នេះគឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយដែលតំណាងឱ្យការទទួលស្គាល់នូវសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌របស់អ្នកឧកញ៉ា គួច ម៉េងលី ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍរបស់សង្គមនិងមនុស្សជាតិ ជាពិសេសតាមរយៈការចូលរួមចំណែកជួយសង្គមជាច្រើនតាមការចែកអំណោយ សាងសង់សាលារៀន ជ្រោមជ្រែងក្នុងវស័យអប់រំជាមួយរាជរដ្ឋាភិបាល ឬជាសប្បុរសជនជាដើម។
គ្រឿងឥស្សរិយយសនេះដែរ ត្រូវបានប្រគល់ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
គួរបញ្ជាក់ថា គ្រឿងរាជឥស្សរិយយស ឬមេដាយ «ជាតូបការ» ត្រូវបានបង្កើតជាថ្មីឡើងវិញដោយព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៩៥។ គ្រឿងរាជឥស្សរិយយសជាតូបការនេះ ស្ថិតក្នុងប្រភេទគ្រឿងរាជឥស្សរិយយស «មាតុប្រទេស» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា រជ្ជកាលបច្ចុប្បន្ន។
គ្រឿងរាជឥស្សរិយយសជាតូបការ ឬមេដាយជាតូបការ សម្រាប់បំពាក់ជូនវរជនដែលមានគុណូបការៈដ៏ឧត្ដុង្គឧត្ដម ក្នុងការបម្រើមាតុប្រទេស ដើម្បីបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជាតិ តាមរយៈព្រះរាជក្រឹត្យ ក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រី ហើយត្រូវប្រទានដោយព្រះមហាក្សត្រិយ៍ ឬដោយព្រះរាជតំណាង។
បច្ចុប្បន្ននេះ គ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ក៏អាចត្រូវបានផ្ដល់ជូនឥស្សរជនឆ្នើមទាំងឡាយណា ដែលមិនស្ថិតក្នុងក្របខ័ណ្ឌការងារមន្ត្រីរាជការបានផងដែរ ឱ្យតែឥស្សរជនទាំងនោះ ពួកគាត់មានស្នាដៃអភិវឌ្ឍជាតិ និងបានចូលរួមជាធនធានផ្ទាល់ខ្លួន ជួយសង្គមជាតិជាមួយរាជរដ្ឋាភិបាល។
សូមជម្រាបជូនថា អ្នកកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់សព្វព្រះរាជហប្ញទ័យប្រោស ព្រះរាជទាននូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់ មហាសេនា និងបានចេញព្រះរាជក្រឹត្យ តែងតាំងជា «ឧកញ៉ា» ចាប់តាំងពី ឆ្នាំ២០០៩ មក និងគោរម្យងារជា អ្នកឧកញ៉ា ក្នុងឆ្នាំ២០២១ ដើម្បីជាកិច្ចតបស្នង នូវទឹកចិត្តសប្បុរសធម៌ ដែលលោកបានបរិច្ចាសម្រាប់ប្រទេសជាតិ។ អ្វីកាន់តែពិសេសទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានទទួលសេចក្តីប្រកាសនីយប័ត្រគោរម្យ៍ងារជា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ពីសម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា៕