ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សិស្សានុសិស្សថ្នាក់ទី៨ មួយក្រុមប្រមាណ២៥នាក់ បានរួមគ្នាធ្វើការពិសោធស្តីពី «ការផលិតគំរូប្រដាប់ដង្ហើម» ដឹកនាំដោយគ្រូឯកទេសជីវវិទ្យា។
លោកស្រី វ៉ែន សិទ្ធិដា គ្រូបង្រៀនឯកទេសជីវវិទ្យា បានឱ្យដឹងថា មានបំណងបង្ហាញពីលក្ខណៈខុសគ្នារវាងប្រដាប់ដកដង្ហើមខាងក្នុង និងរូបរាងខាងក្រៅខ្លួនមនុស្ស។ ជាពិសេស គឺឈ្មោះបណ្តុំប្រដាប់ដកដង្ហើម ដែលកើតចេញពីស្រទះទ្រូង តួនាទីដ៏មានសារៈសំខាន់នីមួយៗផងដែរ។ អ្វីដែលសំខាន់ជាងនេះនោះ គឺបង្រៀនសិស្សឱ្យចេះកែច្នៃដបទឹកសុទ្ធ ថង់ប្លាស្ទិច ប៉េងប៉ោង និងបំពង់ប៊ឺត ឱ្យទៅជាវត្ថុដែលមានតម្លៃ ដោយច្នៃចេញជារូបរាងនៃប្រដាប់ដកដង្ហើមរបស់មនុស្សយើងម្នាក់ៗ។
គ្រូដដែល បន្តថា ការពិសោធនីមួយៗពិតជាមានសារៈសំខាន់ណាស់ចំពោះសិស្ស ព្រោះការសិក្សាតែផ្នែកទ្រឹស្តី គឺគ្រាន់តែបានយល់តែខ្លឹមសារនៃមេរៀនខ្លះៗតែប៉ុណ្ណោះ ពោលគឺមិនទាន់គ្រប់ជ្រុងជ្រោយឡើយ។ ចំណែកឯការអនុវត្តជាក់ស្តែងបែបនេះវិញ សិស្សអាចទទួលបានចំណេះដឹងជាច្រើន និងចេះចាំស្ទាត់នូវខ្លឹមសារមេរៀនបានយ៉ាងប្រសើរ។
យុវសិស្ស តូ វត្តី បានឱ្យដឹងដែរថា ការពិសោធបានធ្វើឱ្យសិស្សទទួលបានចំណេះដឹង និងបានយល់បន្ថែមនូវខ្លឹមនៃមេរៀនកាន់តែច្បាស់ ព្រោះការពិសោធ គឺជាអនុវត្តផ្ទាល់ដៃ និងឃើញច្បាស់ផ្ទាល់ភ្នែក។
យុវត្តីរូបនេះ បន្តថា ក្រៅពីទទួលបានចំណេះដឹង ក៏ទទួលបានចំណងមិត្តភាព បន្ទាប់យើងបានសហការគ្នាយ៉ាងយកចិត្តទុកដាក់ ចំពោះការពិសោធនេះ៕