បើយើងចង់បណ្ដុះបញ្ញវន្ត បណ្ដុះការរកស៊ីដល់កូនខ្មែរ គឺលំបាកលំបិនបំផុត ប្រសិនបើបញ្ហាសង្គមរ៉ាំរ៉ៃនៅតែបន្តជះឥទ្ធិពលទៅលើសង្គមគ្រួសារ។ កូនខ្មែរប៉ុន្មាននាក់ដែលដឹងពីការរកស៊ី តើការរកស៊ីអាចទៅមុខមិនរួចទេប្រសិនបើពួកគេមិនបានចូលសាលារៀន ហើយអាចរៀនទៅកើតទេប្រសិនបើគ្មានលុយ ម៉ែឪលែងលះគ្នា នាំកូនកំព្រា បាត់បង់ជន្ទល់ ខ្វះភាពកក់ក្ដៅនោះ។ នេះទស្សនៈមើលឃើញរបស់ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។
ថ្លែងក្នុងវេទិការ «បរាជ័យដែលនៅពីក្រោយជោគជ័យ» រៀបចំដោយ CamEd Business School នៅថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថា មូលហេតុដែលកូនខ្មែរមួយចំនួនមិនបានចូលសាលារៀនសូត្រ ជាទូទៅគឺបណ្ដាលមកពីកត្តាទាំងនេះ។ បញ្ហារ៉ាំរ៉ៃរបស់សង្គមគ្រួសារ មិនត្រឹមតែធ្វើឱ្យក្មេងមិនបានចូលសាលាប៉ុណ្ណោះទេ តែធ្វើឱ្យក្មេងបាត់បង់ឱកាសលូតលាស់ ឬរីកចម្រើនក្នុងសង្គម។
លោកឧកញ៉ា គួច ម៉េងលី មានប្រសាសន៍ថា «ខ្លះមិនធំពេញវ័យស្រួលបួលផង ចាប់ផ្ដើមទៅធ្វើកម្មករជាមួយគេ ពេលបើកលុយមកគេស៊ីក្បាលកាក់ ហើយគេប្រើខ្ទេចអស់សាច់។ ដល់ពេលអាយុ២០ ចាស់សឹងតែស្មើនឹងតាទៅហើយ។ ប្រសិនកូនស្រីវិញ គេយកទៅបម្រើគេនៅតាមផ្ទះ មិនដែលស្គាល់ពន្លឺយ៉ាងដូចម្ដេច។ មួយជីវិតកូនស្រី ប្រសិនបើតែបែបនេះ តើមានកន្លែងណាដែលភ្លឺស្វាង»។
លោកបន្តថា តាមពិតស្រុកខ្មែរមិនរហេមរហាមដល់ថ្នាក់នេះទេ។ ប្រទេសខ្មែរឥឡូវមានភាពសម្បូរសប្បាយ មានការអភិវឌ្ឍខ្លាំងណាស់ មិនថាបុរសឬនារីទេ ពេលចូលហាងទទួលទានម្ដងៗ ហៅអាហារមួយតុមានតម្លៃរាប់ម៉ឺន គ្រាន់តែស្រាមួយដបមានតម្លៃរាប់ពាន់ក៏មានដែរ។
លោកឧកញ៉ា គួច ម៉េងលី យល់ឃើញថា ក្មេងម្នាក់ តាមពិតគេយកចិត្តទុកដាក់បណ្ដុះបណ្ដាលណាស់ គេតាមមើលថែរហូតចប់វិទ្យាល័យ ដើម្បីឱ្យគេក្លាយជាយុវបញ្ញវន្តមួយរូប មានផ្លូវដើរសម្រាប់ខ្លួនឯង។ លើសពីនេះ គេថែមទាំងបង្កើតការងារ វិជ្ជាជីវៈ ឬជំនាញបច្ចេកទេសសម្រាប់ពួកគេទៀតផង ពោលគឺគេមិនដែលបណ្ដុះក្មេងតាំងពីថ្នាក់មត្តេយ្យរហូតឡើងមកជិតដល់លើទៅហើយ បែរជាទម្លាក់គ្នាចុះទៅវិញអស់សឹងពាក់កណ្ដាលនោះទេ។
លោកចោទសួរថា បើដូច្នេះ! តើអនាគតក្មេងដែលគេទម្លាក់ស្ទើរតែពាក់កណ្ដាលជារៀងរាល់ឆ្នាំទៅជាយ៉ាងណា? តើអ្នកប្រឡងធ្លាក់មានអ្នកយកចិត្តទុកដាក់ដែរឬទេ បើសូម្បីតែអ្នកតម្រង់ទិស ឬអ្នកប្រឹក្សាយោបល់ក៏គ្មានដែរនោះ។ នេះនៅមិនទាន់និយាយដល់ការបាក់ទឹកចិត្តរបស់សិស្សានុសិស្សពេលប្រឡងធ្លាក់ត្រូវគេស្ដីបន្ទោសផង។
ការនិយាយបែបនេះ លោកមិនបានមានន័យថា ប្រមុខថ្នាក់ដឹកនាំព្រងើយកន្តើយ ឬមិនបានយកចិត្តដាក់នោះទេ ប៉ុន្តែការណ៍ធ្វើម្នាក់ឯងមិនអាចទៅរួចទេ ប្រសិនបើយើងទាំងអស់គ្នាមិនចូលរួមដោះស្រាយ ជាពិសេសត្រូវការស្ថាប័នពាក់ព័ទ្ធនានាធ្វើដោយស្មោះអស់ពីចិត្ត៕