យុវជន-ចំណេះជំនាញ Apr 25, 2019 | 11:09 AM

សិស្ស​ពូកែរូបវិទ្យា ម៉ាក់ ហេងគង្គារ ត្រូវ​ក្រសួង​ជ្រើស​ឱ្យ​ទៅ​ប្រកួត​វិទ្យាសាស្ត្រ​វ័យ​ក្មេង​នៅ​ថៃ

image

ទោះ​យ៉ាង​ណា មុន​នឹងចេញ​​ទៅ​ចូល​រួម​ប្រកួតអ្នកវិទ្យាសាស្ត្រវ័យ​ក្មេង​អាស៊ាន​បូក​បី លើក​ទី​៨ (APTJSO-8) នៅ​ប្រទេស​ថៃ យុវតី ម៉ាក់ ហេងគង្គារ ត្រូវ​ក្រសួង​អប់រំ យុវជន និងកីឡា ជ្រើស​ជា​បេក្ខជន​រៀន​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ ផ្នែក​វិទ្យាសាស្ត្រ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញក្នុង​បុព្វ​ហេតុ​ហ្វឹក​ហ្វឺន​សមត្ថភាព​បន្ថែម​​មុន​នឹង​ទៅ​ប្រកួតជាផ្លូវ​ការ។ នេះ​បើ​តាម​ក្រសួង​អប់រំ យុវជន និងកីឡា។

តាម​ការ​កត់​សម្គាល់ នេះ​មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ ដែល​សិស្ស​សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ត្រូវ​បាន​ក្រសួង​អប់រំ​ជ្រើស​រើស​តំណាង​កម្ពុជា​ ដើម្បី​ចូល​រួម​​ក្នុង​កម្មវីធី​ប្រកួត​ចំណេះដឹង​​ផ្សេងៗ នៅ​តាម​បណ្ដា​ប្រទេស​នានា​។

គួរ​រម្លឹក​ថា នៅ​អាយុ​១២ឆ្នាំ យុវតី ម៉ាក់ ហេងគង្គារ ដែល​កាល​ណោះ ជាសិស្ស​​ថ្នាក់ទី៦ ធ្លាប់​បាន​ទៅ​ចូល​រួម​ប្រឡង​សិស្ស​ពូកែ​គណិតវិទ្យា អន្តរជាតិ លើក​ទី​១២​ ជា​មួយ​សិស្ស​បរទេស​ នៅ​ប្រទេស​ថៃ​ផង​ដែរ កាល​ពី​ឆ្នាំ​២០១៥។ ​​នៅ​​ឆ្នាំ​២០១៩​នេះ សិស្ស​ពូកែ​ម្នាក់​នេះ កំពុង​តែ​ត្រៀម​ខ្លួន​ ដើម្បី​ចូល​រួម​ប្រកួត​ចំណេះដឹង​ផ្នែក​វិទ្យាសាស្រ្ត​វ័យក្មេង​ជាមួយ​សិស្ស​​បរទេស នៅ​ប្រទេសថៃ បន្ទាប់​ពី​បាន​ក្លាយ​ជា​សិស្ស​ពូកែ​ទូទាំង​ប្រទេស ផ្នែក​រូបវិទ្យា កាល​ពី​កន្លង​ទៅ៕