បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរដទៃទៀត ដែលប្រជា ជនខ្មែរទូទាំងប្រទេស តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណរាងមក។ ពិធីបុណ្យ នេះមានរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ។ បុណ្យ ភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីខ្មែរយើង មិនមែនជាបុណ្យព្រះពុទ្ធសាសនាទេ តែរបៀបនៃពិធី បុណ្យនេះ ត្រូវបានធ្វើឡើងតាមលំនាំព្រះពុទ្ធសាសនា ដោយសារតែប្រជាពលរដ្ឋខ្មែរយើងភាគ ច្រើនលើសលុប ជាអ្នកកាន់ព្រះពុទ្ធសាសានា។
តើពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកើតឡើងចាប់តាំងពីពេលណា ហើយហេតុអ្វីបានជា ប្រជាពលរដ្ឋខ្មែរប្រារព្វពិធីនេះឡើង?ហេតុអ្វីបានជាបុណ្យនេះគេប្រារព្ធធ្វើឡើងក្នុងរដូវចូល ព្រះវស្សា ហើយមានរយៈពេល១៥ថ្ងៃ?
ពិធីបុណ្យភ្ជុំបិណ្ឌ ឬយើងហៅពីសម័យមុនថា «បុណ្យសែនដូនតា» ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម្លេះ។ តែបើតាមរឿងនិទានក៏មានដំណើរដើមទងទាក់ទងនឹងមូលហេតុ ដែលនាំឲ្យកើតពិធីបុណ្យនេះដែរ។ បុណ្យភ្ជុំបិណ្ឌមានន័យថា ការប្រមូលផ្តុំដុំបាយឲ្យមកជួបជុំ គ្នា ក្នុងពិធីឧទ្ទិសបាយម្ហូបអាហារជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិ ទាំង៧សណ្តាន ដែលមានទំនាក់ទំនងពីមុនមកនិងសមីខ្លួនដែលរស់នៅ ដើម្បីបានអាហារ ទាំងនោះជូនទៅព្រលឹងខ្មោចដូនតារបស់ពួកគេ។
មូលហេតុដែលនាំឲ្យប្រារព្ធពិធីបុណ្យកាន់បិណភ្ជុំបិណ្ឌនេះឡើងគឺ៖
១. ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តគោចរបិណ្ឌបាត។ លុះក្រោយមកក៏មានការកែប្រែការប្រារព្ធបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះមកត្រឹមរយៈពេល១៥ថ្ងៃវិញ ដើម្បីជួយសម្រួលដល់ប្រជារាស្រ្តកុំឲ្យខាតពេលវេលាក្នុងការធ្វើស្រែចំការ។
២. ដើម្បីឧទ្ទិសបុណ្យកុសល ដល់ពពួកញាតិ និងជីដូនជីតាទាំងឡាយដែលបានចែកស្ថានទៅ ដោយធ្វើតាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់ និងទេយ្យវត្ថុផ្សេងៗ ដល់ព្រះសង្ឃ និងអ្នកមានសីល ឬអ្នកមានគុណធម៌ខ្ពង់ខ្ពស់។ ការធ្វើដូចនេះគឺដើម្បីឲ្យកូនចៅដែលកំពុងមានជីវិតរស់នៅឲ្យចេះធ្វើបុណ្យ ចេះធ្វើទាន រក្សាសីល ដើម្បីកុំឲ្យភ្លាត់សតិធ្វើខុសទៅ កើតក្នុងទីស្ថានដែលមិនសមគួរណាមួយ ដូចជាកើតជាប្រេត ឬសត្វនរកជាដើម។
៣. ដើម្បីជាឳកាសសម្រាប់ប្រជារាស្ត្រទូទាំងប្រទេស អាចធ្វើបុណ្យបំពេញកុសល សម្រាប់ សេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តីដល់ខ្លួនឯងនិងក្រុមគ្រួសារ នាពេលបច្ចុប្បន្ន និងទៅ កាន់បរលោកខាងមុខ។
៤. ដើម្បីបង្កើតឲ្យកូនខ្មែរចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ចាប់តាំងពីថ្នាក់ភូមិ សហគមន៏ រហូតដល់ប្រទេសទាំងមូល តាមរយៈការដាក់វេនបិណ្ឌគ្នា ព្រោះប្រជាពលរដ្ឋភាគ ច្រើនមានការរវល់រៀងៗខ្លួនក្នុងការរកស៊ីធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត រហូតគ្មានពេលជួបជុំ ធ្វើឲ្យមានភាពស្និទស្នាលគ្នាឡើយ ។
ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌមានគុណតម្លៃយ៉ាងខ្លាំងសម្រាប់សង្គមកម្ពុជា ក្នុងនោះមានដូចជា តម្លៃ នៃការដឹងគុណចំពោះបុព្វការីជនដែលបានធ្វើមរណកាលទៅ តម្លៃដឹងគុណចំពោះអ្នកមានគុណនៅក្នុងពេលបច្ចុប្បន្ន តម្លៃនៃការចូលរួមទ្រទ្រង់ព្រះ ពុទ្ធសាសនាតាមរយៈសទ្ធាបុណ្យដែលបណ្តាជនទាំងឡាយបានចូលរួមធ្វើ តម្លៃសាមគ្គីក្នុងគ្រួសារនិងប្រជាជនជាធ្លុងមួយ និងតម្លៃនៃការរក្សាបាននូវកិច្ចពិធីបុណ្យជាទំនៀមទម្លាបប្រពៃណីជាតិខ្មែរដែលមកទល់ពេលនេះបានក្លាយទៅជាអត្តសញ្ញាណជាតិមួយដោយមិនអាចប្រកែកបាន។
សម្រាប់យុវជនសម័យថ្មីគួរតែថែរក្សានូវការគោរពប្រណិបតន៍ពិធីបុណ្យនេះឲ្យបានគង់វង្ស ព្រោះថាពិធីបុណ្យប្រពៃណីខ្មែរនេះបានគោរពប្រណិបតន៍អស់កាលជាច្រើនសតវត្សរ៍មក ហើយ។ ដូចនេះក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវបន្តថែរក្សាទំនៀមទំលាប់ប្រពៃណីនេះ និងប្រតិបត្តិដោយការយល់ដឹងពិតប្រាកដ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌
ក្នុងនាមជាខ្មែរ ទាំងការស្លៀកពាក់ និងកាយវិការ កុំប្រព្រឹត្តិប្រាសចាកពីទំនៀមទម្លាប់ជាតិ ត្រូវថែរក្សាអត្តសញ្ញាណជាតិខ្លួនឲ្យមានភាពថ្កុំថ្កើងឡើង៕