អប់រំ Jan 18, 2024 | 17:29 PM

ហេតុអ្វីគ្រូបង្រៀនគួរមានទម្លាប់ក្នុងការឆ្លុះបញ្ចាំង?

image

លោក ចន ដេវី ដែលជាទស្សនវិទូជនជាតិអាមេរិកដ៏លេចធ្លោម្នាក់បានពោល​ថា “យើងមិនបានរៀនពីបទពិសោធន៍ទេ យើងរៀនតាមរយៈការឆ្លុះបញ្ចាំងពីបទពិសោធន៍”។ សម្រង់សម្តីនេះបានបង្ហាញពីសារៈសំខាន់នៃការឆ្លុះបញ្ចាំង។ ដូច្នេះតើអ្វីជាការឆ្លុះបញ្ចាំង?

និយាយឱ្យសាមញ្ញ ការឆ្លុះបញ្ចាំងគឺការរំលឹកឡើងវិញនូវអ្វីដែលអ្នកបានរៀន ឬបានធ្វើ ដោយមើលទៅលើដំណើរការរបស់វា ពិនិត្យមើលអ្វីដែលធ្វើបានល្អ និងមើលនូវអ្វីដែលត្រូវកែលម្អបន្ត។ បើទោះបីជាវាមានសារៈសំខាន់សម្រាប់ការបង្រៀន និងការរៀនក្តី លោកគ្រូអ្នកគ្រូមិនច្រើនទេដែលអនុវត្តការឆ្លុះបញ្ចាំងនេះ។

ហេតុអ្វីបានជាលោកគ្រូអ្នកគ្រូគួរឆ្លុះបញ្ចាំង?

អ្នកអាចនឹងចំណាយពេលជាច្រើនឆ្នាំក្នុងការបង្រៀន ប៉ុន្តែទទួលបានមកវិញនូវជំនាញបង្រៀនតិចតួចប៉ុណ្ណោះ ហើយមិនសូវបានជួយអ្វីច្រើនដល់សិស្សរបស់អ្នកទៀតផង ពីព្រោះអ្នកមិនដែលឆ្លុះបញ្ចាំង។ ការឆ្លុះបញ្ចាំងជួយអ្នកតាមដានការអនុវត្តផ្ទាល់របស់អ្នក ក៏ដូចជាបង្កើនលទ្ធផលសិក្សារបស់សិស្ស។ តាមរយៈការឆ្លុះបញ្ចាំង អ្នកអាចសម្គាល់តម្រូវការរបស់សិស្ស ដឹងពីចំណុចខ្លាំងរបស់អ្នក ស្វែងយល់ពីចំណុចដែលគួរកែលម្អ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមក្នុងថ្នាក់រៀនរបស់អ្នក។ យ៉ាងណាមិញ ជំនួសឱ្យការត្អូញត្អែរពីថ្នាក់រៀនដែលមានសម្លេងរំខាន គ្រូបង្រៀនដែលមានទម្លាប់ឆ្លុះបញ្ចាំងនឹងកត់សម្គាល់បញ្ហានេះ ហើយព្យាយាមរកវិធីដែលអាចដោះស្រាយបញ្ហាបានតាមរយៈការអានបន្ថែម ធ្វើការស្រាវជ្រាវ ឬសួរមិត្តរួមការងារជាដើម។

ទន្ទឹមនឹងនេះ ក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកអាចមានភាពមមាញឹកខ្លាំង និងវក់វីជាមួយនឹងភារកិច្ចប្រចាំថ្ងៃរបស់អ្នក រហូតអាចធ្វើអោយអ្នកភ្លេចពីគោលដៅថ្នាក់រៀនរបស់ខ្លួន។ ដូច្នេះហើយ ការឆ្លុះបញ្ចាំងមានសារសំខាន់ណាស់ក្នុងការដាស់តឿនអ្នកមិនអោយចាកឆ្ងាយពីគោលដៅ។ វារំលឹកអ្នកអំពីការរំពឹងទុករបស់អ្នកលើសិស្សានុសិស្ស តម្រូវការរបស់ពួកគេ និងអ្វីដែលអ្នកអាចធ្វើបានដើម្បីជួយដល់ការរីកចម្រើនរបស់ពួកគេ។

ជារួម បទពិសោធន៍ឬការឆ្លងកាត់ម៉្យាងមិនអាចធានាពីការរៀនសូត្រទេ។ ដើម្បីរៀន និងពង្រឹងការអនុវត្តការបង្រៀនរបស់អ្នកយ៉ាងពិតប្រាកដនិងពេញលេញ វាដល់ពេលហើយដែលអ្នកត្រូវចាប់ផ្តើមអនុវត្តការឆ្លុះបញ្ចាំង។ អ្នកមិនចាំបាច់រង់ចាំរហូតដល់ចុងបញ្ចប់នៃឆមាសដើម្បីឆ្លុះបញ្ចាំងទេ អ្នកអាចធ្វើវាឥឡូវនេះ។

ដោយ៖ កញ្ញា ទូច សុខលាង