ប្រជាជនខ្មែរនៅតាមទីជនបទសឹងតែគ្រប់ផ្ទះ ឱ្យតែដល់រដូវបិណ្ឌភ្ជុំជួបជុំកូនចៅ គឺតែងតែវិចនំអន្សមនិងនំគម នំបត់ ពុំដែលខកខាន ដើម្បីយកទៅប្រគេទព្រះសង្ឃ អមនឹងបាយសម្ល រួមទាំងគ្រឿងទេយ្យទានផ្សេងៗ ជាទីសក្ការៈបូជាដល់ជីដូនជីតាផងដែរ។
កំពុងញាប់ដៃញាប់ជើងវិចនំអន្សមខ្មែរ អ្នកស្រី ពិន លក្ខិណា ម្ចាស់ហាង ដានីញែល ផ្ទះនំខ្មែរ ដែលប្រកបរបរវិចនំអន្សមខ្មែរលក់អស់រយៈពេល១៦ឆ្នាំមកហើយ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃអ្នកស្រីវិចនំដោយប្រើអង្ករអស់ខ្ទង់៦០គីឡូក្រាម ហើយនំដែលអ្នកស្រីវិចមានដូចជា នំអន្សមចេក នំអន្សមជ្រូក នំអន្សមខ្នុរ នំគម នំស្នូលពងទាប្រៃ នំសាំងវិច និងនំស្លឹកគ្រប់ប្រភេទ ហើយនំដែលលក់ដាច់ច្រើនជាងគេគឺនំអន្សមស្នូលពងទាប្រៃ។
អ្នកស្រី លក្ខណា បញ្ជាក់ថា «ថ្ងៃខ្លះអាចវិចលើស៦០គីឡូអង្ករក៏មាន ដោយសារមានអ្នកកុម្ម៉ង់ទិញច្រើន ហើយរដូវបិណ្ឌភ្ជុំនេះលក់ដាច់ណាស់ អ្នកខ្លះមកកុម្ម៉ងមុនដល់ទៅមួយអាទិត្យ ហើយភាគច្រើនគឺជាម៉ូយចាស់ដែលធ្លាប់ទិញ និងតេមកកុម្ម៉ងក៏មាន។ បើលក់រាយវិញ ភាគច្រើនអ្នកទិញទៅវត្ត គឺគាត់ទិញជាឈុតមាន នំអន្សមជ្រូក២ នំអន្សមចេក២ នំគម១០ នំបត់១០ អ្នកខ្លះក៏ទិញយកទៅហូបដែរ។
សម្រាប់ដំណើរការជួយធ្វើ ចម្អិន និងចងរុំនំវិញ អ្នកស្រី លក្ខណា ថា រាល់ថ្ងៃមានគ្នាចងរុំនំ៥នាក់ និងជួយចម្អិនជារៀងរាល់ថ្ងៃដោយប្រើឆ្នាំង៤ដើម្បីចម្អិន ដោយឆ្នាំងមួយអាចដាក់បាន៣០នំ ហើយមួយថ្ងៃចម្អិន៣ដង។ ដូចនេះមួយថ្ងៃអ្នកស្រីអាចចម្អិននំបានរហូតដល់ជាង៣០០នំ ចំនួននេះអ្នកស្រីមិនបានរាប់បញ្ចូលនំគម នំបត់ និងនំអន្សមចេកឡើយ។
ងាកមកអ្នកទិញនំអន្សមខ្មែរយកទៅហូប លោក ទិត្យ បានប្រាប់ថា«ខ្ញុំមិនមែនជាអ្នករស់នៅម្ដុំនេះទេ តែខ្ញុំតែងតែជិះកាត់តាមផ្លូវនេះជារៀងរាល់ថ្ងៃ ហើយខ្ញុំក៏ឈប់ទិញនំនេះជាញឹកញាប់ដែរ ព្រោះថានំអន្សមរបស់គាត់មានរសជាតិឆ្ងាញ់ មើលទៅមានអនាម័យ សូម្បីតែប្រព្ធខ្ញុំក៏សសើរដែរ»។
ម្ចាស់ហាង ដានីញែល ផ្ទះនំខ្មែរ ក៏បានឱ្យដឹងទៀតថា លក្ខណ:ពិសេសដែលធ្វើឱ្យនំរបស់គាត់លក់ដាច់នោះ គឺវាមានរសជាតិឆ្ងាញ់ ហើយការធ្វើនំ គឺមិនសំចៃគ្រឿងឡើយ ហើយអង្ករដំណើបដែលយកមកវិចក៏មានគុណភាពល្អ អាចរក្សានំបានរហូតដល់៥ថ្ងៃទៅមួយអាទិត្យ។
អ្នកស្រីបន្ថែមថា អតិថិជនអាចកុម្ម៉ង់នំតាមតម្រូវការនិងរសជាតិដែលគាត់ចង់បាន ហើយកំលុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះក៏មិនបានឡើងថ្លៃដែរ។ មូលហេតុនេះហើយដែលធ្វើឱ្យហាងរបស់អ្នកស្រីកាន់តែមានភ្ញៀវមកទិញច្រើនឡើងៗ។ ចំពោះម៉ូយដែលមកទិញជារៀងរាល់ថ្ងៃភាគច្រើន គឺអ្នកធ្វើការ និងម៉ូយប្រចាំយកនំទៅរៀបចំក្នុងកម្មវិធីផ្សេងៗ។ រីឯតម្លៃវិញសម្រាប់នំអន្សមជ្រូក១ដុំតម្លៃ១៥ ០០០រៀល នំអន្សមស្នូលពងទាប្រៃ ១ដុំតម្លៃ ២៥ ០០០រៀល៕