លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)បានអះអាងដូចនេះខណៈដែលផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
លោកបញ្ជាក់ថា កម្ពុជាបានសម្រេចប្រើឈ្មោះកីឡាគុនខ្មែរ ជាវិញ្ញាសាប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសារគុនខ្មែរជាអត្តសញ្ញាណរបស់ជាតិខ្មែរ ហើយមានប្រទេសជាច្រើនបានទទួលស្គាល់។ លោកបន្តថា បើទោះជាថៃសម្រេចថា មិនបញ្ជូនអត្តពលិកចូលរួមក្នុងវិញ្ញាសានេះក្តី ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់វិញ្ញាសាគុនខ្មែរនោះទេ ព្រោះវិញ្ញាសាមួយនេះរៀបចំបានគ្រប់គ្រាន់សម្រាប់ដំណើរការ ដោយមានប្រទេសជាច្រើនបានចូលរួម។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា កម្ពុជាក៏នឹងមិនបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើវិញ្ញាសាណាដែលដាក់ឈ្មោះមួយថៃ(MouyThai)នោះដែរ ប៉ុន្តែប្រសិនបើដាក់ឈ្មោះវិញ្ញាសា មួយ (Mouy) កម្ពុជានឹងបញ្ជូនអត្តពលិកទៅចូលរួមព្រោះថាកីឡាមួយនេះគឺមាននៅច្រើនប្រទេសដូចជា ឡាវ មីយ៉ាន់ម៉ា ហើយកម្ពុជាក៏ធ្លាប់ចូលរួមប្រកួតក្នុងវិញ្ញាសានេះផងដែរ។
បើតាមលោក វ៉ាត់ ចំរើន វិញ្ញាសារ មួយ(Mouy)ក៏មាននៅក្នុងធម្មនុញ្ញរបស់ស៊ីហ្គេមគឺជាកីឡាប្រភេទចំណាត់ថ្នាក់លេខ៣ ៕