លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងនៅក្នុងសិក្ខាសាលាកាលពីកន្លងទៅថា «ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបចង់ឃើញកូនខ្មែរដែលជាយុវជនជំនាន់ក្រោយខ្ពស់មុខខ្ពស់មាត់ មានកិត្តិយសនៅលើឆាកអន្តរជាតិ តែមិនចង់ឃើញយុវជនយើងខ្លបខ្លាចជនបរទេសជ្រុលខ្លាំងនោះទេ»។ លោកឧកញ៉ា វេជ្ជបណ្ឌិត មានប្រសាសន៍បែបនេះ បន្ទាប់ពីលោកសង្កេតឃើញថា កូនខ្មែរភាគច្រើននៅពេលឃើញជនបរទេសម្ដងៗ គឺតែងធ្វើខ្លួនស្ញោរៗ ញ័រខ្លបខ្លាច ញញើតបាក់ស្បាត ដោយឥតហ៊ានមើលមុខចំៗដល់ពួកគេទាំងនោះឡើយ។
ចំពោះយុវជនដែលខ្លបខ្លាច ញញើតបាក់ស្បាតជនបរទេសទាំងនោះ បើតាមស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដដែលបានមានប្រសាសន៍ថា ដោយសារបច្ចុប្បន្ននេះ បរទេសមកធ្វើការនៅកម្ពុជា គឺភាគច្រើនយុវជនយើងតែងចាញ់ប្រៀបគេជានិច្ច។ ការចាញ់ប្រៀបគេនេះ ត្រូវបានលោកឧកញ៉ា វេជ្ជបណ្ឌិត ពន្យល់ដូច្នេះថា ដោយសារកូនខ្មែរយើងមួយចំនួនមិនយល់ពីតម្លៃខ្លួនឯង ដោយឱ្យតម្លៃខ្ពស់ទៅលើបរទេស ព្រោះជនបរទេសភាគច្រើននៅស្រុកខ្មែរ សុទ្ធតែជាថៅ ហើយក្រុមហ៊ុនក្នុងស្រុកភាគច្រើនក៏ជារបស់បរទេសដែរ។
ត្រង់ចំណុចនេះ ម្ចាស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង រូបនេះអះអាងថា ទោះបរទេសមកពីណាក៏ដោយមិនមែនសុទ្ធតែល្អទាំងអស់នោះទេ ក៏មានបុគ្គលឈ្លើយ មនុស្សប៉ោឡែអាវ៉ាសែ ធ្វើជាចោរលួច ចោរប្លន់ ខ្លះមានទាំងជួញដូរខុសច្បាប់ទៀតក៏មានដូចយើងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកជំនាញវិស័យអប់រំដដែលបានលើកជាសំណួរដោយងឿងឆ្ងល់ដូច្នេះថា បើបរទេសមានបុគ្គលខ្លះមិនល្អដូចយើងដែរ តើហេតុអ្វីមកស្រុកខ្មែរតែងតែឱ្យពួកគេធ្វើធំ ហើយផ្ដល់អាទិភាពទីផ្សារការងារខ្ពស់ម្ល៉េះ?
ស្របទៅនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានស្នើដល់ម្ចាស់ស្ថាប័នទាំងឡាយឱ្យប្ដូរគំនិតដែលតែងគិតថា ឱ្យតែជនបរទេសសុទ្ធតែមានសមត្ថភាពខ្លាំងជាងកូនខ្មែរ គឺមិនពិតដូចការលើកឡើងតៗគ្នានោះទេ។ វាគ្មិនដដែលបានស្រាយបញ្ជាក់ដូច្នេះថា ជនជាតិខ្មែរយើងជាច្រើនក៏មានសមត្ថភាពខ្លាំងមិនចាញ់ជនបរទេសនោះទេ តែពេលខ្លះខ្សោយក៏ដោយសារយុវជនខ្មែរយើងមួយចំនួនគ្មានឱកាសរៀនសូត្រដូចគេតែប៉ុណ្ណោះ។
ទាក់ទិននឹងការសិក្សារៀនសូត្រនេះ អ្នកជំនាញវិស័យអប់រំដដែលបានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នេះ ឱកាសដ៏ល្អរបស់កូនខ្មែរ គឺគ្មានអ្វីប្រសើរជាងការសិក្សារៀនសូត្រនោះទេ ព្រោះវិស័យអប់រំ ធ្វើឱ្យយុវជនខ្មែរមានចំណេះដឹង ចំណេះធ្វើ បទពិសោធទូលំទូលាយនៅក្នុងជីវិត និងរួមចំណែកអភិវឌ្ឍសង្គមជាតិបាន។ លោកឧកញ៉ា វេជ្ជបណ្ឌិត បញ្ជាក់ថា បរទេស គឺជាអ្នកនៅក្រៅប្រទេស ឬអ្នកមកពីប្រទេសដទៃតែប៉ុណ្ណោះ មិនមែនជាបុគ្គលឆ្លាតជាងយើង ពូកែជាងយើង ឬអស្ចារ្យជាងយើងទាំងអស់គ្រប់រឿងនោះទេ។ ដូច្នេះ គួរកុំផ្ដល់តម្លៃទៅលើជនបរទេសខ្ពស់ ជាជាងជាតិសាសន៍ខ្លួនឯងពេក ព្រោះជនបរទេសខ្លះ ក៏ដូចអ្នកបរទះអ៊ីចឹងដែរ៕