ក្នុងសិក្ខាសាលាដែលប្រារព្ធធ្វើនៅវិទ្យាល័យសម្តេចមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា «ប្រទេសជាតិយើងត្រូវការបញ្ញវន្តច្រើនចូលរួមអភិវឌ្ឍ ប៉ុន្តែសព្វថ្ងៃនេះក្នុងមួយឆ្នាំៗសិស្សយើងប្រឡងបាក់ឌុបធ្លាក់ច្រើនមែនទែន។ បើសិស្សប្រឡងបាក់ឌុបធ្លាក់ច្រើនបែបនេះ តើប្រទេសជាតិមានបញ្ញវន្តច្រើនមកពីណា?»
អ្នកឧកញ៉ាបន្តថា «កូនខ្មែរយើងភាគច្រើននៅពេលពួកគេធ្លាក់បាក់ឌុបពួកគេអត់នៅធ្វើការក្នុងស្រុកខ្មែរទេ គឺទៅធ្វើការនៅស្រុកក្រៅ ព្រោះពួកគេគិតថាធ្វើការនៅស្រុកខ្មែរបានប្រាក់ខែតិច ត្រូវគេកេងប្រវ័ញ្ចកម្លាំងញើសឈាម ហើយពុំសូវមានតម្លៃ។ ចំណែកទៅធ្វើការនៅស្រុកគេ ពួកគេទទួលបានប្រាក់ខែច្រើន គ្មានអ្នកកេងប្រវ័ញ្ចកម្លាំងញើសឈាម ហើយទទួលបានការការពារសិទ្ធិពីក្រសួងការងារ។ ភាគច្រើនសិស្សដែលរៀនធ្លាក់បាក់ឌុបគឺពុំមែនមកពីខួរក្បាលពួកគាត់អន់រៀនមិនចេះទេ តែមកពីពួកគាត់អត់មានលុយរៀនគួ អត់មានលុយទិញសម្ភារៈសិក្សា អត់មានអាហារហូបចុកគ្រប់គ្រាន់ អត់មានពេលរៀនគ្រប់គ្រាន់ ព្រោះត្រូវជួយធ្វើការងារឪពុកម្ដាយ ឬត្រូវជួយរកលុយផ្គត់ផ្គង់គ្រួសារ។ ចំណែកសិស្សដែលប្រឡងជាប់បាក់ឌុប ភាគច្រើនគឺមកពីពួកគាត់មានលុយរៀនគួ មានលុយទិញសម្ភារៈសិក្សា មានអាហារហូបចុកដែលមានជីវជាតិគ្រប់គ្រាន់ មានពេលវេលារៀនសូត្រគ្រប់គ្រាន់ និងមានការយកចិត្តទុកដាក់ពីឪពុកម្ដាយ។»
អ្នកឧកញ៉ាបន្ថែមថា «នៅប្រទេសអភិវឌ្ឍគេរកវិធីគ្រប់បែបយ៉ាងដើម្បីឱ្យសិស្សគេរៀនជាប់ថ្នាក់វិទ្យាល័យគ្រប់គ្នា ដើម្បីឱ្យសិស្សរបស់គេមានកូនសោមួយសម្រាក់ចាក់ចូលទៅកាន់ថ្នាក់ឧត្តមសិក្សា។ ការណ៍នេះហើយទើបប្រទេសគេសម្បូរបញ្ញវន្ត ហើយគឺជាបញ្ញវន្តពិតប្រាកដ ពុំមែនបញ្ញវន្តក្លែងក្លាយទេ»។

ក្រៅពីចូលរួមចែករំលែកក្នុងបទបង្ហាញ អ្នកឧកញ៉ា គួច ម៉េងលី ក៏បើកឱកាសឱ្យសិស្សានុសិស្សសួរសំណួរដែលទាក់ទងនឹងប្រធានបទ ព្រមទាំងចែករំលែកចំណេះដឹងបន្ថែមមួយចំនួនផងដែរ៕
អត្ថបទ៖ រតនៈ