ភាសា គឺជាយានដ៏សំខាន់សម្រាប់ទំនាក់ទំនងដែលមិនអាចខ្វះបាន។ ការធ្វើទំនាក់ទំនងផ្អែកលើគោលបំណង ក្រៅពីការបង្ហាញនូវចិត្តគំនិត ការផ្លាស់ប្ដូរវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំជាដើម។ ដើម្បីសម្របខ្លួនទៅក្នុងសម័យសាកលភារូនីយកម្ម យុវជន រួមទាំងកុមារខ្មែរតូចៗ ជាច្រើនបានចាប់អារម្មណ៍ងាកមកសិក្សាភាសាបរទេស។ ភាសាបរទេសដែលកំពុងពេញនិយមគួរឱ្យកត់សម្គាល់នោះរួមមានអង់គ្លេស ភាសាចិន កូរេ និងជប៉ុន។
កុមារា លីម ប្រសិទ្ធ ជាមនុស្សម្នាក់ ដែលស្រឡាញ់ពេញចិត្តនឹងការរៀនភាសាអង់គ្លេស ព្រោះខ្លួនគេយល់ថា ជាជំនាញមួយងាយស្រួលរកការងារធ្វើ។ និយាយរួមទៅជាឱកាសកសាងសមត្ថភាព។ កុមារាម្នាក់នេះបន្តដោយលើកឡើងឱ្យតម្លៃទៅលើភាសាអង់គ្លេសថា ជាភាសាមួយដ៏មានសារៈសំខាន់បំផុតក្នុងសម័យសាកលភាវូបនីយកម្មនេះ។ ជាពិសេសក្នុងឱកាសការងារ និងជាភាសាមួយសម្រាប់ទំនាក់ទំនងអន្តរជាតិជាសាកល។
សម្រាប់អ្នកសិក្សាមួយចំនួន ជាពិសេសនិស្សិតខ្មែរ បានយល់ថា ភាសាបរទេសពិតជាសំខាន់ណាស់ចំពោះពួកគេក្នុងតម្រូវការសិក្សាស្រាវជ្រាវត្រូវតែចេះភាសាបរទេស។ នេះគឺជាហេតុផលដ៏សំខាន់មួយដែលពួកគេយល់ឃើញ។ ដោយយល់ពីសារៈសំខាន់ដូចនេះ ទើបពួកគេបានខិតខំរៀនសូត្រភាសាបរទេសយ៉ាងស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាបរទេសទាំងនេះ។
គិតត្រឹមបច្ចុប្បន្ន ចរន្តនៃការសិក្សាភាសាបរទេសរបស់យុវជនខ្មែរមានសន្ទុះកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ យុវជនភាគច្រើនសិក្សាភាសាបរទេសលើសពីពីរភាសាក៏មានដែរ។ ជាពិសេសគេសង្កេតឃើញកុមារតូចៗ ដែលជាកូនអ្នកមានជីវភាពធូរធារ។
យុវតី ទឹម សុខម៉ី ដែលកំពុងសិក្សាភាសាអង់គ្លេស នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ យល់ឃើញថា ការចេះភាសាណាមួយច្បាស់លាស់មិនមែនជារឿងអាក្រក់ទេ ព្រោះវាជាប្រភពដ៏រឹងមាំក្នុងការចាប់ឱកាសការងារ។ អ្វីដែលយុវតីម្នាក់នេះកត់សម្គាល់ឃើញនោះមិនថាតែយុវជនទេ សព្វថ្ងៃនេះសូម្បីម្ដាយឪពុកដែលមានកូនតូចៗបានដាក់ឱ្យរៀនភាសាទាំងនេះតាំងពីតូចៗម្ល៉ោះ ព្រោះពួកគាត់យល់ភាសាទាំងនេះកំពុងពេញនិយម។ ដូច្នេះការចេះភាសាអង់គ្លេស ឬភាសាចិនស្របតាមបរិបទទីផ្សារការងារមិនមែនជារឿងចម្លែកឡើយសម្រាប់កម្ពុជា។
យុវតី ទឹម សុខម៉ី លើកឡើងយ៉ាងដូច្នេះថា «ដោយសារអាណាព្យាបាលខ្លះគិតថា ប្រទេសយើងស្ថិតក្នុងប្រទេសកំពុងអភិវឌ្ឍ។ អ៊ីចឹងហើយពួកគាត់ត្រូវឱ្យកូនទៅរៀនភាសាចិន ឬអង់គ្លេសដែលពេញនិយម»។
សម្រាប់អ្នកជំនាញមួយចំនួនយល់ដែរថា ការណ៍ដែលសិស្សានុសិស្សខ្សោយភាសាបរទេស ទើបជាហេតុដើរស្ទើរតែមិនទាន់ពិភពលោកខាងក្រៅ ហើយកម្រិតចំណេះដឹង និងការពិចារណាមានការថមថយចុះជាលំដាប់ទៅតាមនោះដែរ។
ទាក់ទងនឹងការសិក្សានេះ លោកឧកញ៉ា គួច ម៉េងលី បានលើកឡើងថា ដើម្បីអវភិឌ្ឍសមត្ថភាពការងារ យុវជនខ្លួនឯងត្រូវចេះភាសាប្រាំពីរ គឺដើមកំណើត (ភាសាខ្មែរ) ភាសាសាកល (ភាសាអង់គ្លេស ឬចិន) ភាសាអាជីព (ជំនាញ) ភាសាបច្ចេកវិទ្យា ភាសាការទូត ភាសាកាយវិការ និងភាសាអាស៊ាន។
លោកពន្យល់ថា ភាសាចម្បងដែលយើងត្រូវចេះ គឺភាសាខ្មែរ ព្រោះជាភាសាដើមកំណើតមានសារៈសំខាន់ណាស់ ក្នុងការប្រើប្រាស់ប្រាស្រ័យទាក់ទងគ្នា និងប្រើប្រាស់ក្នុងការងារ មិនថាធ្វើការ នៅក្រុមហ៊ុនណានោះទេ។ បើចង់ដឹកនាំអ្នកដទៃឱ្យល្អ យើងត្រូវចេះភាសាជាតិឱ្យច្បាស់ជាមុន បន្ទាប់មកភាសាអង់គ្លេស ដែលជាភាសាសកល ព្រោះមនុស្សជុំវិញពិភពលោក ប្រើប្រាស់ភាសាអង់គ្លេសសឹងតែទាំងអស់គ្នាក្នុងការទំនាក់ទំនង ហើយបន្តិចទៀតអាចភាសាចិន។ មួយទៀត ភាសាអាជីព ជាជំនាញដែលយើងរៀនជាអាជីព។ បន្ទាប់មកទៀត ភាសាការទូត ដែលជាភាសាទំនាក់ទំនង។ ភាសាទី៥ គឺភាសាបច្ចេកវិទ្យា គឺយើងត្រូវហ្វេសប៊ុក អ៊ីម៉ែល។ ក្រៅពីនេះយើងត្រូវចេះភាសាកាយវិការ និងភាសាអាស៊ាន គឺសំដៅដល់ការចេះអំពីវប្បធម៌អាស៊ាន៕