យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានផ្ទេរភារកិច្ចលោក នាក់ សុវណ្ណារី ពីអភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ទៅជាអភិបាល នៃគណៈអភិបាលស្រុកឈូកវិញ។
ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកឈូក នៅសាលាស្រុកឈូកនេះ។
លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់អភិបាលនៃគណៈអភិបាលស្រុកទឹកឈូដែលទើបនឹងផ្លាស់ប្ដូរមកជាអភិបាលស្រុកឈូកថា ត្រូវខិតខំយកចិត្តទុកដាក់បម្រើកិច្ចការងារដែលជាផលប្រយោជន៍ជាតិជាធំជាពិសេសត្រូវយកចិត្តទុកដាក់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋឱ្យបានខ្ពស់ជាទីបំផុត នៅពេលដែលប្រជាពលរដ្ឋជួបបញ្ហាផ្សេងៗ។
លោកបន្ថែមថា ក្នុងនាមជាអាជ្ញាធរស្រុកត្រូវខ្នះខ្នែងបំរើសេវាកម្មជូនប្រជាពលរដ្ឋ កុំឱ្យពួកគាត់មានការអាក់អន់ស្រពន់ចិត្តពីព្រោះពលរដ្ឋប្រចាំមូលដ្ឋាននីមួយៗ គឺជាម្ចាស់ឆ្នោតដែលផ្ដល់ឱកាសឱ្យអស់លោកបានចូលបម្រើការងាររបស់ប្រទេសជាតិ៕
អត្ថបទ៖ ហេងកំពត