យុវជន-ចំណេះជំនាញ Apr 25, 2019 | 14:27 PM

អតីតសិស្ស​និទ្ទេស A ថា ៣ចំណុច​សាមញ្ញៗ ដែលជួយ​ឱ្យខ្លួន​ទទួល​បាន​និទ្ទេសល្អ

image

ទម្លាប់ និងរបៀបសិក្សារបស់បុគ្គលម្នាក់ៗ ត្រូវបានគេមើលឃើញថា មានលក្ខណៈខុសៗ​គ្នាទៅអ្នកសិក្សា ​ចរិត ភាព​ច្នៃប្រឌិត ភាពឈ្លាសវៃ និងបរិយាកាស​​​នៅ​ជុំវិញ​របស់​អ្នក​សិក្សា​ផងដែរ។

បើក្រឡេកមើល​អតីត​សិស្សនិទ្ទេស A លំដាប់ខ្ពស់ កាលពីសម័យ​ប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សុង សុខាវឌ្ឍិ បានឱ្យដឹងថា ៣ចំណុច ដែល​ជំរុញ​ឱ្យ​ខ្លួន​ទទួល​បាន​និទ្ទេស A និង​ជាអតីត​សិស្ស​ពូកែ ប្រចាំ​សាលា​រៀន អន្តរទ្វីប អាមេរិកាំង។

ក្នុងចំណោម​៣ចំណុចនេះ​មានដូចជា ទី១ កត្តាគ្រួសារ ទី២ សាលារៀន និងទី៣ កត្តាខ្លួនឯង។

អតីតសិស្សនិទ្ទេស A រូបនេះបញ្ជាក់ថា កត្តាទី១ គឺគ្រួសារ ព្រោះថា គ្រួសារ ជាកត្តាដ៏សំខាន់​បំផុតក្នុងការ​សិក្សា​របស់ខ្លួន។ បើគ្រួសារ​ទន់ខ្សោយ ឬ​គ្រួសារ​មិន​ផ្ដល់​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិក្សា​ទេ ក៏មិន​អាចសិក្សាទៅ​បានដោយរលូន​ដែរ។ បេក្ខជនរូបនេះបន្តថា ពិសេសជាងគេ គឺឪពុកម្ដាយ​តែម្ដង ដែលជា​អ្នកលើក​ទឹកចិត្ត ចាំ​ជួយ​ជំរុញ និង​ផ្ដល់​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ការ​សិក្សា។

កត្តាទី២ សាលារៀន ព្រោះថាសាលារៀន ជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំង៣ ក្នុង​ការរួម​ចំណែក​ផ្ដល់នូវ​ចំណេះដឹង ចំណេះធ្វើ បទ​ពិសោធ ដល់​សិស្សានុសិស្ស។ សុខាវឌ្ឍិ បញ្ជាក់​ថា បើសិន​ជ្រើសសាលា​ខុស ឬសាលា​គ្មាន​គុណភាព នោះអ្នកសិក្សា​ក៏មិនអាច​ជោគជ័យ ឬទទួល​បានផ្លែផ្កា​ល្អដែរ។

បេក្ខជនលំដាប់ពិន្ទុខ្ពស់​ដដែលរូបនេះសង្កត់ធ្ងន់ថា ការទទួលបាននិទ្ទេស A នេះ ក៏ដោយសារ​ជ្រើសសាលា ដែលប្រកបដោយ​គុណភាព វិន័យ និង​សេវាកម្មល្អ។

សិស្ស​ឆ្នើមរូបនេះបន្តថា កត្តាទី៣ គឺសំខាន់បំផុត ហើយមិនអាច​ខ្វះបានផងនោះ គឺខ្លួនឯង​តែម្ដង។ ព្រោះថា អ្នកសិក្សា​ម្នាក់ៗ មានទម្លាប់ និង​របៀប​សិក្សា​មិន​ដូចគ្នា​ទាំង​អស់​ឡើយ​។ ពោល សុទ្ធសឹង​មានរបៀប និងស្ទាយ​រៀនខុសៗគ្នា​ទៅតាមភាព​ប៉ិនប្រសប់​របស់​អ្នកសិក្សា។

សុខាវឌ្ឍិ បញ្ជាក់ថា អ្នកសិក្សាខ្លះគ្រាន់តែរៀនម្ដងទេ តែចងចាំបានយូរ ហើយយល់ថែមទៀត។ តែអ្នកសិក្សាខ្លះ​ទៀត ទោះរៀនច្រើន​សារយ៉ាង​ណាក៏ដោយ ក៏មិន​សូវយល់ ហើយចាំ​បាន​យូរទេ។ តែអ្វី​ដែលសំខាន់ យុវជនរូបនេះ​និយាយថា ត្រូវតែព្យាយាម​សិក្សាដោយយក​ចិត្តទុកដាក់ ស្ដាប់គ្រូពន្យល់ បង្ហាត់បង្ហាញ និង​ចេះសួរសំណួរ​ទៅកាន់គ្រូ ឬ​អ្នក​ជំនាញ ដែល​ខ្លួន​ឆ្ងល់។ លើសពីនេះ អ្នកសិក្សា​គ្រប់រូប​ត្រូវចេះ​កំណត់គោលដៅ​ខ្លួនឯង ព្រោះ​ការកំណត់​គោលដៅបាន​ច្បាស់លាស់ នោះនឹងនាំ​ឱ្យរៀនពូកែ ទទួល​បាន​និទ្ទេស​ល្អ ហើយ​លទ្ធផល​នឹង​ទទួល​បាន​ជោគជ័យ។

គួររម្លឹកថា សុង សុខាវុឌ្ឍិ ជាអតីតសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងជាអតីត​សិស្ស​និទ្ទេស A ដែល​ទទួល​លំដាប់​ពិន្ទុ៩៩.៩៩៣ និង​ជា​បេក្ខជន​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​បេក្ខជន​ទទួល​បាន​ទន្ទេស A ចំនួន​៤២៤​នាក់ ទូទាំង​ប្រទេស៕