យុវជន-ចំណេះជំនាញ May 28, 2018 | 17:25 PM

សិស្ស AIS ជាង៣០០នាក់ ចុះទស្សនកិច្ចសិក្សាឈ្វេងយល់ពីវត្ថុបុរាណ​ និងសង្គម​ នៅខេត្តកំពង់ស្ពឺ

image

​កាលពី​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៨ គណៈ​គ្រប់​គ្រង​​សាលា​រៀន អន្តរ​ទ្វីប ​អាមេរិកាំង បាន​​ដឹក​នាំ​​សិស្សានុ​សិស្ស​ថ្នាក់​ទី៨ ទាំង​៣​សាខា ចុះ​ទស្សនកិច្ច​សិក្សា​នៅ​សារមន្ទីរនរបុរី និង​កសិដ្ឋាន​ចិញ្ចឹម​ត្រី ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ចំបក់ ឃុំវល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ​ដើម្បី​​ឱ្យ​ពួក​គេ​បាន​សិក្សា​ឈ្វេង​យល់​ពី​សង្គម​ខាង​ក្រៅ ទី​តាំង​ភូមិ​សាស្រ្ត និង​វត្ថុ​បុរាណ​នានា ដែល​តាំង​នៅ ក្នុង​សារមន្ទីរ។

លោក រឿង សុភាព ចាងហ្វាង មធ្យម​សិក្សា​បឋម​ភូមិ នៃ​សាលា​រៀន អន្តរ​ទ្វីប ​អាមេរិកាំង បាន​ឱ្យ​ដឹងថា នេះ​ជា​លើក​ទី១១៨ ហើយ ដែល​សាលា​អន្តរ​ទ្វីប ​អាមេរិកាំង បាន​ដឹក​សិស្ស​របស់​ខ្លួន​ចុះ​ទស្សនកិច្ច​សិក្សា​ពី​តំបន់​នី​មួយៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បញ្ជា​ក់ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ឱកាស​មួយ ដែល​សិស្សានុ​សិស្ស​ទាំង​អស់​បាន​សិក្សា និង​យល់​ដឹងពីការប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ កម្រិត​ជីវភាព​រស់​នៅ និង​ស្មារតី​ឧស្សាហ៍​ព្យាយាម​របស់​ប្រជា​កសិករ​ខ្មែរ​នៅ​តាម​ទីជនបទ ព្រម​ទាំង​សិក្សា​ពីស្នា​ដៃ​ចម្លាក់ វត្ថុ​សិល្បៈ ដែល ធ្វើ​អំពី​ឈើ និង​ថ្មម៉ាប​ជា​ដើម ​​និង​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​ត្រូវ​បាន​អភិរក្ស​នៅ​ក្នុង​សារមន្ទីរនរបុរី ។

លោក​បន្ថែម​ថា«យើង​ចង់​ឱ្យ​គាត់​ចូល​រួម​ថែ​រក្សា នូវ​វប្បធម៌​ប្រពៃណី ដែល​យើង​មាន​ពី​មុន។ ក្រៅ​ពី​នេះ​យើង​ក៏​នាំ​ប្អូនៗ​ឱ្យ​ចេះ​សហការ​គ្នា ជា​ក្រុម»។

ចាងហ្វាង មធ្យម​សិក្សា​បឋម​ភូមិ ដ​ដែល​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ឱ្យ​ពួក​គេ​បាន​សិក្សា​ពី​ទិដ្ឋភាព​ទាំង​នេះ សាលា​ក៏​មាន​បំណង​បណ្តុះ​ឱ្យ​ពួក​ចេះ​រួម​កិច្ចការ​សង្គម និង​ការ​ចេះ​ចែក​រំលែក តាម​រយៈការ​ចែក​អំណោយ​ឱ្យ​សិស្ស​សាលា​នៅ​ជនបទ​ដែល​ខ្វះខាត ដែល​អំណោយ​ទាំង​នោះ គឺ​កើត​ចេញ​ទឹក​ចិត្ត​របស់​ពួក​គេ​ផ្ទាល់ តាម​អ្វី​ដែល​ខ្លួន​មាន។

មាន​វត្ត​មាន​ក្នុង​ដំណើរ​ទេស្សនកិច្ច ជា​មួយ​សិស្ស​ដទៃ​ទៀត យុវ​សិស្ស សំពៅ មុន្នីរ៉ាយុទ្ធ រៀន​ថ្នាក់​ទី៨ ក បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​នេះ បាន​ផ្តល់​បទ​ពិសោធ​ថ្មីៗ និង​ចំណេះដឹង​ជា​ច្រើន​ដល់​ខ្លួន។ យុវ​សិស្សរូបនេះបន្តថា​ ​បន្ទាប់​ពី​បាន​ចូល​រួម រូបគេ​បាន​ដឹងពីទី​តាំង​ភូមិ​សាស្រ្ត ឃើញ​ទិដ្ឋភាព​រស់​នៅ​ជាក់​ស្តែង​របស់​ប្រជា​ពលរដ្ឋ និងការ​សិក្សា​របស់​សិស្ស​នៅ​តំបន់​ជនបទ ស្គាល់​នូវ​វត្ថុ​បុរាណ​ប្លែកៗ និង​ប្រភេទ​ត្រី​ផ្សេងៗ។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្លួន កាន់​តែ​សប្បាយ​ចិត្ត​នោះ គឺ​បាន​ចូល​រួម​ផ្តល់​អំណោយ​ដល់​សិស្ស​ក្មេង​នៅ​សាលា​ដែល​ខ្វះខាត។

គួរ​ជម្រាប​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​របស់​សាលា​រៀន អន្តរ​ទ្វីប ​អាមេរិកាំង ដែល​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្តង សម្រាប់​សិក្សា​នុ​សិស្ស​គ្រប់​កម្រិត​ទាំង​អស់ ក៏​ចូល​រួម​បង្កើន​ភាព​ក្លាហាន និង​បទ​ពិសោធ​ក្នុង​ការបក​ស្រាយ ការ​សហការ ការ​ដឹក​នាំ ឯករាជ្យ​ភាព សាមគ្គី​ភាព ភាព​ម្ចាស់​ការ ​ទំនាក់​​ទំនង​​ក្នុង​ក្រុម និង​​ទំនាក់​​ទំនង​ជា​មួយ​មហា​ជន​បាន​កាន់​តែ​ប្រសើរ រឹតចំណង​មិត្ត​ភាព និង​សាមគ្គី​ភាពជា​មួយ​មិត្ត​រួម​ថ្នាក់ និង​មិត្ត​រួម​ជំនាន់​របស់​ពួក​គេ ក៏​ដូចជា​បាន​ឆ្លុះបញ្ចាំង​ខ្លឹមសារ​ដែល​បាន​សិក្សា​នៅ​ក្នុង​មេ​រៀន​ទៅ​នឹង​ស្ថានភាព​សង្គម​ជាក់​ស្តែង​ផង​ដែរ៕