លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជំរុញដូចនេះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារសន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្តបទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី ។
លោកអភិបាលខេត្តបានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកដែលសម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា តែត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ អោយបានកាន់តែល្អថែមទៀត ។
លោកបានណែនាំដល់គណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិអោយបានល្អ ដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្ត ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឱ្យមាន ការកាប់បំផ្លាញ ព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម ៕
អត្ថបទ៖ ភ្នាក់ងារខេត្តរតនគិរី