ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Aug 16, 2018 | 14:11 PM

សេវាកម្មដឹក​ជញ្ជូន​អន្តរទ្វីប ប្រឡង​ពង្រឹង​សមត្ថភាព អ្នកបើកបរ​

image

គណៈគ្រប់គ្រង នៃសេវាកម្មដឹកជញ្ជូនអន្តរទ្វីប ដែលជាបុត្រសម្ពន្ធជាមួយនឹងវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នេះ បានរៀបចំប្រឡងរម្លឹកច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ទូទៅ ដល់អ្នកបើកបរ​រថយន្ត​សរុបចំនួន​៣៥នាក់ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។

បើតាមប្រធានផ្នែកសេវាកម្មដឹកជញ្ជូនអន្តរទ្វីប លោក ហុង ឡង់ឌី បានប្រាប់អ្នកសារព័ត៌មានថា ការរៀបចំប្រឡងនេះ ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកបើកបរ ឱ្យកាន់តែមានជំនាញ និងប៉ិនប្រសប់ក្នុងការបើកបរ។

លោកបន្តថា ក្នុង១ឆ្នាំ សេវាកម្មដឹកជញ្ជូនអន្តរទ្វីប គឺមានរៀបចំប្រឡងច្បាប់ចរាចរណ៍នេះចំនួន២ដង ដើម្បីបង្កើននូវការយល់ដឹងពីច្បាប់ និងរម្លឹកមេរៀនសំខាន់ៗឡើងវិញ។ លោកបញ្ជាក់ថា បើមិនបានរម្លឹក ឬប្រឡងឱ្យបានញឹកញាប់ទេ នោះអ្នកបើកបរដឹកសិស្សានុសិស្ស ឬអ្នកបម្រើសេវាកម្មអតិថិជន អាចនឹងភ្លេច ឬក៏ខ្វះខាតចំណុចណាមួយ។

ប្រធានផ្នែកសេវាកម្មអន្តរទ្វីបរូបនេះបន្ថែមថា ការប្រឡងនេះ មិនមែនតែប្រឡងច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់ទម្លាប់ទូទៅប៉ុណ្ណោះទេ តែក៏មានការបញ្ចូល​ពីចំណេះដឹង​ផ្នែក​បច្ចេក​ទេស​យាន​យន្ត និងអ្នកបើកបរផងដែរ។

ម្យ៉ាងការប្រឡងនេះ ក៏ដើម្បីវាស់ស្ទង់សមត្ថភាព ក្រើនរម្លឹកច្បាប់ចរាចរណ៍ និងរិះរកនូវចំណុចខ្វះខាតរបស់តៃកុងឡាន ដើម្បីបណ្ដុះបណ្ដាល ឬតម្រង់ទិសពួកគេបន្ថែម តាមរយៈអ្នកជំនាញផ្នែកច្បាប់ចរាចរណ៍ នៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមពីលោក ហុង ឡង់ឌី។

សេវាកម្មដឹកជញ្ជូនអន្តរទ្វីប ជាសេវាកម្មមួយផ្ដោតសំខាន់ទៅលើការដឹកជញ្ជូនសិស្សានុសិស្ស នៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាស្ថាប័នអប់រំមួយ​ឈានមុខគេប្រកបដោយគុណភាព សុវត្ថិភាព និងផាសុកភាព។ សព្វថ្ងៃនេះ សេវាកម្មដឹកជញ្ជូនអន្តរទ្វីប មានរថយន្តជាង១០០គ្រឿង មានយានដ្ឋាន និងកន្លែងលាងរថយន្តផ្ទាល់ ដែលធ្វើឱ្យសេវាកម្មនេះ ដំណើរការទៅយ៉ាងរលូន។

គួររម្លឹកថា មាត្រា ៩ លក្ខខណ្ឌនៃអ្នកបើកបរយានយន្តគ្រប់ប្រភេទ គួរឈ្វេងយល់ និងអនុវត្ត​នូវវិធានការទាំង១២ ចំណុចដូចខាងក្រោម ៖

1. អ្នកបើកបរយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូប ឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត។
2. នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និង​ឆាប់​រហ័ស​ជា​ពិសេស​លទ្ធភាព​នៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផេ្សងៗ ដែលនាំឲ្យបាំងភែ្នកអ្នកបើកបរ។
3. អ្នកបើកបរ និងអ្នកដំណើរដែលជិះនៅកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខែ្សក្រវាត់សុវត្ថិភាពជាដាច់ខាត។
4. អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវពាក់មួកការពារសុវត្ថិភាព។
5. ហាមផ្ទុកមនុស្ស ឬទំនិញពីមុខអ្នកបើកបរ ។
6. ហាមក្មេងអាយុក្រោម ១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយ ឬនិងគ្មានពាក់ខែ្សក្រវាត់សុវត្ថិភាព។
7. ទារកអាយុតិចជាង ១០ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
8. កុមារមានអាយុចាប់ពី ១០ខែ ទៅ៤ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខែ្សក្រវ៉ាត់សុវត្ថិភាពចងផែ្អកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត។
9. ហាមធ្វើឲ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវនិងអ្នកប្រើប្រាស់ផ្លូវ។
10. ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី ០,២៥ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
11. ហាមបើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់លើទ្រូងផ្លូវ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកង់កៅស៊ូ។
12. ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានយន្ត។ ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណ៍ភ្ជាប់ទំនាក់ទំនង ឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ ។