យុវជន-ចំណេះជំនាញ May 27, 2018 | 17:23 PM

សិស្ស AIS ពីររូប ទទួលបានមេដាយប្រាក់ និងសំរិទ្ធ ក្នុងការប្រឡង គណិតវិទ្យាអូឡាំពិក

image

សិស្ស​ទាំង​ពីរ ដែល​បាន​ចូល​រួម​ប្រកួត​ជា​មួយ​សិស្ស​ដទៃ​ទៀត នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី២១ ខែ មេសា ឆ្នាំ​២០១៨ នៅ​វិឡាស័យ​ស៊ី​សុ​វត្តិ មាន កុមារី សម្បត្តិ សិ​រីកា ទទួលបានមេដាយ​ប្រាក់ និង កុមារា ចាន់ វិទូ ទទួល​បាន​មេដាយ សំរិទ្ធ ។

ពិធីប្រគល់មេដាយ និងវិញ្ញាបនបត្រនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា នាវិទ្យាល័យស៊ីសុវត្តិ។ ពួកគេ នឹង​ត្រូវ​បាន​​អនុញ្ញា​ត ឱ្យ​ចូល​រួម​ប្រកួត នៅ​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី០៦ ដល់​ថ្ងៃ​ទី០៩ ខែ​កក្កដា ឆ្នាំ ២០១៨ ខាង​មុខ។

ខណៈ​ពេល​ដែល​សិស្ស​ទាំង​២បាន​ទទួល​មេដាយ​នេះ លោក ឡេង សុខអេង ចាងហ្វាង​ក្រោម​មត្តេយ្យ មត្តេយ្យ និង​បឋម​សិក្សា នៃ​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង សាខា​ម៉ៅសេ​ទុង បាន​លើក​ឡើង​ថា លោក​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ដែល​សិស្ស AIS ដណ្តើម​បាន​មេដាយ​ទាំង​ពីរ​នេះ។ លោក​រំពឹង​ថា ពួក​គេ​នឹង​ដណ្តើម​មេដាយ​បន្ត​ទៀត​ត្រលប់មក​វិញ ពេល​ទៅ​ចូល​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​នា​ពេល​ខាង​មុខ ខណៈ​កាល​​ពីឆ្នាំ​​មុន កុមារី សម្បត្តិ សិ​រីកា ដែល​បាន​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី ទទួល​បាន​មេដាយ​សំរិទ្ធិ។

គួរបញ្ជាក់ថា SASMO គឺជា​ការប្រលងគណិត​វិទ្យាអូឡាំពិក​ដែល​មិន​ត្រឹម​តែពង្រីក​ចំណេះដឹង​ដល់​សិស្ស​ដែល​ពូកែ​តែ​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​មាន​បំណង​ជំរុញ​នឹង​ផ្តល់​ទំនុក​ចិត្ត​ដល់​សិស្ស​ទាំង​អស់​គ្នា​។ ការប្រលង​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​របៀប​មួយ​ដើម្បី​​ធ្វើ​ឱ្យ​សិស្ស​ទាំង​អស់​ចូល​ចិត្ត​គណិត​វិទ្យា​។ ការប្រលង SASMO គឺស្របទៅ​នឹង​កម្មវិធី​សិក្សា​របស់​សាលា​ដោយ​ផ្តោតការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើការបូក​សរុប​បញ្ហា​មិន​ប្រក្រតី។ ការ​រៀបចំ​សម្រាប់​ការប្រលង SASMO ជួយ​និស្សិត​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រឡង PSLE និង O-Level ។

បន្ទាប់ពីឡើងទទួលមេដាយ កុមារី សម្បត្តិ សិ​រីកា អាយុ​១០ឆ្នាំ រៀន​នៅ​ថ្នាក់​ទី ៤ ក នៃ​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បាន​ឱ្យ​ដឹងថា នេះ​ជា​លើក​ទី២ ដែល​នាង​ទទួល​បាន​មេដាយ​ប្រាក់ ក្នុង​ការ​ប្រកួត SASMO​នេះ។ ហើយ​នាង​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស សិង្ហបុរី។

ចំណែក កុមារា ចាន់ វិទូ បាន​ប្រាប់​ដែរ​ថា ទោះ​នេះ​ជា​លើក​ទី១ តែ​ខ្លួន​សប្បាយ​ចិត្ត ដែល​ដណ្តើម​បាន​មេដាយ​សំរិទ្ធ ហើយ​ក្នុង​ការ​ប្រកួត​លើក​ក្រោយ​នៅ​ប្រទេស សិង្ហបុរី ខ្លួន​នឹង​យក​ឱ្យ​បាន​មេដាយ​មាស៕