យុវជន-ចំណេះជំនាញ Mar 07, 2019 | 10:48 AM

សិស្ស​ឆ្នើម​បី​រូបរបស់​​សាលា​រៀន AIS ​បាន​ត្រៀម​​​​ចូល​​រួម​​ប្រឡង​​សិស្ស​​ពូកែ​ទូទាំង​ប្រទេស

image

សិស្ស​ឆ្នើម​ថ្នាក់​ទី​១២ បី​រូប​ មក​ពី​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​ត្រៀម​ខ្លួន​ចូល​រួម​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ បន្ទាប់​ពី​ពួកគេ​ប្រឡង​ជាប់​ជា​ពូកែ​ទូទាំង​រាជធានី កាល​ពី​កន្លង​ទៅ​ថ្មីៗ​នេះ។ ក្នុង​នោះ​យុវជន យ៉ាង ស៊ុនម៉េង សិស្ស​ពូកែ​អក្សរ​សាស្ដ្រ​ខ្មែរ ជាប់​ចំណាត់​ថ្នាក់​លេខ​៣ យុវ​ជន គីម ហេង សិស្ស​ពូកែ​រូបវិទ្យា ជាប់​ចំណាត់​ថ្នាក់​លេខ​៥ និង​យុវតី ទ្រី ម៉ូនីកា សិស្ស​ពូកែ​គណិត​វិទ្យា ជាប់​ចំណាត់​ថ្នាក់​លេខ​៤។

សិស្ស​ឆ្នើម​ទាំង​៣​រូប​នេះ បាន​សម្តែង​អាម្មរណ៍​រំភើប និង​មោទនភាព​លើ​ខ្លួន​ឯង ដែល​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​នេះ ហើយ​ពួកគេ​នឹង​ខំប្រឹង​បំប៉ន​បន្ថែម​នូវ​ចំណេះ​ដឹង​ ដើម្បី​ចូល​រួម​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​វិទ្យាល័យ​១០​មករា​១៩៧៩ ខេត្ត​សៀមរាប នា​ពេល​ខាង​មុខ​។

និយាយ​ដោយ​ទឹក​មុខ​ម៉ឹង​ម៉ាត់​ពោរពេញ​ដោយ​ភាពជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ឯង យុវជន យ៉ាង ស៊ុនម៉េង សិស្ស​ពូកែ​អក្សរសាស្រ្ត​ខ្មែរ បាន​លើក​ឡើង​ថា ​ពួកគេ​ព្យាយាម​រក្សា​ការសិក្សា​នេះ ដើម្បី​ចូល​រួម​ប្រឡង​ប្រជែង​​ជ្រើស​រើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស នឹង​ខំ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព។

សិស្ស​ពូកែ​អក្សរសាស្រ្ត​ខ្មែរ​ម្នាក់​នេះ បន្ត​ថា និយាយ​នេះ មិន​​មែន​មាន​ន័យ​ថា ពេល​ទទួល​​បាន​​លទ្ធផល​​​ប៉ុណ្ណឹង យើង​មាន​អំនួត​នោះ​ទេ តែ​ត្រូវ​ខិត​ខំប្រឹង​ប្រែង​ និង​ស្វែង​រក​ចំណុច​ដែល​ខ្លួន​ខ្វះ​ខាត ហើយ​បំពេញ​បន្ថែម។ ជាពិសេស មិន​បោះ​បង់​ការ​ព្យាយាម​ខ្លួន​ឯង​ចោល​ទៅ​ទទេៗ​នោះទេ គឺ​ត្រូវ​តែ​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ទើប​មើល​​ឃើញ​ជោគជ័យ។

ជាមួយ​គ្នា​នេះ យុវតី ទ្រី ម៉ូនីកា សិស្ស​ពូកែ​គណិតវិទ្យា បាន​លើក​ឡើង​ដែរ​ថា មិន​មែន​ជា​រឿង​ស្រួល​ទេ​ក្នុង​ការ​ដណ្ដើម​យក​ជ័យលាភី​ទូទាំង​រាជធានី។​ តែ​លទ្ធផល​ដែល​បង្ហាញ​នេះ គឺ​កើត​ចេញ​ពី​ទម្លាប់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង និង​ព្យាយាម​​សិក្សា​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​យ៉ាង​លំបាក។ នេះ​ជា​កម្លាំង​ចិត្ត​ធ្វើ​ឱ្យ​រូប​គេ​ខិត​ខំ​ព្យាយាម​បន្ថែម​ទៀត។

ចំណែក​យុវជន គីម ហេង សិស្ស​ពូកែ​រូប​វិទ្យា ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​នៅ​មាន​កម្រិត ដូច្នេះ​ក៏​ត្រូវ​ផ្អែក​លើ​សំណាង​ខ្លះៗ​ដែរ។ សិស្ស​ពូកែ​រូប​នេះ បញ្ជាក់​ថា ការ​ប្រឡង​នេះ​មាន​ការ​ពិបាក​លើសមធ្យម ត្រង់​ថា​វិញ្ញា​សា​ប្រឡង​មាន​វិសាល​ភាព​ទូលំ​ទូលាយ​មែន​ទែន។ សម្រាប់​យុវជន គីម ហេង ការ​រៀន​សូត្រ​ពូកែ​ ឬ​មិន​ពូកែ​មក​ពី​កត្តា​ចម្បង​មួយ នោះ​គឺ​កត្តា​ខ្លួន​ឯង។

គួរ​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​បញ្ចូល​សិស្ស​ឱ្យ​ចូល​ប្រឡង​សិស្ស​ពូកែ​លំដាប់​រាជធានី ​និង​ទូទាំង​ប្រទេស។ តាម​ការ​កត់​សម្គាល់ សាលា​រៀន​ដែល​ល្បី​ខាង​វិន័យ​តឹង​រ៉ឹង​​មួយ​នេះ តែង​តែ​បញ្ចូន​សិស្ស​ឱ្យ​ចូល​ប្រឡង​ជា​រៀង​រាល់​ឆ្នាំ៕​