វ៉ាក់សាំងនេះ បានដឹកមកដល់ប្រទេសកម្ពុជា ព្រមទាំងបានប្រគល់ជូនកម្ពុជារួចរាល់ហើយ ដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ខណៈការប្រគល់វ៉ាក់សាំងនេះ គឺជាការបន្ថែមទៅលើជំនួយវ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគីរបស់ប្រទេសអូស្រ្តាលី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ជំនួយទាំងនេះ គឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែលមានថវិកាចំនួន៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។
សម្តេចតេជោ បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩។ មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងប្រមាណជា ៨លានដូស។ កម្ពុជាក៏នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញមិនទាន់បានដឹកមកប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៦ ខែកក្កដា កម្ពុជាចាក់បានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះចាក់ជូនកុមារអាយុចាប់ពី៣ឆ្នាំឡើង ដល់ក្រោម៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុ ៥ឆ្នាំ បានជាង ១៣៥ភាគរយ, កុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់១៨ឆ្នាំ បានជាង ១០០ភាគរយ និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ១០លាននាក់ ខណៈដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់ និងដូសជំរុញទី៥ បានជាង ៣៤ម៉ឺននាក់៕