ក្រោយពីបញ្ចប់ការពិសោធនេះ យុវតីកូនកាត់អាហ្វ្រិកម្នាក់ ឈ្មោះ អូឡូយ៉េដេ ស្រីនិច បានលើកឡើងថា ដំណើរការពិសោធនេះ ពិតជាបានរួមចំណែកធ្វើឱ្យខ្លួនគេបានយល់ដឹងកាន់តែច្រើនបន្ថែមទៀត នៅអ្វីដែលមិនធ្លាប់បានដឹង និងការអនុវត្តផ្ទាល់បែបនេះពីមុនមក។
យុវសិស្សដដែលនេះ បញ្ជាក់ថា ការពិសោធ ការអនុវត្តជាក់ស្តែងមានលក្ខណៈខុសប្លែកពីការរៀនតែទ្រឹស្តី ត្រង់បានធ្វើដោយផ្ទាល់ដៃ និងឃើញផ្ទាល់ភ្នែក មិនមែនថាមិនជឿជាក់លើទ្រឹស្តីនោះទេ គ្រាន់តែការភាគរយនៃការជឿជាក់នៅមានកម្រិត។ ពេលខ្លះ ការសិក្សានេះ បើយល់បានត្រឹមតែទ្រឹស្តី នាំឱ្យចម្ងល់ ទោះតិចឬច្រើន នៅតែចោទមាន។ ដូច្នេះសាលាបង្កើតឱ្យមានសាលពិសោធន៍ មានគ្រូដឹកនាំពិសោធ គឺដើម្បីឱ្យសិស្សបានឃើញច្បាស់លាស់ ដូចទៅនឹងអ្វីដែលគ្រូបានពន្យល់ និងទ្រឹស្តីដែលបានកំណត់ឡើង។
គ្រូដឹកនាំសិស្សធ្វើពិសោធនេះ គឺលោក កឹម ស៊ីណុច។ លោកបានថ្លែងឱ្យដឹងថា ប្រធានបទទីប្រជុំទម្ងន់នេះ ជាការធ្វើឱ្យវត្ថុទាំងឡាយមានលំនឹង ព្រមទាំងផ្សារភ្ជាប់ទៅនឹងទ្រឹស្តី ហើយឱ្យសិស្សបានដឹងថាការគណនាតាមរូបមន្ត និងការរកជាក់ស្តែងមានលក្ខណៈលំបាកយ៉ាងដូចម្តេចខ្លះ និងមានភាពសុក្រិតដែរឬទេ?
លោកថា ការពិសោធមានសារៈសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់ ព្រោះអាចឱ្យពួកគេបានយល់កាន់តែស៊ីជម្រៅ នៃមេរៀន និងឱ្យពួកគេចេះឈ្វេងយល់បន្ថែមពីអ្វីដែលថ្មី ហើយមានភាពអំណត់ ចេះសហការគ្នាជាក្រុម និងមានទំនួលខុសត្រូវខ្ពស់។
ចុងក្រោយ លោក កឹម ស៊ីណុច បានមានប្រសាសន៍ឱ្យសិស្សានុសិស្សទាំងអស់ មិនថាសាលារដ្ឋ ឬគ្រឹះស្ថានអប់រំ ឯកជនទេ គួរគប្បីយកចិត្តទុកដាក់លើការសិក្សាទ្រឹស្ដីផ្សារភ្ជាប់ និងការពិសោធ ព្រោះមេរៀនរូបវិទ្យាមានទាក់ទងនឹងទ្រឹស្តីបាតុភូតច្រើន និងជាផ្នែកវិទ្យាសាស្ត្រពិត ដែលអាចឱ្យសិស្សទាញយកពិន្ទុបានច្រើនក្នុងការប្រឡង។ ហើយសិស្សទាំងអស់គួរ អនុវត្តធ្វើលំហាត់ឱ្យបានច្រើន ធ្វើពិសោធឱ្យបានច្រើន និងស្រាវជ្រាវអ្វីមួយឱ្យចេញជាលទ្ធផល ដើម្បីចំណេះដឹងផ្នែកវិទ្យាសាស្ត្រកាន់តែមានការរីកចម្រើន៕

