ថ្លែងក្នុងឱកាសនោះលោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឱ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿនប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់ប្រសើរឡើងថែមទៀត។
លោកក៏បានផ្តាំផ្ញើដល់អភិបាលរងខេត្ត និងនាយករដ្ឋបាលដែលប្រកាសតែងតាំងថ្មីពេលនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឱ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តទាំង ៤ រូប និងនាយករដ្ឋបាល១រូបនាពេលនេះគឺសង្ឃឹមថា លោក លោកស្រីទាំង៤រូបនឹងបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់ធ្វើយ៉ាងណាបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខេត្តឱ្យកាន់តែជឿនលឿន។
អភិបាលរងខេត្តព្រៃវែងដែលទើបឡើងកាន់តំណែងទាំង៤រូបរួមមាន៖ ទី១ លោក ឈាង សុវណ្ណារ៉ា ទី២ លោក លាត ភិរុណ ទី៣លោក ហ៊ី ធួក និងទី៤លោកស្រី ហ៊ន់ សុធារី ៕
អត្ថបទ៖ភ្នាក់ងារខេត្តព្រៃវែង