សិស្សពូកែរូបវិទ្យារូបនេះ យល់ថា សមត្ថភាពរបស់ខ្លួននៅមានកម្រិត ស្របពេលការប្រឡងសិស្សពូកែឆ្នាំនេះវិញ្ញាសាប្រឡងមានវិសាលភាពទូលំទូលាយ ដែលអាចនិយាយបានថា ការប្រឡងនេះមានការពិបាកលើសមធ្យម។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីប្រឡងជាប់ជាសិស្សពូកែរូបវិទ្យាទូទាំងរាជធានី ចំណាត់ថ្នាក់លេខ៥ កាលពីពេលកន្លងទៅ។
ស្ថិតក្នុងត្រកូលគ្រួសារជាអ្នកមានជីវភាពធូរធារមួយក្នុងរាជធានីភ្នំពេញ យុវសិស្ស គីម ហេង នៅមិនទាន់ហ៊ានសន្និដ្ឋានថា អាចយកឈ្នះលើការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នៅថ្ងៃខាងមុខនេះទេ តែក៏មិនបានន័យថា បោះបង់ក្ដីសង្ឃឹម នៃការដណ្ដើរយកជោគជ័យពីការប្រឡងចោលដែរ។ ផ្ទុយទៅវិញ មានតែខិតខំប្រឹងប្រែងរៀនសូត្រ ស្រាវជ្រាវបន្ថែមទាក់ទិននឹងគន្លឹះ នៃការដោះស្រាយវិញ្ញាសារ ក៏ដូចជាការណែនាំពីរៀមច្បងមុនៗ។ អ្វីដែលបានលើកឡើងនេះ ក៏អាចចាត់ទុកជាទម្លាប់ ឬក៏ជាគន្លឹះរៀនក៏ចម្បងមួយ គីម ហេង ដែរ។
ទោះយ៉ាងណា គីម ហេង ដែលមានវ័យ១៩ឆ្នាំ បានថ្លែងថា ទៅថ្ងៃខាងមុខនៅមិនទាន់ច្បាស់ថានឹងចាប់យកជំនាញណាមួយឱ្យប្រាកដនៅឡើយទេ តែយុវជនរូបនេះមានទំនោរច្រើនទៅខាងផ្នែកវិទ្យាសាស្ត្រ ដោយចង់ក្លាយជាតារាវិទូ ឬវិស្វកម្ម។
គីម ហេង គឺជាសិស្សឆ្នើមម្នាក់ ដែលរៀនពូកែប្រចាំ សាលារៀន អន្តរទ្វីប អាមេរិកាំង និងជាសិស្សឆ្នើមម្នាក់ក្នុងចំណោមសិស្សឆ្នើមចំនួន៦នាក់ទៀត ដែលបានជាប់ជ័យលាភីលេខ១ ទូទាំងរាជធានីខេត្ត លើការប្រកួតប្រជែង ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម លើកទី៥ កាលពីដើមឆ្នាំ២០១៩។
ជាសំណូមពរ សិស្សពូកែរូបវិទ្យាម្នាក់នេះ សូមឱ្យយុវជនដែលធ្លាប់បរាជ័យ ឬបាក់ទឹកចិត្តនឹងមួយ ឱ្យមានការខិតខំតស៊ូជម្នះឧបសគ្គឡើងវិញ ទើបជីវិតឈានដល់ទទួលបាននូវជ័យលាភី។ ជាពិសេស ហ៊ានចាប់ឱកាសដើម្បីចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗទៀត បើឃើញបេក្ខជនផ្សេងៗ មានសមត្ថភាពជាងយើង យើងត្រូវចេះលើកទឹកចិត្តខ្លួនឯងថា ដរាបណាការប្រកួតមិនទាន់ចាប់ផ្តើមយើងមិនអាចថាគេខ្លាំងជាងយើងបាននោះទេ៕