យុវជន-ចំណេះជំនាញ Aug 07, 2018 | 00:00 AM

អ្នកស្រាវជ្រាវវ័យក្មេង AIS ​២រូប ឈ្នះមេដាយមាស ក្នុង​តំបន់​អាស៊ាន និង​សហរដ្ឋអាមេរិក

image

អ្នកស្រាវជ្រាវវ័យក្មេងតំណាងឱ្យកម្ពុជា៩រូប ឈ្នះមេដាយមាស នៅលើទឹកដីវៀតណាម លើការប្រកួត​ស្រាវជ្រាវ​ផ្នែកបរិស្ថាន ក្នុងកម្មវិធី 2018 Global Learning Across Boarders (LAB) ដែល​មាន​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​សហរដ្ឋអាមេរិក​ចូល​រួម​ប្រកួត។

ក្នុងចំណោមជ័យលាភីមេដាយ​៩នាក់នេះ ក៏មានបេក្ខជន​ឆ្នើម២រូប មកពីសាលា​រៀន អន្ដរទ្វីប អាមេរិកាំង ដ៏ល្បីឈ្មោះ​មួយនៅ​កម្ពុជា​។ ក្នុងចំណោម​​បេក្ខជន​​ឆ្នើមទាំង២​រូបនេះ​ ទី១ បេក្ខជន​ឈ្មោះ ចាន់ ធា ថ្នាក់ទី១០ និង​ទី២ បេក្ខជនឈ្មោះ លឹម ហុកអៀង សិស្សថ្នាក់​ទី១១។

នាយករង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទទួលបន្ទុក​សាលាជំនាន់​ថ្មី និងជាអ្នកដឹកនាំ​បេក្ខជន លោក សម្យ កំសាន្ត បានឱ្យ​ដឹងថា នេះជា​មោទនភាព​ដ៏ធំធេងមួយ ដែល​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​ទាំង​អស់​ខិតខំ ប្រឹងប្រែង ស្រាវជ្រាវ និង​ស្វ័យសិក្សា រហូត​ឈ្នះ​មេដាយ សម្រាប់ជាតិ​មាតុភូមិ​កម្ពុជា​ទាំងមូល។ ការជោគជ័យនេះ បានធ្វើឱ្យ​អន្តរជាតិ​នៅលើ​ពិភព​លោក កាន់​តែស្គាល់​កម្ពុជា​ច្បាស់ តាមរយៈ​វិស័យ​អប់រំ និង​ការប្រឹងប្រែង​របស់​កូន​ខ្មែរ​យើង។​

ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោក ប៉ាំង លាងស៊ីម បានលើកឡើងថា លទ្ធផលដ៏ធំធេងនេះ ជាសញ្ញា​ល្អមួយ​សម្រាប់​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​របស់​កម្ពុជា។ លោក​បន្តថា សម័យមុនៗ ធ្លាប់តែឃើញ​ប្រទេសដ៏ទៃទទួល​បានមេដាយ​មាស តែសព្វ​ថ្ងៃនេះ ប្រទេសកម្ពុជា​យើង ក៏អាច​ធ្វើបានដែរ។

ចាងហ្វាងរងរូបនេះ បញ្ជាក់បន្ថែមថា សាលារៀន អន្តរទ្វីប អាមេរិកាំង ហៅកាត់ AIS ដែលពោរពេញ​ទៅដោយ​សិស្សានុសិស្ស​មាន​សក្តានុពល ប្រកប​ដោយ​ធនធាន​មនុស្ស ដែល​មានលោកគ្រូ អ្នកគ្រូ សុទ្ធសឹង​មាននូវបទពិសោធ ទេពកោសល្យ និង​គរុកោសល្យខ្ពស់ ក្នុងការ​បណ្តុះបណ្តាល និងមាន​គណៈគ្រប់គ្រង​ប្រកប​ដោយភាព​ច្នៃប្រឌិត ព្រម​ទាំង​មាន​ចក្ខុវិស័យ​ច្បាស់លាស់។​ លោកបន្តថា សាលា AIS ជាសាលាឯក​ជនមួយ ផ្ដោតសំខាន់​​ទៅលើ​គុណភាព វិន័យ និង​សេវាកម្មខ្ពស់ ដល់​​សិស្សានុ​សិស្ស។​

អ្នក​ស្រាវជ្រាវវ័យក្មេង និងជាម្ចាស់​មេដាយមាស១រូប ក្នុងចំណោម​៩នាក់ បេក្ខជន ចាន់ ធា បានឱ្យដឹងថា «ខ្ញុំពិតជារំភើប និងរីករាយ​ខ្លាំងណាស់ ដែលឈ្នះមេដាយ​មាសនេះ។ ព្រោះ​លទ្ធផល​ដ៏ល្អអស្ចារ្យ​ទាំងនេះ ខ្ញុំនឹកស្មាន​មិនដល់សោះ​ថា ខ្ញុំ និងកូនខ្មែរ​ដទៃទៀត​ធ្វើបានទេ តែតាមរយៈ​ការប្រកួតនេះ បាននាំ​មកនូវបទ​ពិសោធ ចំណេះដឹង ចំណេះធ្វើ និង​ឃើញ​ពិភព​លោក​កាន់តែ​ធំធេង​ផងដែរ»។​

ចាន់ ធា បន្តថា អ្វីដែលពិសេសនោះ ឆ្លងតាមរយៈជោគ​ជ័យនេះ បានធ្វើឱ្យ​ពិភពលោក​ស្គាល់​ប្រទេស​កម្ពុជា ស្គាល់ពី​ស្នាដៃ​កូនខ្មែរ និងវប្បធម៌ អារ្យធម៌ខ្មែរ កាន់តែ​ច្បាស់។ បេក្ខជន​ឆ្នើម​រូបនេះ បញ្ជាក់​បន្តថា ប្រទេស​មួយចំនួន​ពុំស្គាល់​កម្ពុជាទេ តែលទ្ធផល​ល្អនេះ បានធ្វើឱ្យ​បរទេសទាំ​ងនោះ ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់ និងមាន​ភាពស្ងប់ស្ងែង​ផងដែរ។

បេក្ខជនជ័យលាភី​មេដាយមាស លឹម ហុកអៀង បានលើក​ឡើងដែរថា ការជោគជ័យនេះ មិនមែន​បានដោយ​ងាយៗ​នោះទេ គឺបានដោយ​ការតស៊ូ អត់ធ្មត់ និង​ប្រឹង​ប្រែង​ស្វ័យ​សិក្សា​ជានិច្ច​។ ហុកអៀង បន្តថា “ចំពោះការ​ស្រាវជ្រាវ​នេះ គឺមិន​បោះបង់ចោល​ទេ ខ្ញុំនឹងប្រឹង​ប្រែង​បន្តទៀត ដើម្បីកាន់​តែមាន​ចំណេះដឹង ចំណេះធ្វើ និងបទពិសោធ ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ”។​

យុវសិស្សថ្នាក់ទី១១រូបនេះបញ្ជាក់ថា “ឆ្លងតាមការប្រកួត​ប្រជែង​នៅវៀតណាមនេះ ខ្ញុំទទួលបានបទពិសោធ​ច្រើន​ជាមួយ​នឹងមិត្តភក្ដិខ្មែរ និង​បរទេស ដែលជា​បេក្ខជន​ប្រកួត”។ តែ​អ្វី​ដែល​ខ្ញុំមិន​អាចភ្លេច​បាននោះ គឺយើងបេ​ក្ខជនជាជន​ជាតិខ្មែរ នៅពេល​ទៅដល់​វៀតណាម ពួកយើងពិតជា​មានសាមគ្គីភាព សហការ និង​​រួបរួម​គ្នាបាន​យ៉ាងល្អ។

ខណៈពួកយើងមានឱកាស​ស្នាក់នៅជាមួយគ្នា យើងតែង​ពិភាក្សាគ្នា ធ្វើបទបង្ហាញ និងសួរគ្នាទៅវិញទៅមក។ ពួកយើងទោះមិនមែន​ជាក្រុមជា​មួយគ្នា ឬមាន​ភេទផ្ទុយ​ពិតមែន តែ​ពួក​យើង​ពិតជា​សហការ​គ្នាបាន​ល្អ​ខ្លាំង​ណាស់។ ដូចជា​នៅថ្ងៃ​ស្អែក ជាថ្ងៃប្រកួត​ប្រជែង​ផ្ដាច់ព្រ័ត្រ ខ្ញុំ និង​សិស្សខ្មែរ​យើងដទៃ​ទៀត ភ័យខ្លាំង​ណាស់ តែការ​ភ័យនេះ ពួក​យើង​កាន់តែ​ប្រឹងប្រែង គឺនាំ​គ្នាធ្វើ​បទបង្ហាញ​ទៅវិញ​ទៅមក រហូតដល់​ម៉ោង៣​ទាបភ្លឺ​ទៀត​ផង។ កត្តាទាំងនេះ​ហើយ គឺធ្វើឱ្យ​សិស្ស​កម្ពុជា​យើង ទទួល​បាន​ជោគជ័យ​ដ៏ធំធេង​ ត្រឡប់​ជូន​ជាតិ​មាតុភូមិ​វិញ។ នេះជាការ​បញ្ជាក់​បន្ថែម​ដោយ​សិស្ស​ឆ្នើម លឹម ហុកអៀង។

ការប្រកួតនេះ មានជាង៧០ក្រុម ដោយក្រុមនីមួយៗ​ធ្វើបទបង្ហាញ​ទៅលើប្រធានបទ​ផ្សេងៗគ្នា ដែលមាន​ពាក់ព័ន្ធទៅនឹងប​ញ្ហាប្រឈម ផល​បះពាល់​បរិស្ថាន និង​ការ​បម្រែប​ម្រួល​អាកាស​ធាតុ នៅ​កម្ពុជា។ ក្នុងនោះ​មានប្រធានបទ​សំខាន់ៗដូចជា ការកែច្នៃធនធាន​ធម្មជាតិ ការស្រាវជ្រាវ​លើដើមពោធិ៍ និងផលប៉ះពាល់​ពីភ្លៀង​អាស៊ីត​ជាដើម។​

សូមជម្រាបថា សិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងទទួល​បាន​មេដាយមាស សំរឹទ្ធ និង​មេដាយប្រាក់ ក្នុងការ​ប្រកួត​ចំណេះដឹង​ទូទៅផ្សេងៗ ទាំង​ថ្នាក់ជាតិ និង​លើឆាក​អន្តរជាតិ នៅ​លើពិភពលោក។

ការប្រកួតនៅ​សាធារណរដ្ឋ​សង្គម​និយមវៀត​ណាមនេះ បាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃទី១៨ រហូតដល់​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ៕