យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ ភាគច្រើនលើកុមារ ដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។ ក្រសួង បន្ដថា ជំងឺនេះកើតមាននៅ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ ហើយក៏ជា ជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។ ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់ ខុសពី ជំងឺជើង និងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែក នៅដៃ ជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ។
ក្រសួងបន្ថែមថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុស កុកសាគី (Coxsacdevirus) ហើយជា ទូទៅបណ្តាលឲ្យមានជំងឺស្រាល ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឱ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់។
ក្រសួងថា ជំងឺនេះជាទូទៅចាប់ផ្តើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល១ ទៅ ២ថ្ងៃ ដោយមានស្នាមចំនុចក្រហមអុចៗ និងខ្លះមាន ពងបែក នៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ។ជួនកាលអ្នកជំងឺ មានតែកន្ទួល ឬ ដំបៅក្នុងមាត់។
ក្រសួងក៏បានលើកឡើងថា ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានរោគសញ្ញាប្រព័ន្ធប្រសាទ និងផ្លូវដង្ហើមជាមួយគ្នា និងវិវត្តទៅរកការស្លាប់ យ៉ាងឆាប់រហ័សបើគ្មានការព្យាបាល សមស្របទាន់ពេលវេលា។ តើជំងឺពងបែកនៅដៃជើង និងក្នុងមាត់អាចការពារបានដោយរ បៀបណា? ជំងឺពងបែកនៅដៃជើង និង មាត់ជាជំងឺឆ្លង ដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ទៀតតាមការប៉ះពាល់ ផ្ទាល់ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃដែលចេញពីពងបែក និង លាមកអ្នកជំងឺ។ អ្នកជំងឺអាចចំលងខ្លាំង បំផុតក្នុងសប្តាហស៍ទី១។ ជំងឺពងបែក ដៃជើង និងមាត់ មិនឆ្លងទៅ ឬ ឆ្លង មកពីសត្វ ឡើយ។
ក្រសួងសុខាភិបាលសូមរំលឹក និងអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននិងគ្រប់ៗគ្នា នូវវិធានការខាងក្រោម អនាម័យល្អ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ពិសេសក្រោយ ពីប៉ះពាល់ ជាមួយ នឹងវត្ថុរាវ នៃផ្លូវដង្ហើម រួមមាន ទឹកមាត់ កំហាក ស្លេស និងសំបោរ ទឹករងៃ ដែលចេញពី ពងបែក និងលាមកអ្នកជំងឺ៕