មិនមែនជារឿងធម្មតា ហើយក៏មិនមែនជារឿងលេងសើចដែរ ដែលអ្នកសិក្សាត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបាននូវផ្លែផ្កាដ៏ល្អ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ផ្លែផ្កាល្អទាំងនេះ ក៏មិនមែនបានដោយងាយៗនោះទេ គឺបានដោយខិតខំយ៉ាងសស្រាក់សស្រាំបំផុត ក្នុងការសិក្សា និងក្រេបជញ្ជក់ចំណេះដឹងគ្រប់ទិសទី ដើម្បីឱ្យការសិក្សាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ប៉ុន្តែ ការសិក្សាល្អប្រសើរទៅបាន យើងមើលឃើញថា ក៏មានការរួមចំណែកពីមជ្ឈដ្ឋាននៅជុំវិញផងដែរ។ តែបើក្រឡេកមើលបេក្ខនារី ប្រឡងជាប់និទ្ទេស A នៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្មីៗនេះ បានប្រាប់អ្នកសារព័ត៌មានថា លទ្ធផលយ៉ាងគាប់ប្រសើរនេះ ក៏មានការរួមចំណែកយ៉ាងសំខាន់ចំនួន ៣ កត្តា ផងដែរ។
គួររម្លឹកថា ជា ស្រីនា ជាសិស្សឆ្នើមមកពី សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលប្រឡងជាប់និទ្ទេស A ដោយលំដាប់ពិន្ទុ 99.951 នាសម័យប្រឡងថ្ងៃទី២០ សីហា ២០១៨ កន្លងទៅ…
ក្នុងចំណោម៣កត្តា សំខាន់ៗទាំងនេះ ស្រីនា បានបញ្ជាក់ថា កត្តាទី១ គឺក្រុមគ្រួសារ ដែលមានឪពុកម្ដាយជាចម្បង។ ស្រីនា បន្តថា បើគ្មានឪពុកម្ដាយទេ ការសិក្សាក៏មិនអាចជោគជ័យទៅបានដែរ។ ព្រោះពួកគាត់បានបញ្ជូនមកសិក្សានៅសាលាល្អ ដែលមានគុណភាព ហើយតែងលើកទឹកចិត្ត និងផ្ដល់ឱកាសក្នុងការសិក្សាជារឿយៗ។
បេក្ខជននិទ្ទេស A ដដែលរូបនេះបន្ថែមថា កត្តាទី២ គឺកត្តាខ្លួនឯង ព្រោះថា គ្មាននរណាអាចជួយខ្លួនឯង ឱ្យប្រសើរជាងខ្លួនឯងឡើយ។ យើងជាអ្នកកំណត់ជោគវាសនាដោយខ្លួនឯង ឧទាហរណ៍ បើចង់បាននិទ្ទេស A គឺទាល់តែខំប្រឹងប្រែងរៀនសូត្រ ស្រវាស្រទេញក្នុងការសិក្សា ស្រាវជ្រាវ អនុវត្តលំហាត់ តាំងពីដើមឆ្នាំ រហូតចុងឆ្នាំ… ភាពវៃឆ្ងាតក្នុងការសិក្សា និងជ្រើសដៃគូក្នុងការរៀនសូត្រជាដើម។
សិស្សឆ្នើមរូបនេះបន្តថា កត្តាទី៣ គឺកត្តាសាលារៀន ខណៈសិក្សាក្នុងថ្នាក់រៀន គឺពោរពេញទៅដោយលោកគ្រូ អ្នកគ្រូល្អៗ ដែលចាំបំពេញភាពខ្វះខាត និងផ្ដល់ចំណេះដឹងផ្សេងៗជាដើម។ ចំពោះបរិវេណសាលា គឺពោរពេញទៅដោយសោភណ្ឌ មានអនាម័យល្អ បរិស្ថានប្រកបដោយផាសុកភាព។ ពិសេស ជាគ្រឹះស្ថានផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្មខ្ពស់…ពោលជាសាលា ដែលមានវិន័យតឹងរ៉ឹងបំផុត។
យុវតី ដែលគេសរសើរថា មានសម្រស់ស្រស់ស្អាតរូបនេះបញ្ជាក់បន្ថែមថា សាលាដែលមានវិន័យតឹងរ៉ឹងបែបនេះហើយ បានជាធ្វើឱ្យគេរៀនពូកែ និងទទួលបាននិទ្ទេស A បែបនេះ។ ព្រោះថានៅក្នុងថ្នាក់ ខណៈប្រឡងម្ដងៗ គឺមិនអាចបើកចម្លង ឬលួចចម្លងគ្នាបានឡើយ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យខ្លួនរៀនពូកែ ហើយប្រឡងថ្នាក់ជាតិ មិនពឹងផ្អែកលើអ្នកដទៃ ឡើយ។
ស្រីនា ផ្ដាំផ្ញើដល់មិត្តភក្ដិ ដែលប្រឡងឆ្នាំនេះមិនជាប់ថា មិនត្រូវអស់សង្ឃឹមឡើយ ហើយក៏មិនគួរបោះបង់ការសិក្សាចោលដែរ គឺគួរតែបន្តសិក្សាមួយឆ្នាំទៀត។ បើពុំនោះទេ អាចប្រឡងស្វ័យរិន ឬរៀនបរិញ្ញាបត្ររង ឬក៏ចាប់ជំនាញវិជ្ជាជីវៈណាមួយជាដើម។ ព្រោះថា អ្នកខ្លះមិនជោគជ័យទៅនឹងការសិក្សាទេ តែគេជោគជ័យទៅលើជីវិតការងារ តែអ្នកខ្លះជោគជ័យទៅនឹងជីវិតរៀនសូត្រ តែមិនជោគជ័យនឹងការប្រកបរបររកស៊ីប្រចាំជីវិតឡើយ។ ដូច្នេះ បើដួលចំណុចណា ត្រូវក្រោកឡើងវិញ ហើយព្យាយាមដើរទៅមុខជានិច្ច….