បើតាមទស្សនវិទូក្រិចបុរាណ អារីស្ដូត (Aristotle) បានពោលថា “គ្មានកំពូលមនុស្សដ៏មានប្រាជ្ញណា ដែលថាមិនមាន ភាពល្ងង់ខ្លៅខ្លះនោះទេ”។ មានន័យថា ទោះបីមនុស្សមានប្រាជ្ញា ឬបណ្ឌិតមកពីទីស្ថាប័នណាក៏ដោយ ក៏គង់តែមានចំណុចខ្វះខាត ឬមិនចេះដោយចៀសពុំរួចឡើយ។
ជារួម មិនថាបណ្ឌិត ឬអ្នកប្រាជ្ញនោះទេ យ៉ាងហោចណាស់ក៏មានចំណុចណាមួយមិនធ្លាប់បានដឹង មិនឮ ឬមិនចេះដែរ ព្រោះធម្មជាតិជាមនុស្សគ្មាននរណាម្នាក់អាចដឹងគ្រប់សព្វ ឬចេះគ្រប់រឿងបានឡើយ។ ក្នុងនោះបានសេចក្ដីថា រាល់ការគិត រាល់ពាក្យសម្ដី សកម្មភាព របស់អ្នកប្រាជ្ញ ឬបណ្ឌិត សុទ្ធតែត្រឹមត្រូវ ឬល្អឥតខ្ចោះទាំងអស់នោះដែរ។
ដូច្នេះ បុគ្គលគ្រប់រូបគួរតែចេះលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ជាពិសេស ត្រូវតែចេះតស៊ូ ព្យាយាម កុំអស់សង្ឃឹម ឬបាក់ទឹកចិត្តឱ្យសោះ ហើយកុំសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមិនចេះចំណុចនេះ? ហេតុអ្វីបានជាខ្ញុំមិនចេះចំណុចនោះ? តែយើងគួរព្រមទទួលស្គាល់ចំណុចខ្សោយខ្លួនឯង ហើយព្យាយាមកែខៃ ឬអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមជានិច្ច។
សូមចងចាំថា ដើម្បីលើកទឹកចិត្ត ឬផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈមួយឃ្លាក្នុងខ្លួនជានិច្ចថា “លើលោកនេះ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ព្រោះមនុស្សពុំមែនជាអាទិទេពឡើយ”។ ការចងចាំបែបនេះ ធ្វើឱ្យយើងអាចដាស់សតិឱ្យក្រោកឈរឡើង។ សូម្បីតែបណ្ឌិត អ្នកប្រាជ្ង កវី ឬកំពូលមនុស្សប្រាជ្ញជាដើម ក៏នៅតែមានភាពល្ងង់ខ្លៅដែរ ចុះទំរាំយើងជាបុថុជ្ជនធម្មតា លែងអីនឹងចៀសផុតពីភាពល្ងង់ខ្លៅបាននោះ?