យុវជន-ចំណេះជំនាញ Apr 29, 2019 | 13:10 PM

ឱកាស​សិស្ស​បញ្ចេញ​សមត្ថភាព លើ​ការ​ប្រកួត​ចំណេះដឹង វប្បធម៌ អរិយធម៌​ខ្មែរ

image

សាលារៀន អន្តរទ្វីប អាមេរិកាំង គ្រប់​សាខា បាន​ប្រកាស​ទទួល​ចុះ​ឈ្មោះ​សិស្សានុសិស្ស​ដែល​មាន​បំណង​ចង់​បញ្ចេញ​សមត្ថភាព​លើ​ចំណេះដឹង​ផ្នែក វប្បធម៌ អរិយ​ធម៌​ខ្មែរ ដើម្បី​ប្រកួត​ប្រជែង​ដណ្ដើម​យក​ពាន​រង្វាន់ ម៉េងលី ជេ. គួច លើក​ទី​៦។ បេក្ខជន​មាន​សិទ្ធិ​ចូល​រួម​ប្រកួតក្នុង​កម្ម​វិធី​​ចំណេះដឹង​​នេះ​ ត្រូវ​តែ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៧​ដល់​ថ្នាក់​ទី​១២ នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង។

តាម​ការ​ឱ្យ​ដឹង​ពី​គណៈ​គ្រប់​គ្រង​ ការ​​ប្រកួត​​ចំណេះដឹង ផ្នែក​​វប្បធម៌ អរិយធម៌ ពាន់រង្វាន់ ម៉េងលី ជេ. គួច រៀប​ចំ​ដោយ​សាលារៀន អន្តរទ្វីប អាមេរិកាំង គឺ​ជា​កម្ម​វិធី​ប្រកួត​ចំណេះដឹង​ពិសេស​មួយ ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​ឱកាស​ដល់​សិស្ស​​បញ្ចេញ​សមត្ថភាព​លើ​ប្រកួត​ប្រជែង​ចំណេះដឹង វប្បធម៌ អរិយធម៌ខ្មែរ។

សូម​ជម្រាប​ជូន​ថា ចំពោះ​​ការ​ទទួល​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ចំណេះដឹង​វប្បធម៌ អរិយធម៌ ម៉េងលី ជេ. គួច ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់​​ថ្ងៃ​ទី​២១​ ឧសភា ២០១៩ នៅ​តាម​ការិយាល័យ​កិច្ចការ​សិស្ស នៃ​អគារ​សិក្សា​រៀងៗ​ខ្លួន ហើយ​វគ្គ​ជម្រុះ​ជុំ​ទី​១ និង​ជម្រុះ​ជុំ​ទី​២ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨ មិថុនា ២០១៩ នៅ​តាម​អគារ​នៃ​សាខា​រៀងៗ​ខ្លួន​ផង​ដែរ។ ដោយ​ឡែក វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ មិថុនា ២០១៩ នៅ​សាល​ប្រជុំ ផល គួច នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ទួល​គោក ចាប់​ពី​ម៉ោង​៨ ដល់​ម៉ោង​១១​ព្រឹក។

បេក្ខជន​ដែល​ជ័យលាភី​ក្នុង​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ទទួល​បាន​ពាន​រង្វាន់​ជា​ទី​គាប់​ប្រសើរ​ពី​គ​ណៈគ្រប់​គ្រង​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង។ ​ក្នុង​នោះ​បេក្ខជន​ជាប់​ជ័យលាភី​លេខ១ នឹង​ទទួល​បា​​ន​អាហារូបករណ៍​១០០% ពាន​រង្វាន់​មេដាយមាស បណ្ណសរសើរ និង​វត្ថុ​អនុស្សាវរីយ៍។ ​លេខ២​ ទទួល​បាន​អាហារូបករណ៍​៧៥% ពាន​រង្វាន់​មេដាយប្រាក់ បណ្ណ​សរសើរ និង​វត្ថុ​អនុស្សាវរីយ៍ និង​លេខ៣ ទទួល​បាន​អាហារូបករណ៍​៥០% មេដាយ​សំរឹទ្ធ បណ្ណ​សរសើរ និង​វត្ថុ​អនុស្សាវរីយ៍៕