តែក្រោយពីក្រសួងសើរើលទ្ធផលឡើងវិញ ហើយរកឃើញខុសបញ្ហាបច្ចេកទេសកុំព្យូទ័រ ដែលមិនបានស្រង់ពិន្ទុគណិតវិទ្យា ធ្វើឱ្យយុវតី ប៉ែន លីសា ទទួលបាននិទ្ទេស A វិញ ក្នុងលំដាប់ពិន្ទុ ៩៩,៨៣៦។
សម្រាប់យុវតី លីសា មិនយល់ថា ការសិក្សានៅក្នុងថ្នាក់ គឺជាទីលានប្រកួតប្រជែងចំណេះដឹង ហើយអ្នកណាខ្លាំងនឹងទទួលបានពិន្ទុខ្ពស់នោះទេ ព្រោះសិស្សស្រីម្នាក់នេះតែងតែចូលចិត្តចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក៕