យុវជន-ចំណេះជំនាញ Apr 25, 2019 | 15:02 PM

សឹង​ពុត្រ បញ្ញា ត្រៀម​នាំ​ភាពយន្ត​ខ្លី​របស់​ខ្លួន ទៅ​ប្រកួត​នៅ​ជប៉ុន ជាមួយ​សិស្ស​ជាង១០ប្រទេស​​

image


​យុវ​សិស្ស សឹង​ពុត្រ បញ្ញា ដែល​សិស្ស​នៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បាន​រួមគ្នា​ជាមួយ​យុវ​សិស្ស​ពីរ​រូប​ទៀត​ បានផលិតភាព​យន្ត​ខ្លី​បែប​អប់រំ​នេះ​ឡើង។ យុវ​សិស្ស​វ័យ១៧ឆ្នាំ​រូប​នេះ​នឹង​យក​ស្នាដៃ​ខ្លួន​ទៅកាន់​ក្រុង​គី​តាមិ ខេត្ត​ហុក​កៃ​ដូ ប្រទេស​ជប៉ុន ក្រោម​កម្មវិធី JENESYS 2018 នៅ​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​ប្រកួត​ជាមួយ​ស្នាដៃ​សិស្ស​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០ ព្រមទាំង​ទីម័រខាងកើត ចិន តៃវ៉ាន់ ម៉ុងហ្គោលី កូរ៉េ​ខាងត្បូង និង​ជប៉ុន។

​ភាពយន្ត​ខ្លី «កូនប្រុស​គ្មាន​ទំនួល​ខុសត្រូវ» ដែល​បាន​ជាប់​នៅ​វគ្គ​ពាក់​ក​ណ្តាល​ផ្តាច​ព្រ័ត្រ​នេះ និយាយ​ពីក្មេង​ប្រុស​ម្នាក់មិន​ឱ្យ​តម្លៃ​ម្ដាយ​របស់​ខ្លួន។ រូបគេ​ជា​មនុស្ស​គ្មាន​ទំនួល​ខុសត្រូវ​លើ​ខ្លួនឯង រួមទាំង​ការសិក្សាផង។ នៅទីបំផុត គេ​បាន​ក្លាយជា​មនុស្ស​វង្វេង​សតិ ក្រោយពី​ម្ដាយ​របស់​គេ​ជួប​ឧបទ្ទវហេតុ​ស្លាប់ ដែល​កើតឡើង​ដោយសារ​រូបគេ។

​យុវ​សិស្ស​វ័យក្មេង​ដែល​មាន​ចំណូលចិត្ត​លើ​ការផលិត​ភាពយន្ត​រូប​នេះ​និយាយ​ថា «ចំពោះ​ការ​ថត ការ​រៀប​ប្លង់ ការ​សរសេរ​រឿង គឺ​ក្រុម​ខ្ញុំ ជា​អ្នក​រៀបចំ​ធ្វើ​ទាំងអស់ តែ​មានការ​សហការ​ជំនួយ​ពី​មិត្តភក្ដិ​ក្នុង​ការ​ធ្វើ Background។ ​ដោយសារតែ​ខ្វះ​សម្ភារៈ​បច្ចេកទេស​ច្រើន ទើប​ភាពយន្ត​ខ្លី​នេះ​នៅ​មានការ​កម្រិត។ តាមពិត​ទៅ​រឿង​នេះ ជា​ជម្រើស​ទី២របស់​ក្រុម​ខ្ញុំ​ទេ ព្រោះ​រឿង​ទី១មិនសូវ​ស៊ីជម្រៅ​នឹង​ប្រធានបទ​ដែលគេ​បាន​កំណត់​មក»។

​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ អាស៊ី ​ឆ្នាំ២០១៨ បាន​រៀបចំ​ដោយស្ថាន​ទូត​ជប៉ុន​នៅ​កម្ពុជា​ ក្រសួង​អប់រំ យុវជន និងកីឡា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា ជប៉ុន ​(CJCC)។ ការប្រកួត​ប្រជែង​ផ្នែក​ខ្សែភាពយន្ត​ខ្លី​ឆ្នាំ២០១៨នេះ ផ្តោត​លើ​ប្រធានបទ «ការទទួលខុសត្រូវ​ដោយខ្លួនឯង» ដោយ​មាន​គោល​បំណង​លើក​ទឹកចិត្ត​សិស្សវិទ្យាល័យ ​ដែល​មាន​ឆន្ទៈ​ក្នុង​ការផលិត​ខ្សែភាពយន្តបង្ហាញ​សក្តា​នុ​ពល​គំនិត​ និង​ភាព​ច្នៃប្រឌិត​របស់​ពួកគេ។

​នេះ​ជា​លើក​ទី១ហើយ​សម្រាប់ យុវ​សិស្ស សឹង​ពុត្រ បញ្ញា ដែល​បាន​បង្ហាញ​សា្ន​ដៃ​ផលិតភាព​យន្ត​របស់​ខ្លួន​លើឆាកអន្តរជាតិ តែ​នេះ​មិនជា​ស្នាដៃ​ដំបូង​ឡើយ ព្រោះ​កន្លងមក​យុវ​សិស្ស​រូបនេះបាន​និពន្ធ ផលិតភាព​យន្ត​ខ្លី និង​និពន្ធ​បទចម្រៀង​ផង​ដែរ។ បើ​ទោះបីជា​បញ្ញា​ស្រឡាញ់ និង​មាន​ជំនក់​ចិត្តខ្លាំង​នឹង​ការ​តែង​និពន្ធ រួម​ទាំង​ការ​ផលិត​ភាពយន្ត​ក្តី ប៉ុន្តែ​រូបគេ​គ្មាន​បំណង​ចាប់​យក​ជំនាញ​នេះ​ជា​អាជីព​ជីវិត​​ទេ គ្រាន់តែរូបគេ​ធ្វើឡើង​ដើម្បី​គេច​ចេញពី​ការ​ស្មុគស្មាញ​ប៉ុណ្ណោះ។

​យុវ​សិស្ស​វ័យ១៧ឆ្នាំ​រូប​នេះ​បន្ត​យ៉ាង​ដូច្នេះ​ថា «មិន​ត្រឹមតែ​សរសេរ​រឿង​ទេ ពេលខ្លះ​ខ្ញុំ​ក៏អាច​តែង​ចម្រៀង​បាន​ដែរ ព្រោះថា​ជា​ផ្លូវ​មួយ ដើម្បី​អារម្មណ៍​ស្រស់​ស្រាយ​ពី​ភាព​តឹងតែង។ កាលពីក្មេង ខ្ញុំ​ក៏​មានបំណង​ចង់​ចាប់​ជំនាញ​នេះ​ដែរ តែ​ធំឡើង​ខ្ញុំ​ចង់​ចាប់​ជំនាញ​ស្ថាបត្យកម្ម​វិញ ព្រោះ​ខ្ញុំ​ក៏​ចូលចិត្ត​ជំនាញ​ហ្នឹង​ពីក្មេង​មក​ដែរ»។

​សឹង​ពុត្រ បញ្ហា គឺជា​សិស្ស​ម្នាក់​ដែល​រៀន​ពូកែ តែ​មិន​ឆ្នាស់​ឆ្នើម​លើសគេ​ឯង​នោះ​ដែរ។ ប៉ុន្តែ​រូបគេ​ជា​មនុស្ស​មាន​ជំនក់​ចិត្តនឹង​ការ​អាន​សៀវភៅ។ បច្ចុប្បន្ន​យុវ​សិស្ស​កូន​អ្នកក្រុង​ភ្នំពេញ​រូប​នេះ រៀន​នៅ​ថ្នាក់​ទី១១ និង​ត្រៀម​ចូលរៀន​ថ្នាក់​ទី១២នៅ​ឆ្នាំ​សិក្សា​ថ្មីនេះ។ បញ្ញា ​គឺជា​សិស្សរៀនសាលា​រៀន អន្តរទ្វីប អាមេរិកាំង ចាប់ពី​ថ្នាក់​បឋម​មក​ម្ល៉េះ រហូតមកដល់​ពេលនេះ​មាន​រយៈពេល១២ឆ្នាំ​ហើយ។

​ចំពោះ​ការ​សរសេរ និង​ការផលិត​ភាពយន្ត​ខ្លី ​រូបគេបញ្ជាក់​ថា មិនបាន​រៀន​ពី​គ្រូ​ណា​​ទេ តែ​វា​កើត​ចេញ​ចំណង់​ចំណូលចិត្ត និង​ឆ្លងកាត់​ការ​អាន​សៀវភៅ​ល្អៗ​ពី​អ្នក​និពន្ធ​ជាច្រើន ទាំង​សៀវភៅ​និពន្ធដោយ​ជនបរទេស និង​ជនជាតិ​ខ្មែរ គឺ​យុវ​សិស្ស​រូប​នេះ​បាន​អាន​ច្រើន៕