រាល់ឆ្នាំទិវានារីអន្តរជាតិ ៨មីនា តែងប្រារព្ធឡើងក្នុងបុព្វហេតុបង្ហាញពីការតស៊ូរបស់ស្ត្រីដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យ ដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង» «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា» «ការពារសុខភាពមាតានិងទារក»។
នៅក្នុងឆ្នាំ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស១៧ ចូលរួមធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃទី៨ ខែមីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក។
នៅចុងសតវត្សទី ១៩ បច្ចេកវិទ្យារីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដែលមានឧស្សាហកម្មរីកចម្រើន។ ទន្ទឹមគ្នានេះនារីនិងកុមារក្រីក្ររាប់លាននាក់បានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រនិងសហគ្រាសឯកជននានា។ ពួកម្ចាស់រោងចក្រមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនលើកម្លាំងពលកម្មរបស់នារី កុមារ និងកម្មករទន់ខ្សោយផ្សេងទៀត បានបង្ខំឱ្យពួកគេធ្វើការជាទម្ងន់ក្នុងមួយថ្ងៃពី ១២ ម៉ោងទៅដល់ ១៦ ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សរ៍តិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករជានារី និងកុមារ។ អ្នកទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា ស្ទើរតែអស់សេរីជាមនុស្ស។
ទិវានារីអន្តរជាតិកើតឡើងដោយសារព្រឹត្តការណ៍នៅឆ្នាំ១៩០៨ នៅពេលនោះមានស្រ្តីមួយម៉ឺនប្រាំពាន់នាក់ដង្ហែរក្បួនក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានប្រាក់ខែកាន់តែប្រសើរ ម៉ោងធ្វើការសមរម្យ និងមានសិទ្ធិក្នុងការបោះឆ្នោត។ មួយឆ្នាំក្រោយមក គណបក្សសង្គមនិយមរបស់អាមេរិក បានប្រកាសទិវានារីជាតិជាលើកដំបូង។
គួរកកត់សម្គាល់ថា ទិវានារីអន្តរជាតិជាថ្ងៃដែលប្រជាជនប្រទេសនីមួយៗ តែងឈប់សម្រាកពីការងារ។ ប្រទេសប្រទេសរុស្ស៊ីឱ្យតែចំថ្ងៃទិវានារីអន្តរជាតិម្តងៗ ការលក់ផ្កាហាក់កើនឡើងទ្វេដងក្នុងកំលុងពេល ៣ឬ ៤ថ្ងៃ ចន្លោះថ្ងៃ៨មីនា។ ប្រទេសចិន ស្ត្រីជាច្រើនបានឈប់សម្រាកពីការងាររបស់ពួកគេកន្លះថ្ងៃតាមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសហរដ្ឋអាមេរិក ប្រធានធិបតីធ្វើសេចក្តីថ្លែងការជារៀងរាល់ឆ្នាំ ដើម្បីគោរពដល់សមិទ្ធិផលរបស់ស្ត្រីអាមេរិកាំង។
ទិវាសិទ្ធិនារីអន្តរជាតិ៨មីនានេះ មិនមែនត្រូវបានគេប្រារព្ធជាទូទៅភ្លាមៗទេ។ ការផ្លាស់ប្តូរផ្នត់គំនិត បានប្រសើរឡើងបន្តិចម្តងៗ ដោយការប្រឹងប្រែង របស់អ្នកនយោបាយខ្លះ និងសកម្មខ្លះផង។ ជាក់ស្តែងនៅបារាំង ទាល់តែឆ្នាំ១៩៨២ហើយទេ ទើបបានមានការកំណត់ជាផ្លូវការ ស្តីពីទិវា៨មីនានេះ
សម្រាប់ទិវានារីអន្តរជាតិឆ្នាំនេះ ក្រសួងទេសចរណ៍ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលពិតជាមានសារៈសំខាន់ ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។
ក្រសួង អះអាងថា ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្រ្តីនិងបុរសនឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព៕