លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាមស្តីពី “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ ៤ ចំណុច សំខាន់ៗ រួមមាន សាវតាស្ថាប័នអាជ្ញាធរ សវនកម្មជាតិ ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា? ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តសៀមរាប។
អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារនិងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្មព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល និងរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏វិសេសមួយ ក្នុងការស្វែងយល់អំពី “ច្បាប់ស្តីពីសវនកម្មនិងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រម្ពុជា”។ លោកបន្ដថាសិក្ខាសាលានាពេលនេះ មានគោលដៅចូលរួមពង្រឹងនិងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រយន្តការអនុវត្តការងារសវនកម្មប្រកបដោយកម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កសិទ្ធភាព ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ៕ បូ និរតន៍