និយាយដោយម៉ាត់ៗ មួយៗ យុវជន យ៉ាង ស៊ុនម៉េង សិស្សឆ្នើមសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា កត្តាដែលធ្វើឱ្យខ្លួនទទួលជោគជ័យលើការប្រឡង គឺផ្តើមចេញពីការខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់ទាំងថ្ងៃ ដោយព្យាយាមរំឮកមេរៀនទាំងឡាយណា ដែលជាប់ទាក់ទិននឹងផ្នែកអក្សរសាស្ត្រខ្មែរ អានសៀវភៅ អានស្នាដៃអក្សរសិល្ប៍ឱ្យបានច្រើន ដើម្បីជំនួយដល់ការសរសេរតែងសេចក្តីឱ្យបានល្អនិងត្រឹមត្រូវ។
សិស្សឆ្នើមផ្នែកអក្សរសាស្ដ្រខ្មែរ ដែលមានស្រុកកំណើតក្នុងខេត្តកំពត បាននិយាយដោយរួសរាយទៀតថា ដើម្បីឱ្យការសរសេរតែងសេចក្តីខ្មែរបានល្អ គឺតែងសេចក្ដីមិនបែកខ្ញែកប្រធានបទ និងមានអំណះអំណាងត្រឹមត្រូវ។ ជាពិសេសយើងត្រូវយល់ពីប្រធានបទ ដើម្បីយល់ពីប្រធានបទត្រូវអានឱ្យបានច្រើនលើក ព្រោះដើម្បីឱ្យយើងយល់កាន់តែច្បាស់ យើងត្រូវចោទសួរថា តើគោលដៅដែលយើងត្រូវបកស្រាយបែបណាខ្លះ?
យ៉ាង ស៊ុនម៉េង បន្តទៀតថា សំណេរតែងសេចក្តីដែលមានលក្ខណៈល្អ យើងត្រូវយល់ឱ្យបានច្បាស់ពីប្រភេទ នៃប្រធានតែងសេចក្តី ជាប្រធានបែបពិភាក្សា ឬពន្យល់ជាដើម? ព្រោះថាការសរសេរសំណេរតែងសេចក្តីខ្មែរមានច្រើនប្រភេទ។ ជាមួយនឹងគ្នានេះ យើងក៏ត្រូវគិតពីរចនាបថ ពាក្យពេចន៍ ឃ្លោងឃ្លាក្នុងសំណេររបស់យើង ដើម្បីឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពទាក់ទាញ។
ការប្រឡងសិស្សពូកែមិនមែនជារឿងងាយទេ សម្រាប់សិស្សម្នាក់ៗ តែយើងមិនត្រូវបោះបង់ឱកាស នៅចំពោះមុខឱ្យកន្លងផុតទៅដែរ។ អ្វីដែលយើងមិនអាចខ្វះបានទៀតនោះ គឺការខិតខំពង្រឹងសមត្ថភាព ដោយសិក្សាឈ្វេងយល់ពីចំណុចខ្វះខាត ហើយត្រូវបំពេញចំណុចខ្វះខាតទាំងនោះ តាមរយៈអាន ឈ្វេងយល់ និងច្បិចយកចំណុចសំខាន់ ដើម្បីធ្វើជាទុនក្នុងការសរសេរតែងសេចក្ដីរបស់យើង។ បន្ថែមលើសពីនេះ ការហ្វឹកហាត់សរសេរសំណេរតែងសេចក្តីឱ្យបានច្រើន ក៏ជាផ្នែកមួយដ៏ចាំបាច់ដែលមិនអាចខ្វះបានដែរ ពោលគឺត្រូវមើលពីរបៀបនៃការសរសេររបស់សិស្សច្បងជោគជ័យមុនៗ គួបផ្សំនឹងការបង្រៀនពីលោកគ្រូអ្នកគ្រូដែលមានសមត្ថភាពខ្ពស់ផងនោះ យើងប្រាកដជាជោគជ័យ។
សម្រាប់សិស្សឆ្នើមប្រុសម្នាក់នេះ ដើម្បីឱ្យសំណេរទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ បើយើងចេះឈ្លេចយកទិដ្ឋភាពសង្គមជាក់ស្តែងមកបញ្ចូលក្នុងសំណេរផងនោះ ក៏ជាផ្នែកមួយជំរុញឱ្យការសរសេររបស់យើងមានភាពច្បាស់លាស់ពិតប្រាកដ៕