យុវសិស្សថ្នាក់ទី១១ ម៉ែនកែវ ប្រុសពេជ្យ បានលើកឡើងថា ការរៀនធ្វើម្ហូប មិនមែនជារឿងឥតប្រយោជន៍នោះទេ វាគឺជាបំណិតជីវិតដែលបានផ្ដល់ឱកាសឱ្យសិស្សចេះធ្វើការរួមគ្នា ដោយការយកចិត្តទុកដាក់ ជាពិសេសបង្កើនទំនាក់ទំនងមិត្តភាពដ៏ល្អជាមួយគ្នា។
ស្រដៀងគ្នានេះ យុវតី ប្រាក់ ស្រីពេជ្រ បានបញ្ជាក់ថា យ៉ាងហោចណាស់ ក៏អាចឱ្យយើងស្គាល់ពីមុខម្ហូប គ្រឿងផ្សំ និងវិធីធ្វើ ជាដើម។ បន្ថែមពីនេះ ធ្វើឱ្យយើងចេះសាមគ្គី មិនមើលបំណាំគ្នា ចេះជួយយកឧស្សាហ៍គ្នា ចេះអត់ឱនឱ្យគ្នា និងបង្កើតភាពស្និទ្ធស្នាលជាមួយមិត្តៗនៅក្នុងថ្នាក់។
ថ្លែងក្នុងដំណើរការដឹកនាំសិស្សរៀនធ្វើបំណិនជីវិត ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ អ្នកស្រី ងួន ស៊ីថា គ្រូភាសាខ្មែរ បានប្រសាសន៍ថា សាលា ជារៀងរាល់ចុងឆ្នាំ ក្រោយពីបញ្ចប់មេរៀនគោល តែងតែដឹកនាំសិស្សធ្វើបំណិនជីវិត ឬធ្វើការណែនាំសិស្ស ជាគន្លឹះតូចៗ សម្រាប់ដើមទុន ក្នុងការច្នៃឱ្យជីវិតរបស់គាត់កាន់តែមានភាពរុងរឿង និងមានសុភមង្គល។
អ្នកស្រី បន្ដថា «ការធ្វើបែបនេះដើម្បីឱ្យសិស្សានុសិស្ស មានបំណិនប្រសប់ក្នុងជីវិតប្រចាំថ្ងៃ ក្រៅពីមុខវិជ្ជាគោល ដើម្បីឱ្យគាត់មានទុនទុកជាបទពិសោធ មានភាបប៉ិនប្រសព្វ ក្រៅពីមុខជំនាញ ដែលគាត់សិក្សាហើយ គាត់អាចយកស្នាដៃច្នៃប្រឌិតរបស់គាត់ យកទៅប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់បាន»។
ក្នុងសកម្មភាពធ្វើម្ហូបនេះ អ្នកស្រី ងួន ស៊ីថា កត់សម្គាល់ឃើញថា សិស្សម្នាក់ៗចេះធ្វើការសហការគ្នាបានល្អ ហើយមានភាពសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា ការធ្វើបំណិនជីវិត ធ្វើឱ្យសិស្សចេះសហការគ្នា ចេះសាមគ្គីគ្នា ចេះឈ្វេងយល់ពីគ្នាទៅវិញទៅមក ចេះជួយយកឧស្សាហ៍គ្នាទៅវិញទៅមក និងចេះចែករំលែកចំណេះដឹកឱ្យគា្នទៅវិញទៅមក ហើយមុខវិជ្ជាបំណិនជីវិត ក៏បានផ្សារភ្ជាប់ទៅនឹងតថភាពនៅក្នុងសង្គមមួយចំនួនផងដែរ គឺសង្គមគ្រួសារ៕