Stand with Cambodia — Together for Our Future
ប្រលោមជីវិត Mar 19, 2021 | 11:49 AM

​«​អាថ៌កំបាំង​អំណាច​»​ រឿង​ខ្លី​បែបអប់រំ

​«​អាថ៌កំបាំង​អំណាច​»​ រឿង​ខ្លី​បែបអប់រំ

​ស្ថិត​ក្នុង​ភូមិ​ដាច់ស្រយាល​មួយ​ឆ្ងាយ​ដាច់​ពី​ភូមិ​ផ្សេងៗ​ដទៃទៀត​ ​មាន​លោកតា​វ័យ​ចំណាស់​ម្នាក់​ដែល​មានចំណេះ​ចេះដឹង​ជាងគេ​នៅ​ក្នុង​ភូមិ​។​ ​អ្នកភូមិ​គោរព​ស្រឡាញ់​គាត់​គ្រប់​ៗ​គ្នា​។​ ​រាល់​កិច្ចការ​ណា​ដែល​មិន​យល់​ឬ​ឆ្ងល់​ ​គេ​តែងតែ​មក​សួរ​សុំ​យោបល់​ពី​គាត់​មិនដែល​ខាន​។​ ​ជា​រៀងរាល់ថ្ងៃ​អាទិត្យ​ ​លោកតា​តែងតែ​ចំណាយ​ពេល​បន្ដិចបន្ដួច​និទានរឿង​ខ្លី​ៗ​បែប​អប់រំ​ដល់​ក្មេងៗ​ស្ដាប់​។​ ​អាទិត្យ​នេះ​ ​ក្មេងៗ​ទាំង​តូច​ទាំង​ជំទង់​មក​ជួបជុំគ្នា​នៅ​លើ​មុខ​ខ្ទម​របស់​គាត់​។​ ​ក្មេង​ខ្លះ​អង្គុយ​លើ​គល់​ឈើងាប់​ ​ក្មេង​ខ្លះ​អង្គុយលើកៅអី​ ​និង​ក្មេង​ខ្លះទៀត​អង្គុយ​លើ​កន្ទេល​ស្លឹក​ត្នោត​។​ ​លោកតា​ដើរចេញ​ពី​ខ្ទម​ដៃ​ម្ខាង​កាន់​កែវ​ ​ដៃ​ម្ខាង​កាន់​ប៉ាន់តែ​ ​ហើយ​មក​អង្គុយ​លើ​គ្រែ​ក្បែរ​ខ្ទម​។​

 ​លោកតា​៖​ ​អើ​! ​ថ្ងៃនេះ​ ​តា​នឹង​និទានរឿង​ពិសេស​មួយ​ឱ្យ​ចៅ​ៗ​ស្ដាប់​! ​មើល​មាន​ចៅ​ណា​ចង់​ស្ដាប់​រឿង​ខ្លះ​?
 ​ក្មេងៗ​៖​ ​ខ្ញុំ​ៗ​ៗ​ៗ​ៗ​

 ​លោកតា​៖​ ​អើ​! ​បើ​ចង់​ស្ដាប់​រឿង​ ​អ៊ីចឹង​នាំគ្នា​ស្ងាត់​ទៅ​!

 ​ក្មេងៗ​៖​ ​បាទ​ៗ​ៗ​ៗ​តា​

​លោកតា​៖​ ​ថ្ងៃនេះ​លោកតា​នឹង​និទានរឿង​មួយ​ដែល​មាន​ចំណងជើង​ថា​ “​អាថ៌កំបាំង​អំណាច​”! ​កាលពីព្រេងនាយ​ ​មាន​មេទ័ព​ម្នាក់​ពូកែ​និង​ល្បីល្បាញ​ខ្លាំង​ខាង​ធ្វើ​សឹកសង្គ្រាម​។​ ​ការ​ធ្វើ​ស​ង្រ្គា​ម​របស់​គាត់​មិនដែល​ស្គាល់​ពាក្យ​បរាជ័យ​ម្ដងណា​ឡើយ​។​ ​នៅ​ក្នុង​នគរ​ទាំងមូល​តែងតែ​កោតសរសើរ​នឹង​ភាព​ប៉ិនប្រសប់​នៃ​ការ​ធ្វើ​
​សង្គ្រាម​របស់​មេទ័ព​ម្នាក់​ហ្នឹង​ណាស់​។​ ​ថ្ងៃមួយ​មាន​មេទ័ព​ម្នាក់ទៀត​ត្រូវជា​មិត្ដសម្លាញ់​នឹងគ្នា​បាន​មក​សួរនាំ​ពី​ការ​ធ្វើសឹក​ស​ង្រ្គា​ម​ជោគជ័យ​រហូត​ ​និង​មិនដែល​ស្គាល់​ពាក្យ​ថា​បរាជ័យ​ឡើយ​។​ ​សម្លាញ់​មេទ័ព​ ​តើ​គ្នា​អាច​សួរ​ឯង​បន្ដិច​បានទេ​? ​គឺ​អំពី​ការ​ធ្វើ​ស​ង្រ្គា​ម​មិនដែល​បរាជ័យ​ឯង​ ​តើ​សម្លាញ់​បាន​រៀន​ក្បួន​សិល្ប៍​សា​ស្រ្ដ​អ្វី​បានជា​មិនដែល​បរាជ័យ​សោះ​?

​មិន​លាក់បាំង​សម្លាញ់​ឯង​ទេ​ ​ការ​ធ្វើសឹក​ទទួលជោគជ័យ​របស់​គ្នា​ទាំងប៉ុន្មាន​ ​គឺ​បាន​មកពី​អំណាច​នៃ​ស្រ្ដី​ដែល​ស្មោះត្រង់​នឹងគ្នា​ ​ហើយ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ទាំងអស់​ដើម្បី​គ្នា​។​ (​មេទ័ព​មិនដែល​ស្គាល់​បរាជ័យ​និយាយ​)

​ស្រី​! (​មេទ័ព​ជា​សម្លាញ់​លន់​មាត់​) ​ស្រី​ម្នាក់​ណា​ទៅ​សម្លាញ់​? ​ហេតុម្ដេចបានជា​គាត់​ស្ម័គ្រចិត្ដ​ជួយ​ឯង​?

​មែនហើយ​សម្លាញ់​! ស្រ្ដី​ម្នាក់​ដែល​គ្នា​និយាយ​នោះ​ ​គឺ​ម្នាក់​ដែ​លលើក​ទឹក​សម្លាញ់​ឯង​មិញ​ហ្នឹង​។​ ​គាត់​ជា​ស្ដ្រី​ម្នាក់​ដ៏​មាន​​​រូប​សម្រស់​ស្រស់​ស្អាត​ ​ឫកពា​រ​ថ្លៃថ្នូរ​ ​មានចំណេះ​ដឹង​ខ្ពស់​ខ្ពង់​ ​ហើយក៏​ប្រពន្ធ​របស់​គ្នា​ហ្នឹងឯង​។​

​ហេតុ​ដូចម្ដេច​បានជា​សម្លាញ់​ឯង​ថា​ ​ការ​ធ្វើសឹក​ទទួលជោគជ័យ​រហូតមក​ពី​គាត់​ទៅវិញ​? (​ល្បះ​មេទ័ព​ជា​សម្លាញ់​ឈ្លេចសួរ​ចង់​ដឹង​ច្បាស់​)​។​

​មេទ័ព​មិនដែល​ស្គាល់​ពាក្យ​បរាជ័យ​និយាយ​ថា​ ​មិន​មាន​លាក់បាំងអ្វី​ពី​សម្លាញ់​ឯង​ទេ​ ​ការ​ធ្វើសឹក​ស​ង្រ្គា​ម​ទាមទារ​ខ្លាំង​បំផុត​ ​គឺ​កម្លាំងចិត្ដ​ ​ទោះ​ដឹងខ្លួន​បរាជ័យ​តែ​មិន​ចុះចាញ់​ ​តស៊ូ​ច្បាំង​រហូត​ ​មិន​បាក់ទឹកចិត្ដ​ ​មានការ​ជំរុញ​ ​លើកទឹកចិត្ដ​ ​ផ្ដល់​កម្លាំងចិត្ដ​ ​ផ្ដល់​ភាព​កក់ក្ដៅ​ ​នោះ​ហើយ​ជា​ចរន្ដ​ថា​ម​វ​័ន្ត​មួយ​ដែល​រុញ​ឱ្យ​ទទួលជោគជ័យ​រហូត​។​ ​ប្រពន្ធ​របស់​ខ្ញុំ​ដែល​គ្នា​និយាយ​ ​គឺជា​អំណាច​ស្រមោល​នៃ​ជោគជ័យ​របស់​ខ្ញុំ​តែម្ដង​។​ ​ពេល​ខ្ញុំ​បាក់ទឹកចិត្ដ​ ​ពិបាកចិត្ដ​ ​គិត​មិន​ចេញ​ ​ស្មុគ​ស្មាញ​ ​គឺ​មានតែ​គាត់​ម្នាក់​គត់​ដែល​នៅ​កៀក​ខ្ញុំ​ជាងគេ​។​ ​គាត់​ចាំ​ជួយ​ខ្ញុំ​គ្រប់ពេល​វេលា​ទាំងអស់​។​ ​គាត់​ព្រម​ទទួល​ស្ដាប់​នូវ​ទុក្ខវេទនា​ ​និង​សេចក្ដី​ឈឺចាប់​របស់​ខ្ញុំ​ដោយ​គ្មាន​លក្ខខណ្ឌ​។​ ​ខ្ញុំ​ចង់​ប្រាប់​សម្លាញ់​ថា​ ​ជោគជ័យ​អាច​កើត​ទៅ​បាន​ ​គឺ​អាស្រ័យ​ភាពមោះមុត​ ​ការ​ព្យាយាម​ ​ការ​តស៊ូ​ ​ការ​ជម្នះ​ ​ការ​មិនព្រម​ចុះចាញ់​នឹង​ឧបសគ្គ​ជាដើម​។​ ​ពិសេស​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ ​ជោគជ័យ​របស់​ខ្ញុំ​អាច​កើតមានឡើង​ទៅ​បាន​ ​គឺ​ដោយសារ​អំណាច​នៃ​ការគោរព​ស្រឡាញ់​ពី​ប្រពន្ធ​របស់​ខ្ញុំ​។​ ​ទីមួយ​ ​គាត់​ជា​អ្នកធ្វើ​ឱ្យ​គ្រួសារ​មាន​ភាព​កក់ក្ដៅ​ ​មាន​សុភមង្គល​ ​មាន​ភាព​ត្រជាក់ត្រជំ​ ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ដ​គ្រប់ពេល​ដែល​បាន​នៅ​ជាមួយនឹង​គាត់​។​ ​ទីពីរ​ ​គាត់​មាន​មនោសញ្ចេតនា​ស្មោះត្រង់​ចំពោះ​ខ្ញុំ​។​ ​ទីបី​ ​គាត់​មាន​សេចក្ដី​អត់ធ្មត់​ ​ស៊ូទ្រាំ​គ្រប់បែបយ៉ាង​ ​គាត់​ចេះ​ទប់​កំហឹង​ខ្ញុំ​ ​គាត់​មិន​ចេះ​ខឹង​ច្រឡោត​ផ្ដេសផ្ដាស​នៅពេលដែល​ខ្ញុំ​មាន​សម្ដី​មិន​ល្អ​ដាក់​គាត់​ ​ខណៈ​ខ្ញុំ​មួ​មៅ​ពី​កិច្ចការ​ធ្វើ​ស​ង្រ្គា​ម​។​ ​ផ្ទុយទៅវិញ​គាត់​បែរជា​យកចិត្ដទុកដាក់​ជាមួយនឹង​ខ្ញុំ​ ​ផ្ដល់​ជា​គំនិត​ ​វិធី​សា​ស្រ្ដ ​យុទ្ធ​សា​ស្រ្ដ​ល្អ​ៗ​ឱ្យ​មក​ខ្ញុំ​ដោយ​ទឹកមុខ​ញញឹម​ទៅវិញ​។​ ​ទី​បួន​ ​គាត់​ក្លាហាន​ ​អង់អាច​ ​មិនថា​ក្នុង​កាលៈទេសៈ​ណា​ទេ​ ​គាត់​ព្រម​ស្លាប់រស់​ជាមួយនឹង​ខ្ញុំ​។​ ​ចំណុច​ទាំងនេះ​ហើយ​ ​ដែល​ខ្ញុំ​ឈ្នះ​ៗ​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​។​

​គ្នា​យល់​អស់ហើយ​សម្លាញ់​! ​នេះ​គឺ​មកពី​សម្លាញ់​ឯង​មាន​ទីប្រឹក្សា​ដ៏​ល្អ​ម្នាក់​ ​ដូច្នេះ​ទើបបាន​ជា​សម្លាញ់​ឯង​ធ្វើសឹក​ស​ង្រ្គា​ម​មិនដែល​បរាជ័យ​សោះ​ ​គឺ​មកពី​កម្លាំង​ដ៏​ខ្លាំងក្លា​ដែល​នៅ​ពីក្រោយខ្នង​សម្លាញ់​មិន​ចេះ​ស្រុត​។​ ​គ្នា​សូម​កោតសរសើរ​នូវ​វីរៈ​ភាព​របស់​ភរិយា​សម្លាញ់​ឯង​ដែល​ស្មោះត្រង់​ ​អង់អាច​ ​និង​រួម​ស្លាប់រស់​ជាមួយនឹង​សម្លាញ់​ឯង​ជាដរាប​។​

​ត្រឹមត្រូវ​ណាស់​សម្លាញ់​ ​នេះ​គឺជា​អំណាច​អាថ៌កំបាំង​របស់​ខ្ញុំ​។

​ក្រោយ​ពី​ស្ដាប់​រឿង​នេះ​ចប់​ ​តើ​ចៅ​ៗ​យល់​យ៉ាងណា​ដែរ​ចំពោះ​រឿង​នេះ​? (​លោកតា​សួរ​)​៕​

​និពន្ធ​ដោយ​៖​ អឿ ​ស៊ីណា​

​ថ្ងៃ​ទី​១​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​