លោក គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ក្នុងសិក្ខាសាលាមួយដែលមានយុវជនចូលរួមប្រមាណ២០០នាក់ថា «ក្មួយៗឥឡូវនេះកំពុងតែប្រឈមជាមួយការនឹងការចាញ់បោក ហើយនិងការគេធ្វើបាបតាម Cyber bullying។ ការធ្វើបាបតាម Cyber ជួនកាលគេយកទូរសព្ទយើង ជួលកាលគេតិះទៀនយើង ជួនកាលគេធ្វើអ្វីមួយ ធ្វើ Blackmail យើង mafiaយើង ធ្វើបាបយើង។ ដូច្នេះហើយក្មួយប្រយ័ត្នក្នុងការប្រើប្រាស់ទៅលើ Online Facebook internet TikTok ទាំងអស់ហ្នឹង វាជាអាវុធមុខ២។ មានគេធ្វើបាបជម្រិតលុយច្រើនណាស់ ដោយសារចាញ់បោកគេ ខោក៏ដោះ អាវក៏ដោះ លេខក៏ឱ្យ រូបក៏ឱ្យ ហើយគេចងយើងរហូត រស់នៅក្នុងគុកងងឹង»។
ការជំរុញរបស់អ្នកជំនាញផ្នែកអប់រំនេះ ធ្វើឡើងស្របពេលដែលក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ ខែកញ្ញានេះ បានបើកកិច្ចប្រជុំស្ដីពីសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ សេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចងក្រង និងរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមការងាររៀបចំច្បាប់នេះ បានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំឡើងដោយមានការគាំទ្រពីស្ថាប័នជាតិផងដែរ។
ច្បាប់នេះ មានគោលបំណងធានាសុចរិត នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសិទ្ធិសេរីភាពរបស់បុគ្គល ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន៕
អត្ថបទ៖ រតនៈ