ប្រលោមជីវិត Jun 15, 2021 | 13:40 PM

អ្នកនិពន្ធ​ អឿ ​ស៊ីណា​៖​ ​«​ចង់​ប្រឡូក​ក្នុង​វិ​ស័យ​តែង​និពន្ធ​ ​ត្រូវ​មាន​ចំណុច​ទាំងនេះ​ ​ទើប​ឆ្ងាញ់​ក្នុង​ការ​សរសេរ​»​

image

​ការ​ប្រឡូក​ក្នុងវិស័យ​និពន្ធ​ ​គឺ​អាស្រ័យ​លើ​ចំណេះ​ដឹង​ ​គំនិត​ ​ការ​ស្រឡាញ់​ ​និង​ការស្រមើស្រមៃ​ ​។​ ​អ្នកខ្លះ​យល់ថា​ ឱ្យ​តែ​នឹកឃើញ​អ្វី​ ​ឬ​មើលឃើញ​អ្វី​ ​សុទ្ធតែ​សរសេរ​ចេញ​មក​បាន​ទាំងអស់​ ​។​ ​ប៉ុន្តែ​ធាតុ​ពិត​ពុំ​ដូច្នោះ​ឡើយ​ ​ព្រោះ​ការ​សរសេរ​ឱ្យ​តែ​បាន​ៗ​ ​និង​ការ​និពន្ធ​ ​គឺជា​រឿង​ដាច់​ដោយឡែក​ពី​គ្នា​ ​។​

​មុននឹង​ក្លាយ​ខ្លួន​ជា​អ្នកនិពន្ធ​ ​ដំបូងបង្អស់​ត្រូវ​សួរ​ខ្លួនឯង​ឱ្យ​ច្បាស់​សិន​ថា​ ​ចង់​ក្លាយ​ជា​អ្នកនិពន្ធ​ប្រភេទ​ណា​? ​ហើយ​ចង់​និពន្ធ​អ្វី​? ​និពន្ធ​រឿង​បែប​ក​ម្សាន្ត ​ប្រលោមលោក​ ​រឿង​ខ្លី​ ​កំណាព្យ​ ​អត្ថបទ​ស្រាវជ្រាវ​ ​ឬ​សរសេរ​អត្ថបទ​ព័ត៌មាន​? ​ដូច្នេះ​ការ​ស្គាល់​ខ្លួនឯង​ច្បាស់​ ​គឺជា​រឿង​សំខាន់​និង​ជា​រឿង​ដំបូង​បំផុត​ដែល​ត្រូវ​គិត​ ​ដើម្បី​ឱ្យ​ការ​សរសេរ​របស់យើង​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ ​មាន​ទឹកដម​ ​ផ្តល់​តម្លៃ​អប់រំ​ដល់​អ្នកអាន​ ​និង​ក្លាយ​ជា​អត្ថបទ​ស្រាវជ្រាវ​ដល់​អ្នក​សិក្សា​ជំនាន់​ក្រោយ​ ​។​

​តាមរយៈ​បទ​ពិសោធ​ក្នុង​វិ​ស័យ​តែង​និពន្ធ​រឿង​ខ្លី​ ​និង​កំណាព្យ​ជាច្រើន​ឆ្នាំ​ ​លោក​ អឿ ​ស៊ីណា​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ ​«​ដើម្បី​សរសេរ​កំណាព្យ​ឱ្យ​បាន​ល្អ​ ​ហើយ​ឆ្ងាញ់​ក្នុង​ការ​សរសេរ​ផង​នោះ​ ​គឺ​ត្រូវ​គោរព​តាម​គោលការណ៍​បី​ចំណុច​ ​ទី​១​ ​ចេះ​ពាក្យ​ឱ្យ​បាន​ច្រើន​ ​ពោល​គឺ​ត្រូវ​អាន​ស្នាដៃ​ផ្សេងៗ​មិនថា​ ​កំណាព្យ​ ​ឬ​ពាក្យរាយ​ឡើយ​ ​។​ ​កាលណា​ចេះ​ពាក្យ​ច្រើន​ ​យើង​មាន​ទេពកោសល្យ​ក្នុង​ការ​ប្រើ​ពាក្យពេចន៍​ទាំងនោះ​ឱ្យ​ពីរោះ​រណ្តំ​គ្នា​ ​។​ ​ទី​២​ ​ចំណេះ​ដឹង​ទូលំទូលាយ​ ​ជុំវិញ​បរិ​បទ​សង្គម​ ​ស្វែងយល់​ឱ្យ​បាន​ច្រើន​ ​នោះ​នឹង​មាន​គោលគំនិត​ច្រើន​ក្នុង​ការ​សរសេរ​ ​។​ ​ចំណែក​ទី​៣​ ​ចេះ​បទ​មូលដ្ឋាន​គ្រឹះ​ ​ទាំង​១​៣​បទ​ ​ដូចជា​បទភុជង្គលីលា​ ​ព្រហ្ម​គតិ​ ​បទពាក្យប្រាំពីរ​ ​និង​ពាក្យ​ប្រាំបួន​ជាដើម​ ​។​ ​ជាពិសេស​ ​ត្រូវ​ស្គាល់​ធាតុ​សំខាន់​ៗ​ ​នៅ​ក្នុង​កំណាព្យ​ ​ដូចជា​ ​ព្យាង្គ​៖​ ​សំឡេង​មួយម៉ាត់​ៗ​នៅ​ក្នុង​កំណាព្យ​ ​។​ ​ឃ្លា​៖​ ​ព្យាង្គ​ច្រើន​រួមគ្នា​បានជា​ឃ្លា​ ​និង​ល្បះ​ ​ឬ​ល្បះ​ខណ្ឌ​៖​ ​ឃ្លា​ច្រើន​រួមគ្នា​មក​ដោយមាន​ខណ្ឌ​»​ ​។​

​លោក​ អឿ ​ស៊ីណា​ ​មាន​ស្រុកកំណើត​ ​នៅ​ក្នុង​ភូមិ​កោះ​ធំ​ ​ឃុំ​ព្រៃ​គ្រី ​ស្រុក​ជល​គិរី​ ​ខេត្ត​កំពង់ឆ្នាំង​ ​និង​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៦​នាក់​ ​ស្រី​ម្នាក់​ ​។​ ​បច្ចុប្បន្ន​ ​ស៊ីណា​ ​ជា​អ្នកនិពន្ធ​ជាន់ខ្ពស់​ក​ម្រិ​ត​១​ ​នៅ​គ្រឹះស្ថាន​បោះពុម្ព​នៃ​សាកលវិទ្យាល័យ​ ​ម៉េង​លី​ ជេ. គួ​ច​ ​។​

​ក្រោយ​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​នៅ​ឆ្នាំ​២​០​១​១​ ​កូន​អ្នក​កំពង់ឆ្នាំង​រូប​នេះ​ ​ក៏​សម្រេច​ចិត្ត​បន្ដ​ការសិក្សា​ថ្នាក់ឧត្ដម​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​លើ​ជំនាញ​អក្សរ​សា​ស្រ្ដ​ខ្មែរ​ ​ក្រោម​ជំនួយ​អាហារូបករណ៍​ ​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភពលោក​ ​តាមរយៈ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​ក្រោយមក​ ​ស៊ីណា​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អក្សរ​សា​ស្រ្ដ​ខ្មែរ​ពី​មហាវិទ្យាល័យ​សង្គម​សា​ស្រ្ដ-​មនុស្ស​សា​ស្រ្ដ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​២​០​១​៥​ ​។​ ​លុះ​ ​ឆ្នាំ​២​០​១​៨​ ​លោក​ក៏​បន្ដ​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​អក្សរ​សិល្ប៍​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ដដែល​ ​ដោយ​ទទួល​បាន​ជំនួយ​អាហារូបករណ៍​ពី​ ​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​។​

​បើ​ងាក​ក្រឡេកមើល​ ​អំឡុង​ពេល​បំ​ពេញការ​ងារ​ ​ក្នុង​គ្រឹះស្ថាន​បោះ​ពុម្ភ ​នៃ​សាកលវិទ្យាល័យ​ ​ម៉េង​លី​ ជេ. គួ​ច​ ​លោក​ អឿ ​ស៊ីណា​ ​បាន​ប្រមូលចងក្រង​ស្នាដៃ​របស់​អ្នកនិពន្ធ​ គួ​ច​ ​ម៉េង​លី​ ​ចាន់​ឌី​ ​បោះពុម្ព​ជា​សៀវភៅ​ ​ក្នុង​នោះ​រួម​មាន​ ​គំនិត​រកស៊ី​ គួ​ច​ ​ម៉េង​លី​ ​និង​ ​កម្រង​កំណាព្យ​ពី​ដួងចិត្ត​ ​។​ ​ក្រៅពី​នេះ​ ​ស៊ីណា​ ​បាន​ឆ្លៀតពេល​តែង​និពន្ធ​រឿង​ខ្លី​ ​និង​កំណាព្យ​ជាច្រើន​ ​ដ្បិត​ជ្រួត​ជ្រាប​ពី​ទ​ស្សនៈ​ល្អ​ៗ​ជាច្រើន​របស់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​ស្នាដៃ​ទាំងនោះ​ចែក​ចេញពី​ជា​ពីរ​ផ្នែក​ ​គឺ​កម្រង​កំណាព្យ​ ​និង​កម្រង​រឿង​ខ្លី​ ​។​

​ចំពោះ​កម្រង​កំណាព្យ​ ​លោក​ ​បាន​និពន្ធ​និង​បោះពុម្ព​ក្នុង​សៀវភៅ​ ​«​កម្រង​កំណាព្យ​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​និង​ខ្ញុំ​»​ ​។​ ​ចំណែក​រឿង​ខ្លី​ ​លោក​បាន​ផ្សាយ​រួមគ្នា​ជាមួយ​អ្នកនិពន្ធ​ដទៃទៀត​ ​ក្នុង​សៀវភៅ​ ​កម្រង​រឿង​ខ្លី​ ​«​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​និមិត្ដរូប​ខ្ញុំ​»​ ​ដែល​សៀវភៅ​នេះ​ ​លោក​​​មាន​ស្នាដៃ​រហូតដល់​ទៅ​ ​១​៧​ចំណងជើង​ ​ក្នុងចំណោម​សហ​និពន្ធ​រួមគ្នា​ទាំង​៦​រូប​ ​។​

​មាន​សិល្ប៍​វិធី​តែង​និពន្ធ​កំណាព្យ​ ​និង​រឿង​ខ្លី​យ៉ាង​ប៉ិន​ប្រសព្វ​បែប​នេះ​ ​លោក​ អឿ ​ស៊ីណា​ ​បាន​ឱ្យ​ដឹង​ថា​ ​ដោយសារ​ខ្លួន​បាន​សិក្សា​ផ្ទាល់​លើ​ជំនាញ​នេះ​ពី​អ្នកនិពន្ធ​ល្បី​ៗ​មួយ​ចំនួន​ដូចជា​ ​សាស្ត្រាចារ្យ​ ​ជ័យ​ ​ចាប​ ​​សាស្ត្រាចារ្យ​ ​គឹម​ ពេ​ជ្រ​ពីរ​ន​ន់ ​និងអ្នកនិពន្ធ ពៅ សុខ ជាដើម​ ​។​ ​ក្រៅពី​នេះ​ ​លោក​ ​តែង​ព្យាយាម​សិក្សាស្រាវជ្រាវ​ ​និង​អាន​ស្នាដៃ​អ្នកនិពន្ធ​ជំនាន់​មុន​ ​ជាច្រើន​ទៀត​ ​។​

​អ្នកនិពន្ធ​វ័យ​ ​៣​០​ឆ្នាំ​រូប​នេះ​ ​ប្រាប់​មកកាន់​ ឌិ ​អ៊ី​ន​ធ័រ​ខន​ រ៉ូស្ទ័​រ​ថា​ ​ខ្លួន​មាននិស្ស័យ​ចង់​ចេះ​ ​ចង់​ដឹង​ក្នុង​វិ​ស័យ​តែង​និពន្ធ​ទាំង​កំណាព្យ​ ​និង​រឿង​ខ្លី​តាំងពី​វ័យក្មេង​មក​ម្ល៉េះ ​ពោល​តាំងពី​រៀន​ថ្នាក់​វិទ្យាល័យ​ ​នៅ​ស្រុកកំណើត​ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​។​

​បុរស​មាឌ​ធំ​ដំបង​សម្បុរ​ខ្មៅស្រអែម​រូប​នេះ​ ​បាន​រៀប​រាប់ទាំង​ទឹកមុខ​ញញឹម​តិចៗ​ថា​៖​ ​«​បើ​និយាយ​ពី​ការ​ស្រឡាញ់​កំណាព្យ​ ​គឺ​ស្រឡាញ់​តាំងពីតូច​មក​ម្ល៉េះ​ ​ចេះតែ​ឆ្ងល់​ថា​ហេតុអ្វី​គេ​ពូកែ​សរសេរ​ម៉េ​ស​ ​មិនថា​ខាង​សរសេរ​ជា​ពាក្យរាយ​ ​ឬ​ជា​ពាក្យកាព្យ​ ​ខ្ញុំ​តែងតែ​ស្រមៃ​ថា​ ​ហេតុអ្វី​គេ​ពូកែ​សរសេរ​ ​ហើយ​យើង​សរសេរ​បាន​ដូច​គេ​អត់​? ​អ៊ីចឹង​ទៅ​! ​ពី​ថ្នាក់​វិទ្យាល័យ​ខ្ញុំ​តែង​ហាត់​សរសេរ​ឱ្យ​បាន​ច្រើន​ ​ហើយ​កាលណោះ​ខ្ញុំ​ចូលចិត្ត​សរសេរ​តែងសេចក្តី​ ​លុះ​មកដល់​ថ្នាក់​មហាវិទ្យាល័យ​ ​គឺ​រៀន​ថ្នាក់​អក្សរសាស្ត្រ​ទៀត​ ​រៀន​កាន់តែ​ច្រើន​កាន់តែ​យល់​បាន​ច្រើន​ពី​វិ​ស័​យ​អក្សរសាស្ត្រ​ ​ទើប​ធ្វើ​ឱ្យ​បែកគំនិត​ចង់​បញ្ចេញស្នាដៃ​ដោយ​ការ​សរសេរ​ដោយខ្លួនឯង​»​។​ ​ចង់​សរសេរ​ខ្លួនឯង​ ​ស៊ីណា​ ​បន្ថែម​ថា​ ​«​ខ្ញុំ​បាន​ចាប់ផ្តើម​សិក្សាស្រាវជ្រាវ​បន្តិចម្តងៗ​ ​ដើម្បី​ដឹង​ថា​ ​គេ​សរសេរ​បែប​ណា​ ​មាន​ទំនោរ​ទៅណា​ ​មើល​ការ​សរសេរ​របស់​អ្នកនិពន្ធ​រៀមច្បង​។​ ​ដឹង​ស្រាប់ហើយ​ថា​ វិ​ស័យ​អក្សរសាស្ត្រ​ ​អក្សរ​សិល្ប៍ ​ត្រូវ​អាន​សៀវភៅរឿង​ឱ្យ​បាន​ច្រើន​ ​កាលណា​អាន​ច្រើន​ ​យើង​បាន​ពាក្យពេចន៍​ ​គេ​ច្រើន​យកមក​គិតពិចារណា​ ​ដើម្បី​ពង្រឹង​ការ​សរសេរ​»​។​

​ពី​បន្ថែម​នេះ​ ​លោក​ ​បាន​អះអាង​ថា​ ​កំណាព្យ​ជា​ ​អត្ថបទ​អក្សរ​សិល្ប៍​មួយ​ ​ដែល​សរសេរ​ឡើង​ស្រប​ទៅតាម​ក្បួនខ្នាត​ ​រួម​មាន​ពាក្យចួន​ ផ្តួ​ន​រណ្តំ​ ពីរោះ​ណែងណង​ ​ហើយ​អាច​ទាក់ទាញអារម្មណ៍​អ្នកអាន​ឱ្យ​រំភើប​ ​និង​សប្បាយរីករាយ​ ​ការ​ក​ម្សាន្ត ​ទុក្ខសោក​ ​គំនិត​អប់រំ​ ​ទៅតាម​អ្វី​ដែល​បាន​បង្ហាញ​នៅ​ក្នុង​ស្នាដៃ​របស់​អ្នកនិពន្ធ​នីមួយៗ​ ​។​ ​ក្រៅពី​ផ្តល់​នូវ​ចំណេះ​ដឹង​ដល់​អ្នកអាន​ ​កំណាព្យ​បាន​ផ្តល់​នូវ​ត​ថ​ភាព​សង្គម​ ​ក៏ដូចជា​ប្រ​វត្តិ​សាស្ត្រ​ ​និង​ការ​ក​ម្សាន្ត ​ព្រោះ​កំណាព្យ​ក៏​ជា​អក្សរ​សិល្ប៍​មួយ​ដែរ​ ​។​

​អង្គុយ​គង​ប្រទាក់​ខ្លា​ ​ក្នុង​បន្ទប់​ដែល​មាន​បំពាក់​ទៅ​ដោយ​ម៉ាស៊ីនត្រជាក់​ទំនើប​ៗ​ ​អម​ដោយ​អំពូលភ្លើង​ចិញ្ចែងចិញ្ចាច​ផង​នោះ​ ​លោក​ អឿ ​ស៊ីណា​ ​បាន​រៀបរាប់​ក្នុង​ន័យ​លើកស្ទួយ​ស្នាដៃ​តែង​និពន្ធ​របស់​កវី​ខ្មែរ​ថា​៖​«​ប្រសិនបើ​មាន​ចិត្តស្រឡាញ់​ ​និង​ចង់​ប្រឡូក​ក្នុង​វិ​ស័​យ​តែង​និពន្ធ​ ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អាន​ឱ្យ​បាន​ច្រើន​ ​រៀន​ពី​អ្នកនិពន្ធ​ឱ្យ​បាន​ច្រើន​ ​មិនថា​ ​អាន​កំណាព្យ​ ​ឬ​ពាក្យរាយ​នោះ​ទេ​ ​ព្រោះ​អាន​ច្រើន​ ​យើង​មាន​ទទួល​បាន​ផ្នត់គំនិត​របស់​អ្នកនិពន្ធ​នីមួយៗ​ ​។​ ​ឧទាហរណ៍​ថា​ ​យើង​អាន​ស្នាដៃ​អ្នកនិពន្ធ​១​០​នាក់​ ​យើង​ទទួល​បាន​ផ្នត់គំនិត​អ្នកនិពន្ធ​ទាំង​១​០​នាក់​នោះ​ ​ហើយនឹង​ធ្វើ​ឱ្យ​មានចំណេះ​ដឹង​ទូលំទូលាយ​ ​ចេះ​ពាក្យ​ច្រើន​នឹង​ងាយស្រួល​ដល់​ការ​សរសេរ​មិន​ទ័លគំនិត​ ​សរសេរ​បាន​ក្បោះក្បាយ​ពោរពេញ​ដោយ​ទឹកដម​»​ ​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​  ​លោក​ ​ក៏​លើកទឹកចិត្ត​ឱ្យ​ស្តាប់​ឱ្យ​បាន​ច្រើន​ ​ការ​ស្តាប់​ក៏​ជា​កត្តា​ជំរុញ​ ​ដល់​ចំណី​គំនិត​ក្នុង​ការ​តែង​និពន្ធ​កំណាព្យ​បាន​ល្អ​ផង​ដែរ​ ​។​ ​លោក​ អឿ ​ស៊ីណា​ ​តែង​មាន​ទម្លាប់​និពន្ធ​រឿង​ខ្លី​ ​ឬ​កំណាព្យ​នៅ​ពេល​យប់ជ្រៅ​ ​ដល់​ពាក់កណ្តាល​អាធ្រាត្រ​ក៏មាន​។​ ​ជួន​ពេលខ្លះ​លោក​ ​និពន្ធ​រឿង​ខ្លី​តាម​សាច់រឿង​ ​ទៅតាម​ការ​យល់សប្តិ​ ​ឬ​ឧ​យ្យោជន៍ភ្លាម​ៗ​ ​ដោយ​បញ្ចេញបញ្ចូល​ ​ពាក្យពេចន៍​ខ្លឹមសារ​សាច់រឿង​យ៉ាង​ប៉ិន​ប្រសព្វ​ ​ដែល​ធ្វើ​ឱ្យ​អ្នកអាន​រំជួលចិត្ត​ ​ក​ម្សត់ ​និង​សប្បាយរីករាយ​ទៅតាម​ទឹក​ដៃ​និពន្ធ​របស់​លោក​ ​។​

​លោក​ថ្លែង​ថា​៖​«​មិន​ដឹង​ថា​ខ្ញុំ​និង​គេ​ខុសគ្នា​ត្រង់​ចំណុច​ណា​នោះ​ទេ​ ​ក៏ប៉ុន្តែ​កំណាព្យ​ដែល​ខ្ញុំ​តាក់តែង​ឡើង​ ​ភាគច្រើន​នៅ​ពេល​យប់ជ្រៅ​ ​ពេលខ្លះ​គេង​យល់សប្តិឃើញ​អ្វីមួយ​ក្រោក​ឡើង​ខ្ញុំ​ទាញ​ទូរសព្ទ​ ​ស​ម្តៅ​រក​កម្មវិធី​ ​Noted​ ​ហើយ​ចាប់ផ្តើម​សរសេរ​រ៉ាយរ៉ាប់​សារសព្ទ​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ក្នុង​យល់សប្តិ​នោះ​ឱ្យ​ក្លាយ​ជា​រឿង​ខ្លី​ ​ឬ​បទ​កំណាព្យ​ភ្លាម​ៗ​តែម្តង​»​ ​។​

​រហូតមក​ទល់​ពេលនេះ​ ​លោក​ អឿ ​ស៊ីណា​ ​តែង​និពន្ធ​កំណាព្យ​មិន​ក្រោម​៣​០​០​ចំណងជើង​នោះ​ទេ​ ​ក្នុង​នោះ​សម្បូរទៅដោយ​បទពាក្យប្រាំពីរ​ ​បទពាក្យប្រាំបី​ ​បទពាក្យប្រាំបួន​ ​និង​កាកគតិ​ ​ដែល​ភាគច្រើន​ជា​កំណាព្យ​ប្រភេទ​បែប​បង្កប់​អត្ថន័យ​អប់រំ​ ​។​

​សព្វថ្ងៃ​ ​អ្នកនិពន្ធ​កំណាព្យ​រូប​នេះ​ ​កំពុង​និពន្ធ​សៀវភៅ​កំណាព្យ​មួយ​ក្បាល​ ​ដែល​មាន​ចំណងជើង​ថា​ ​«​បេះដូង​ឪពុក​»​ ​ដែល​ជា​វណ្ណកម្ម​ថ្មីសន្លាង​របស់​ ​លោក​ ​ហើយ​គ្រោង​នឹង​បោះ​ពុម្ភ​ចេញផ្សាយ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ​។​ ​តាមរយៈ​ការ​និពន្ធ​សៀវភៅ​កំណាព្យ​នេះ​ ​លោក​ អឿ ​ស៊ីណា​ ឱ្យ​ដឹង​ថា​ ​ខ្លួន​នឹង​បន្ត​ការអប់រំ​ ​និង​ណែនាំ​អំពី​ការ​ ​ការ​ស្រឡាញ់​អ្នកមានគុណ​ ​និង​មួយផ្នែកទៀត​សម្រាប់​ប្អូន​ៗ​ជំនាន់​ក្រោយៗ​បាន​សិក្សាស្រាវជ្រាវ​ ​៕​