អប់រំ Sep 23, 2023 | 16:55 PM

អ្នកជំនាញលើវិស័យអប់រំពីររូបរួមគ្នាចែករំលែកចំណេះដឹងដល់យុវជនស្តីពីការ «កុំរស់ជាមួយរសជាតិជីវិត រស់ជាមួយការរៀបចំជីវិត»

image

នៅមជ្ឈមណ្ឌល CKCC នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមនិស្សិតប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រងនិងប្រចាំវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីអំពីការ «កុំរស់ជាមួយរសជាតិជីវិត រស់ជាមួយការរៀបចំជីវិត» ដែលធ្វើបទបង្ហាញដោយអ្នកជំនាញលើវិស័យអប់រំចំនួន២រូប គឺ ឯកឧត្តម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធសៀវភៅគ្មាននរណាកើតមកក្រទេ និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺបណ្តុះគំនិតយុវជនឱ្យចេះរៀបចំដំណើរជីវិតខ្លួនឯងឱ្យបានល្អប្រសើរ ព្រោះយុវជនក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺមានសំណាងធំធេងណាស់ បើធៀបនឹងឆ្នាំមុននេះបន្តិច ប្រទេសកម្ពុជាមានការលំបាកខ្លាំង ជួបសង្គ្រាមខាងក្រៅផង ខាងក្នុងផង ដែលយុវជនស្ទើរតែរកកន្លែងរៀនពុំបាន ដូច្នេះអ្នកត្រូវតែខំរៀន។ សិក្ខាសាលានេះដែរមានយុវជនចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធនឹងវិស័យអប់រំទាំងឯកជន និងរដ្ឋ ប្រមាណជាង៤០០នាក់ ដើម្បីក្រេបយកចំណេះដឹងពីអ្នកជំនាញទាំងពីររូប ទុកជាដើមទុនជីវិតដែលខ្លួនត្រូវឆ្លងកាត់ទាំងបច្ចុប្បន្ននិងទៅថ្ងៃក្រោយ។ 

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា «យុវជនមិនថាប្រទេសណាទេ ពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ គឺច្រើនតែវង្វេងនឹងគោលដៅជីវិត ទើបគេបង្កើតគុបភ្លើងនាំផ្លូវដើម្បីឱ្យយុវជនបានឃើញពន្លឺដើរត្រង់ផ្លូវ កុំឱ្យគិតអ្វីចេះតែខុស នាំឱ្យបរាជ័យញឹកញាប់ ធ្វើឱ្យមានជំងឺបាក់ទឹកចិត្ត បង្កភាពអន្តរាយដល់ជីវិត។

 

អ្នកឧកញ៉ាបន្ថែមទៀតថា ដើម្បីចៀសវាងបញ្ហាខាងលើមាតាបិតា ក៏ជាចំណែកសំខាន់ក្នុងការរៀបចំអនាគតកូន ហើយយុវជនខ្លួនឯងត្រូវតែខិតខំរៀនសូត្រ អានសៀវភៅឱ្យបានច្រើន ចេះសួរខ្លួនឯង កត់ត្រាកំណត់ហេតុ សិក្សាស្រាវជ្រាវ ចេះសង្កេត ថ្លឹងថ្លែង គិតគូរឱ្យបានជ្រៅផងដែរ។ កុំពុះកញ្ជ្រោល កុំស្លឈាម កុំស្លន់ស្លោរ កុំរស់តាមយថាកម្ម ត្រូវរស់ឱ្យមានគោលបំណង គោលដៅ និងរៀបចំផែនការជីវិតច្បាស់លាស់។ លើសពីនោះត្រូវកសាងខ្លួនឯងឱ្យមានគុណភាព ពេញដោយចំណេះដឹង មានសីលធម៌ និងចេះដឹងគុណ ទើបយើងអាចក្លាយជាអ្នកដឹកនាំខ្លួនឯងបានថ្លៃថ្លា ដឹកនាំគ្រួសារបានត្រជាក់ត្រជុំ ដឹកនាំសង្គមបានរីកចម្រើន។ 

ឯកឧត្តម វ៉េង សិរីវុឌ្ឍ ក៏បានលើកឡើងពីបទពិសោធជីវិតពីអតីតកាល ផ្តើមពីអ្នកធាក់ស៊ីក្លូ តស៊ូក្នុងការសិក្សារៀនសូត្រ រហូតដល់ក្លាយជាបញ្ញវន្ត មានមុខតំណែងតួនាទី និងក្លាយជាធនធានដ៏មានតម្លៃរបស់សង្គម។ ឯកឧត្តម ក៏សង្កត់ធ្ងន់ថាយុវជន យើងកុំវិលវល់ ហើយផ្តេកផ្តួលតាមស្ថានភាពជីវិត ស្ថានភាពគ្រួសារដែលខ្លួនឯងជួបប្រទះ តែត្រូវជម្នះ មានការតស៊ូ និងមានផែនការជីវិតច្បាស់លាស់ ទើបយើងមានអនាគតល្អប្រសើរ ព្រោះរសជាតិជីវិត មិនបានកំណត់វាសនាមនុស្សនោះទេ គ្រប់យ៉ាងវាស្ថិតក្នុងកណ្តាប់ដៃរបស់យើងដោយសារទង្វើរបស់យើង ហើយសូមប្រុងប្រយ័ត្ននឹងការគិតរបស់យើង ត្រូវចាំថាជីវិតគឺសម្រាប់សម្រេចបំណងរបស់យើងដែលពុះពារដើម្បីវា៕