យុវជន-ចំណេះជំនាញ Aug 01, 2018 | 13:58 PM

សិស្សសាលា AIS ឆ្លៀតយកទិវា​រំឭកគុណ​ឪពុក ដើម្បីសម្ដែងនូវ​ការគោរព

image

ទិវា​រំឭកគុណ​ឪពុក គឺជា​ពិធី​បុណ្យ​មួយ​ដែល​ប្រជាជន​នៅ​លើពិភព​លោក​តែង​តែ​ប្រារព្ធ​ធ្វើ​ជារៀង​រាល់​ឆ្នាំ។ ដូចបណ្ដា​ប្រទេស​ដទៃ​ដែរ កម្ពុជា​តែង​តែ​រៀបចំ​ប្រារព្ធ​ទិវា​នេះ នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍ទី៣​ក្នុង​ខែមិថុនា ជារៀង​រាល់​ឆ្នាំ​ដែរ ហើយ​ក្នុង​ឆ្នាំ​នេះ កម្ពុជា​បាន​ចូល​រួម​អបអរ​ទិវា​រំឭកគុណ​ឪពុក​នេះ នៅ​ថ្ងៃ​អាទិត្យ ទី១៧។ ជា​មួយ​នឹង​គ្នា​នេះ សិស្សានុ​សិស្ស នៃ​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង ក៏​មិន​ខុស​ពី​កូន​ខែ្មរទូ​ទៅ​ដែរ បាន​ឆ្លៀតយក​ឱកាស​នេះ ដើម្បី​សម្ដែង​នូវ​ការ​គោរព​ដឹងគុណ និង​ថ្លែង​អំណរគុណ​ចំពោះ​លោក​ឪពុក​ជាទី​ស្រឡាញ់​របស់​ពួក​គេរៀងៗ​ខ្លួន។

សម្រាប់​សិស្ស​សាលា​រៀន​ដែល​ល្បី​ខាង​វិន័យ​ដ៏​តឹងរ៉ឹង​មួយ​នេះ ទិវា​នេះ​គឺជា​ឱកាស​ដ៏​វិសេសវិសាល​មួយ​សម្រាប់​ប្រារព្ធ​ពិធី​ជូន​លោក​ឪពុក ដើម្បី​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់ ការ​ជួយ​ជ្រោមជ្រែង និង​តបស្នង​សងគុណ​ចំពោះ​ឪពុក ដែល​បាន​ចិញ្ចឹម​បីបាច់ថែ​រក្សា ឧបត្ថម្ភ​ទាំង​សម្ភារ​ៈ និង​ស្មារតី​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដល់​ពួក​គេ។

កំពុង​អង្គុយ​ពិភាក្សា​មេ​រៀន​ជា​មួយ​នឹង​មិត្ត​ភក្ដិ​រួម​ថ្នាក់ នៅ​ក្នុង​បណ្ដាល​័យ កុមារី វ៉ាន់ សុខនាសា វ័យ​១៤ឆ្នាំ បាន​និយាយ​អម​ដោយ​កាយវិកាយថា កន្លង​មក​ខ្លួន​ធ្លាប់​ធ្វើ​ឱ្យ​ឪពុក​ពិបាក​ចិត្ត​ដោយ​សារតែ​ទង្វើ​របស់​ខ្លួន ដែល​មិន​ស្ដាប់ពីការ​ណែ​នាំ​​របស់​ឪពុក។ នេះ​ជា​ទង្វើ​ឆោតល្ងង់​ដ៏​គួរ​ឱ្យ​សោកស្ដាយ​បំផុត​ចំពោះ​ខ្លួន។

ក្រោយ​ពី​ដឹងថា​ខ្លួន​ធ្វើ​ខុស​ចំពោះ​ឪពុក​បែប​នេះ កុមារីរូប​នេះ​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ចេញ​ពី​ចិត្ត​ដូច្នេះ៖ «ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ អ្វី​ដែល​ខ្ញុំ​មិន​អាចបំ​ភ្លេច​បាន​ចំពោះ​គុណ​របស់​លោក​ឪពុក គឺ​គាត់​បាន​ផ្ដល់​កំណើត និង​បាន​ខិតខំ​ខ្នះខ្នែង​ធ្វើ​ការគ្រប់​បែប​យ៉ាង ដើម្បី​រក​ប្រាក់​មក​ចិញ្ចឹម​កូន។ ជា​ពិសេស​លោក​បាន​រិះរកមធ្យោយ​បាន​ឱ្យ​ខ្ញុំ​បាន​សិក្សា​នៅ​សាលា​រៀន​ដែល​មាន​គុណភាព​ល្អ​ដូច​កូន​អ្នក​មាន​ជីវភាព​ធូរធារ»។

ស្រដៀង​គ្នា​នេះ​ដែរ កុមារី ម៉ម សុជាតា ដែល​ជា​សិស្ស​រៀន​នៅ​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង អស់​រយៈ​ពេល​៥ឆ្នាំ​មក​ហើយ​នោះ បាន​លើក​ឡើង​ដែរ​ថា ក្រៅ​ពិការផ្ដល់​ចន្ទល់​ដ៏​រឹងមាំ​ក្នុង​គ្រួសារ​និង​កូនៗ ទោះ​ជា​មមាញឹក​នឹង​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​មិន​ដែល​ភ្លេច​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូនៗ​ដែរ។

ជា​កូន​ទី២​ក្នុង​ចំណោម​បងប្អូនបី​នាក់ កុមារី​ដែល​មាន​ឪពុក​មមាញឹក​នឹង​ការ​ងារ​រក​ស៊ី​រូប​នេះ បាន​បន្ត​ទៀត​ថា ក្នុង​ទិវា រម្លឹកគុណ​ឪពុក គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​យើង​ជា​កូន ដើម្បី​បង្ហាញ​ពីការដឹងគុណ ដែល​លោក​ឪពុក​លះបង់​ក្នុង​ការ​ចិញ្ចឹម​តាំង​ពី​តូច​រហូត​ដល់​ធំ​ដឹងក្ដី និង​បញ្ជូន​​កូន​ឱ្យ​បាន​រៀន​នៅ​សាលា​ល្អ​ទៀត។

យ៉ាង​ណា​ក៏​ដោយ ទោះ​បីការ​ចិញ្ចឹម​បីបាច់ថែ​រក្សា​កូន​ជាកាតព្វ​របស់​អា​ព្យាបាល​គ្រប់រូប ប៉ុន្តែ​កូនៗ​ក៏​គួរ​យល់​ពី​ទុក្ខ​លំបាក​របស់​ឪពុក​ម្ដាយ​ក្នុង​ការ​ចិញ្ចឹម​កូន​ដែរ។ ឪពុក​ម្ដាយ​គ្រប់រូប​សុទ្ធ​តែ​ចង់​ឃើញ​កូន​មាន​អនាគត​ល្អ​គ្រប់ៗ​គ្នា ប៉ុន្តែ​ឪពុក​អាច​ជួយ​កូន​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​​ជីវិត​ប៉ុណ្ណោះ នៅ​សល់​ពាក់​កណ្ដាល​​ផ្លូវ​ទៀត គឺ​កូនៗជា​អ្នក​ដើរ​ដោយ​ខ្លួន​ឯង។

ទាក់​ទង​នឹង​ការចិញ្ចឹងបីបាច់ថែ​រក្សា​កូន​នេះ​ដែរ លោក អ៊ិន ដារ៉ា ជា​គ្រូ​បង្រៀន​នៅ​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង និង​ជា​ឪពុក​ម្នាក់​​ដែល​បាន​លះបង់ គ្រប់​បែប​យ៉ាង ដើម្បី​កូនៗ​មិន​ខុស​ពី​ឪពុក​ទូ​ទៅ​នោះ​ទេ។ ស្ថិត​ក្នុង​វ័យ​៤៣ឆ្នាំ លោក​បាន​លើក​ឡើង​ថា ក្នុង​នាម​ឪពុក​មិន​ចង់​បាន​អ្វី​ពី​កូនៗ​ក្រៅ​ពី​ចង់​ឃើញ​កូន​មាន​ចំណេះដឹង សីលធម៌ ដែល​អាច​រស់​នៅ​ចុះ​សម្រុង​នឹង​សង្គម និង​ធ្វើ​ជា​មនុស្ស​ប្រកប​ដោយ​គុណភាព​ដែល​សង្គម​ត្រូវ​ការ។

មាន​បទ​ពិសោធ​បង្រៀន​ស្ទើរតែ​ជោកជាំ​ក្នុង​ជីវិត​ទៅ​ហើយ​នោះ លោក អ៊ិន ដារ៉ា បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​ក្នុង​ការ​ចិញ្ចឹម​កូន​ថា «ក្នុង​តួ​នាទី​ខ្ញុំ​ជា​ឪពុក ក្រៅ​ពីផ្ដត់ផ្ដង់ចំណី​អាហារ សម្លៀក​បំពាក់ ជម្រក​ស្នាក់​នៅ​ឱ្យ​បាន​សមរម្យ រស់​នៅ​ក្នុង​ជីវភាព​ធូរធារ​ហើយ គឺ​ខ្ញុំ​មិន​ដែល​ភ្លេច​ល់​នូវ​ភាពកក់ក្ដៅ​ចំពោះ​កូន​ឡើយ។ ជា​ពិសេស​គឺផ្ដោត​សំខាន់​លើការ​អប់រំ​ដល់​​ពួក​គាត់​ជា​ចម្បង។»

ជាការ​ពិត​ណាស់ កាលពី​តូចៗ​ឪពុក​ម្ដាយ​តែង​តែព្រួ​បារម្ភ​គ្រប់​បែប​យ៉ាង​ចំពោះ​កូន កុំថា​ឡើយ​បញ្ហា​ធំ សូម្បីតែស្រមោចវារលើ​ក៏​មិន​បាន​ផង។ ដល់​ពេល​ធំ​ដឹងក្ដី​ឪពុក​ម្ដាយ​គ្រប់រូប​រឹតព្រួយ​បារម្ភ​ចំពោះ​កូន​ថែម​ទៀត។ ឪពុក​ម្ដាយព្រួយ​បារម្ភ​ខ្លាច​កូន​ដើរ​ទៅ​រក​ផ្លូវ​អបាយ​មុខ​ឡើយ។

លោក អ៊ិន ដារ៉ា តែង​តែ​បារម្ភ និង​ផ្ដោត​សំខាន់​ខ្លាំង​បំផុត​លើ​សុខភាព ព្រោះ​ខ្លាច​កូន​មាន​បញ្ហា​សុខភាព។ ដូច្នេះ សុខភាព​របស់​កូន គឺជា​ចំណុច​ចម្បង​ដែល​លោក​តែង​តែយក​ចិត្ត​ទុក​ដាក់។ មួយ​ទៀត ការផ្ដល់​ភាពកក់ក្ដៅ ដើម្បី​បង្កើត​ភាព​ស្និទ្ធ​ស្នាល​រវាង​មេ​គ្រួសារ​និង​សមាជិក​គ្រួសារ នៅ​តាម​រមណីដ្ឋាន​នានា​ក៏​ជា​រឿង​ដែល​មិន​គួរ​បំ​ភ្លេច​នោះ​ដែរ។ ទាំង​នេះ​ជា​អ្វី​ដែល​ឪពុក​រូប​នេះ បាន​ធ្វើ​​ដើម្បី​តែ​កូន។ ចុះ​កូន​វិញ​បាន​ធ្វើ​អ្វី​ល្អៗ​ដើម្បី​ឪពុក​ម្ដាយ​វិញ?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​កុមារី ម៉ម សុជាតា និង​កុមារី វ៉ាន់ សុខនាសា ក្រៅ​ពី​សម្ដែង​ពីការ​ដឹក​គុណ​ឪពុក ពួក​គេ​ក៏​បាន​សន្យា​យ៉ាង​មុតមាំ​ផង​ដែរ​ថា នឹង​មិន​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ពិបាក​ចិត្ត​ទៀត​ឡើយ។ ផ្ទុយមក​វិញ នឹង​ខិតខំ​រៀន​ឱ្យ​បាន​ពូកែ ដើម្បី​តបស្នង​សងគុណ​ឪពុក​ម្ដាយ ដែល​បាន​លះបង់គ្រប់​បែប​យ៉ាង​ដើម្ប​កូន៕