នេះមិនមែនលើកទី១ សម្រាប់យុវតីវ័យ២១ឆ្នាំរូបនេះឡើយ ដែលបានចំណាយពេល និងកម្លាំងចូលរួមធ្វើការងារស្ម័គ្រចិត្ត។ កន្លងមកនាងក៏ធ្លាប់ចូលរួមជាមួយសិស្សផ្សេងទៀត ដើម្បីនាំយកអំណោយទៅចែកក្មេងៗដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្ត។ សុផាណាបានចាប់អារម្មណ៍ធ្វើការងារស្ម័គ្រចិត្តតាំងពីនាងមានអាយុ១៧ឆ្នាំ បន្ទាប់ពីនាងបានចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ ដែលជាសាលាបណ្តុះកុមារ និងយុវវ័យ ឱ្យចូលរួមជួយការងារសង្គម។
សម្រាប់សុផាណា ការដែលបានធ្វើការងារស័្មគ្រចិត្តជួយសង្គម ជួយសាលា គឺជាពេលវេលាដែលនាងសប្បាយចិត្តបំផុត ហើយនាងក៏ចង់ឱ្យយុវវ័យដ៏ទៃទៀត គួរចំណាយពេលធ្វើការងារស្ម័គ្រចិត្តផងដែរ។
យុវតី សៅ សុផាណា ៖«ពាក្យថាការងារស្ម័គ្រចិត្ត គឺអត់មានប្រាក់កម្រៃនោះទេ ហើយយើងត្រូវចំណាយកម្លាំង ប៉ុន្តែយើងអាចមានអ្នកចូលចិត្តច្រើន មានអ្នកមើលមកយើងគេគិតថាយើង មិនចាំបាច់តែមានលុយទេ យើងអាចជួយសង្គមបាន ហើយសម្រាប់ក្រៅប្រទេស គេមើលមកឃើញថា យុវជនខ្មែរ ក៏មានយុវជនដែលមានទឹកចិត្តក្នុងការធ្វើការងារស្ម័គ្រចិត្តជួយសង្គមដែរ។»
មានសម្បុរស ខ្ពស់ ស្ថិតក្នុងវ័យ១៧ឆ្នាំ យុវសិស្ស សៀត តុង ក៏បានចូលរួមជាមួយយុវតីទាំងពីរនាក់ខាងលើ ដើម្បីជួយសម្រួលដល់ការងារគ្រូ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងកម្មវិធីប្រឡងប្រកបពាក្យ ម៉េងលី ជេ. គួច។ តុង បាននិយាយថា នេះជាលើកទី១ ដែលខ្លួនចូលរួមធ្វើការងារស្ម័គ្រចិត្ត។
យុវសិស្ស សៀត តុង ៖«ថ្វីត្បិតតែការងារហ្នឹងអត់បានលុយ ប៉ុន្តែខ្ញុំពេញចិត្តនឹងធ្វើវា ខ្ញុំចង់បានបទពិសោធ ខ្ញុំចង់ស្គាល់ ខ្ញុំចង់ដឹង ។ ហើយខ្ញុំក៏ចង់ជួយការងារសង្គម ជាពិសេសជួយកុមារកំព្រា ជនក្រីក្រមួយចំនួន»។
បន្ទាប់ពីសប្បាយចិត្តនឹងការចូលរួមធ្វើការងារស្ម័គ្រចិត្តនេះ ថ្ងៃក្រោយតុងមានបំណងចូលរួមធ្វើការងារស្ម័គ្រផ្សេងទៀតមិនក្នុង ឬក្រៅប្រទេសឡើយ។
គួរជម្រាបថា សិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលមានលោក ឧកញ៉ា គួច ម៉េងលី ជាស្ថាបនិក ក្រៅពីបណ្តុះបណ្តាលសិស្សឱ្យចេះភាសាបរទេសប្រកបដោយគុណភាព ថែមទាំងចូលរួមបណ្តុះសិស្សានុសិស្សទាំងអស់ឱ្យចេះចូលរួមការងារស្ម័គ្រចិត្តផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និងជួយសង្គមទៀតផង៕