អប់រំ Sep 23, 2023 | 15:52 PM

អបអរសាទរសិស្សានុសិស្សនៃសាលារៀនអន្តរទ្វីបអាមេរិកាំងចំនួន៧២២នាក់បានបញ្ចប់ការសិក្សាថ្នាក់ទី១២ឆ្នាំសិក្សា២០២២-២០២៣

image

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលារៀនអន្តរទ្វីបអាមេរិកាំង បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី២៧ ដល់សិស្សានុសិស្សគ្រប់សាខានៅរាជធានីភ្នំពេញដែលបញ្ចប់ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ចំនួន៧២២នាក់

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក រួមទាំងគណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ប្រកបដោយបរិយាកាសរីករាយនិងការចងចាំដ៏ល្អ។

 ហេង ហេវីន យុវសិស្សថ្នាក់ទី១២ «ង» សាខា ម៉ៅ សេទុង 
បានបង្ហាញចំណាប់អារម្មណ៍ថា ១៣ឆ្នាំ ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី១២ ហាក់មួយភ្លែត តែបង្កប់នូវអនុស្សាវរីយ៍ល្អៗជាច្រើន រួមទាំងការលះបង់ដ៏ធំធេងរបស់ម៉ាក់ប៉ា ការណែនាំ ការបង្ហាត់បង្រៀនពីសំណាក់លោកគ្រូ អ្នកគ្រូយ៉ាងយកចិត្តទុកដាក់ និងការចងចាំដ៏អស្ចារ្យជាមួយមិត្តសម្លាញ់ ដែលធ្វើឱ្យខ្ញុំក្លាយជាមនុស្សម្នាក់ក្លាហាន រឹងមាំ ជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អក្នុងសង្គម។ អរគុណសាលារៀន អន្តរទ្វីបអាមេរិកាំង ដែលមានកម្មវិធីសិក្សាល្អៗ ជាសាលារៀនដែលមានគុណភាព វិន័យ សេវាកម្មល្អ។ លើសពីនេះក៏បានធ្វើឱ្យខ្ញុំ ក៏ដូចមិត្តដទៃទៀត មានឱកាសចូលរួមកិច្ចការសង្គម និងមានបទពិសោធក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន។

តំណាងឱ្យលោកគ្រូអ្នកគ្រូទាំងអស់ លោក លឹម ចាន់គឹមហៀង បានសម្តែងសេចក្តីត្រេកអរចំពោះសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ដែលបានសម្រេចលទ្ធផលសិក្សាដោយជោគជ័យ
ហើយសូមជូនពរឱ្យកូនៗគ្រប់រូបមានអនាគតល្អនិងបន្តការសិក្សាជានិច្ច ដើម្បីក្លាយជាទំពាងដ៏ល្អស្នងឫស្សី ។ ក្នុងនាមជាគ្រូបង្រៀនមួយរូប ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមសន្យា និងប្តេជ្ញារក្សាឱ្យបាននូវគុណភាពសិក្សា វិន័យ គុណតម្លៃ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកអប់រំស្របតាមយុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ដែលជាតម្រូវការយ៉ាងចាំបាច់របស់ប្រទេសជាតិយើង ស្របនឹងពាក្យស្លោក «ដាំក្នុងសាលា ផ្លែផ្កានៅក្នុងសង្គម»។ 

ក្នុងនាមជាស្ថាបនិកសាលារៀន អន្តរទ្វីប អាមេរិកាំង អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពិតជាមានមោទនភាពណាស់ចំពោះភាពជោគជ័យដ៏ត្រចះត្រង់របស់សិស្សានុសិស្សទាំងអស់ក្នុងថ្ងៃបញ្ចប់ជីវិតវិទ្យាល័យរបស់ខ្លួន។ ជាបន្តទៅទៀត សូមឱ្យសិស្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រចំណេះជំនាញទាក់ទងនឹងភាពជាអ្នកដឹកនាំ ភាពជាសហគ្រិន បច្ចេកវិទ្យាដើម្បីអភិវឌ្ឍសមត្ថភាព ជីវភាពខ្លួនឯងឱ្យបានល្អប្រសើរ។ លើសពីនេះត្រូវចេះកសាងខ្លួនឱ្យបានថ្លៃថ្នូរ មានសីលធម៌ សុជីវធម៌ជាប់ជានិច្ច និងដឹងគុណចំពោះអ្នកមានគុណរបស់ខ្លួន។

ជាទីបញ្ចប់ អ្នកឧកញ៉ាក៏បានថ្លែងអំណរគុណចំពោះឪពុកម្តាយនិងអ្នកអាណាព្យាបាលសិស្ស ដែលតែងតែគាំទ្រ ជឿជាក់លើសាលាជានិច្ច។ នេះជាកម្លាំងចិត្តឱ្យអ្នកឧកញ៉ានិងក្រុមការងារកាន់តែប្រឹងប្រែងពង្រឹងគុណភាព វិន័យ សេវាកម្ម និងកម្មវិធីសិក្សាឱ្យកាន់តែល្អទ្វេដង។ ពិសេសអរគុណដល់ក្រុមការងារ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំទាំងអស់នៃសាលារៀនអន្តរទ្វីបអាមេរិកាំង ដែលបានធ្វើឱ្យសាលាក្លាយជាកន្លែងអប់រំដ៏មានគុណភាព ល្បីល្បាញឈានមុខគេនៅកម្ពុជាអស់ជាង១៨ឆ្នាំមកនេះ ហើយពង្រីកបានចំនួន២០សាខា ព្រមទាំងបានក្លាយជាក្រុមហ៊ុនអប់រំឯកជនទីមួយដែលបោះជំហានចូលក្នុងទីផ្សារមូលបត្រកម្ពុជា៕

អត្ថបទ៖ ហ៊ីង ស្រីរ័ត្ន