អ្នកនិពន្ធម្ចាស់ពានរង្វាន់ជាច្រើនគ្រឿង លោក កែវ សេងរដ្ឋា បានប្រាប់ដល់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសកាលពីថ្មីៗកន្លងទៅដូច្នេះថា «ឆ្លងកាត់បទពិសោធក្នុងការតែងនិពន្ធជាង៣ឆ្នាំមកនេះ ខ្ញុំមានពាក្យពេចន៍ខ្លះៗចង់និយាយទៅកាន់ប្អូនៗស្រករក្រោយដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធដូច្នេះថា ការងារតែងនិពន្ធ ជាកិច្ចការមួយដែលកើតចេញពីការប្រើបេះដូង»។
អ្នកនិពន្ធវ័យក្មេងដដែលបន្ថែមថា «បើគ្មានក្ដីស្រឡាញ់ចំពោះការសរសេរទេ នោះយើងនឹងពិបាកតស៊ូជាមួយវាបន្តិច តែបើដាក់ចិត្តទៅលើការសរសេរហើយ ត្រូវត្រៀមចិត្តឱ្យបានរួចរាល់ ហើយទទួលស្គាល់ថា វាជាការងារដែលប្រើពេលយូរ តែទទួលផលបានតិច ព្រោះទម្រាំសម្រេចបានស្នាដៃមួយ គឺមិនមែនជារឿងងាយស្រួលនោះទេ»។
អ្នកនិពន្ធ និងជាវេជ្ជបណ្ឌិតរូបនេះសង្កត់ធ្ងន់ថា «មុននឹងសរសេរអ្វីមួយ ត្រូវសួរខ្លួនឯងថា ស្នាដៃរបស់យើងនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នកអានដែរឬទេ? តើអាចជួយសង្គមបានដល់កម្រិតណា? លើសពីនេះ ត្រូវរៀនបើកចិត្តឱ្យទូលាយក្នុងការទទួលយកការរិះគន់ពីសំណាក់មិត្តអ្នកអាន ឬអ្នកនិពន្ធដូចគ្នា ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមក្នុងការតែងនិពន្ធឱ្យកាន់តែល្អប្រសើរ។
ឆ្លើយតបជាមួយនឹងសំណួរ The Intercon Rooster ដែលបានសួរថា ក្នុងនាមជាអ្នកនិពន្ធ និងជាម្ចាស់ជយលាភីមួយរូប តើធ្វើយ៉ាងណាដើម្បីនិពន្ធរឿងខ្លី ឬប្រលោមលោក ឬកំណាព្យមួយឱ្យបានសម្រេច? ហើយតម្រូវឱ្យមានអ្វីខ្លះ?
ឆ្លើយតបទៅនឹងសំណួរខាងលើនេះ អ្នកនិពន្ធមកពីខេត្តជាប់បឹងទន្លេសាបដដែលបានអះអាងថា «ចំពោះខ្ញុំ រាល់ការចាប់ផ្ដើមសរសេរអ្វីក៏ដោយ ខ្ញុំតែងតែគិតដល់គំនិតរឿង មូលន័យ ឬសារអប់រំនៅក្នុងអត្ថបទរឿង ឬក៏កំណាព្យដែលខ្ញុំប្រុងនឹងសរសេរ ដែលនេះគឺជាដំណាក់កាលដំបូង»។ យុវជនរូបនេះបញ្ជាក់ថា «ពេលមានខ្លឹមសារច្បាស់ហើយ ជំហានទីពីរ គឺខ្ញុំចាប់ផ្ដើមរៀបគ្រោងឆ្អឹងថា តើគួរសរសេរពីណាទៅណា? គួរផ្ដើមបែបណា? គួរបញ្ចប់បែបណា ឬគួរបញ្ជូនសារទៅកាន់មិត្តអ្នកអានតាមរបៀបណាឱ្យមានប្រសិទ្ធភាព?
ម្ចាស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវីលេខ១ប្រចាំឆ្នាំ២០២០រូបនេះបន្តថា «ចំពោះដំណាក់កាលទីបីនោះ គឺចាប់ផ្ដើមសរសេរតែម្ដង ដែលដំណាក់កាលនេះត្រូវការអារម្មណ៍ និងពេលវេលាច្រើនជាងគេ។ ក្រៅពីនេះ ដំណាក់កាលចុងក្រោយគេ គឺការកែសម្រួលស្នាដៃដែលបានសរសេររួចគ្រប់យ៉ាងឡើងវិញ ដើម្បីឱ្យប្រាកដថាស្នាដៃមិនមានបញ្ហា ឬមានតិចតួចបំផុត»។
ចំពោះពាក់ព័ន្ធទៅនឹងស្នាដៃដាក់ប្រកួតដណ្ដើមពានរង្វាន់អក្សរសិល្ប៍វិញ អ្នកនិពន្ធវ័យក្មេងដដែលបានបង្ហើបដូច្នេះថា «គួរតែជាស្នាដៃបែបប្រាកដនិយម គំនិតរឿងគួរតែមានទម្ងន់ បង្កប់ន័យអប់រំជាសកលសម្រាប់មនុស្សគ្រប់គ្នាជាជាងសម្រាប់តែបុគ្គលមួយក្រុម»។ លើសពីនេះអ្នកនិពន្ធមកពីខេត្តកំពង់ឆ្នាំងរូបនេះបញ្ជាក់ថា «ចំពោះចំណោទបញ្ហានៃរឿង គួរតែឆ្លុះបញ្ចាំងពីបញ្ហាសង្គមនាពេលបច្ចុប្បន្ន ផ្សាភ្ជាប់ជាមួយនឹងដំណោះស្រាយសមហេតុផល និងប្រកបដោយសន្ដិភាព ហើយវិសេសភាពនៃស្នាដៃ ជាចំណុចសំខាន់មួយទៀតដែលធ្វើឱ្យស្នាដៃកាន់តែមានភាពលេចធ្លោ»។
យុវជនប៉ិនប្រសបទៅនឹងការសរសេរប្រលោមលោករូបនេះក៏បានអះអាងដែរថា ការអានច្រើន មានសារៈសំខាន់ណាស់ចំពោះការតែងនិពន្ធឱ្យបានល្អ។ សារៈសំខាន់ៗទាំងនោះ អ្នកនិពន្ធមកពីខេត្តកំពង់ឆ្នាំងរូបនេះ បានចែករំលែកថា ការអានច្រើន ធ្វើឱ្យអ្នកនិពន្ធមានចំណេះដឹងទូលំទូលាយ ព្រោះរាល់ការសរសេរស្នាដៃមួយឱ្យមានអត្ថន័យល្អ ខ្លឹមសារមានទម្ងន់ គឺទាមទារឱ្យអ្នកនិពន្ធមានការយល់ដឹងច្រើន ជាពិសេស ចំណេះដឹងដែលពាក់ព័ន្ធទៅនឹងអ្វីដែលខ្លួនត្រៀមនឹងសរសេរ។
លើសពីនេះ ការអានច្រើន ក៏ជាមធ្យោបាយមួយនៃការស្រាវជ្រាវ ហើយមុននឹងសរសេរអ្វីដែលយើងមិនដែលដឹង ឬមិនសូវដឹងច្បាស់ អ្នកនិពន្ធត្រូវតែធ្វើការស្រាវជ្រាវ ដើម្បីទទួលបានចំណេះដឹងបន្ថែម។ លោកបន្តទៀតថា ការអានស្នាដៃរបស់អ្នកនិពន្ធដទៃបានច្រើន ក៏អាចជួយឱ្យយើងដែលជាអ្នកនិពន្ធម្នាក់ មានឱកាសរៀនសូត្រពីរបៀបសរសេររបស់អ្នកនិពន្ធផ្សេងៗដោយប្រយោលផងដែរ។ លោកអះអាងថា អ្នកអានជាច្រើនបានវិវត្តខ្លួនក្លាយជាអ្នកនិពន្ធ តាមរយៈការអានស្នាដៃរបស់អ្នកនិពន្ធជាច្រើន។
លោក សេងរដ្ឋា បញ្ជាក់ថានៅពេលយើងអានស្នាដៃរបស់គេ យើងនឹងដឹងថាក្នុងនាមជាអ្នកអានម្នាក់ តើស្នាដៃបែបណាគួរឱ្យចង់អាន? ដូច្នេះក្នុងនាមជាអ្នកនិពន្ធម្នាក់ តើយើងនឹងសរសេរស្នាដៃបែបណាសម្រាប់អ្នកអាន?
សូមជម្រាបថា បច្ចុប្បន្ន លោក កែវ សេងរដ្ឋា ជាអ្នកនិពន្ធ និងជាវេជ្ជបណ្ឌិតមួយរូបផងដែរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេសវះកាត់ទូទៅ និងប្រព័ន្ធរំលាយអាហារ ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កាលពីឆ្នាំ២០១៩ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅឆ្នាំ២០១៥។
លោក កែវ សេងរដ្ឋា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ដែលមានឪពុកម្ដាយជាមន្ត្រីរាជការ។ ស្នាដៃដែលលោកធ្លាប់បោះពុម្ពចេញផ្សាយកាលពីកន្លងទៅរួមមាន ទី១. «សំឡេងខ្សឹប» ទី២. «ហឫទ័យ» ទី៣. «បែបណាទើបល្អ» ទី៤. ស្នាដៃសហនិពន្ធរួមមាន«មន្តទឹកខ្មៅ» «ព្រៃរំដួល» និង «ខ្មាសខ្លួនឯង»។
ក្រៅពីស្នាដៃដែលធ្លាប់ចេញផ្សាយជាច្រើនកន្លងទៅនោះ អ្នកនិពន្ធរូបនេះ ក៏បានប្រកួតប្រជែងតែងនិពន្ធដណ្ដើមពានរង្វាន់ និងឈ្នះជាច្រើនគ្រឿងផងដែរ។ ក្នុងនោះមានដូចជា ជយលាភីលេខ១ ពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២០ ផ្នែកប្រលោមលោករឿង “ឧត្តមគតិ”, ជាម្ចាស់ជយលាភីលេខ៤ ពានរង្វាន់លោក លី ធាមតេង ឆ្នាំ២០១៨ ផ្នែកប្រលោមលោករឿង “បេសកកម្មបេះដូង” និងជយលាភីលេខ ៣ ពានរង្វាន់មហោស្រពអក្សរសិល្ប៍ឆ្នាំ២០១៨ ផ្នែកកំណាព្យទំនើបនិយម «សុរិយា»។
ចុងបញ្ចប់នៃកិច្ចសម្ភាស អ្នកនិពន្ធ កែវ សេងរដ្ឋា បានសំណូមពរដល់យុវជន និងទៅកាន់មហាជនគ្រប់គ្នា ជាពិសេសបញ្ញវន្តដែលជាទំពាំងស្នងឫស្សី សូមមានស្មារតីស្រឡាញ់ និងអភិរក្សអក្សរសាស្ត្រខ្មែរ កុំឱ្យបាត់បង់នៅថ្ងៃមុខ ហើយរៀនអាន រៀនសរសេរ រៀនប្រើប្រាស់អក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវតាមវេយ្យាករណ៍។ គ្រប់យ៉ាង គឺផ្ដើមចេញពីយើងទាំងអស់គ្នា។ មានន័យថា អក្សររស់ ជាតិរស់ អក្សរស្លាប់ ជាតិស្លាប់៕