យុវជន-ចំណេះជំនាញ May 29, 2018 | 13:10 PM

សិស្សពីររូបដែលត្រៀមទៅប្រឡងគណិតវិទ្យានៅសិង្ហបុរីបង្ហាញឆន្ទៈយកឱ្យបានមេដាយមាស

image

មាន​វ័យ​១០ឆ្នាំ កុមារី សម្បត្តិ សិ​រីកា ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​ជាលក្ខណៈ​អន្តរជាតិ​​នេះ មិន​តិច​ជាង​បីដង​នោះ​ទេ និង​ធ្លាប់​ទទួល​បាន​មេដាយ៤​លើក​រួច​មក​ហើយ។ បន្ទាប់​ពី​ទទួល​បាន​មេដាយ​ប្រាក់ ក្នុង​ការ​ប្រកួត​គណិត​វិទ្យា​អូឡាំពិក ដែល​បាន​រៀបចំ​ឡើង នៅ​ប្រទេស​កម្ពុជា​កាលពី​ខែ​មេសា ឆ្នាំ​២០១៨ និង​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ទៅ​ប្រកួត​នៅ​ប្រទេស​សឹង្ហបុរី កុមារី ដែល​កូន​របស់​អ្នក​ជំនួញរូប​នេះ តាំង​ចិត្ត​ថា នឹង​យក​ឱ្យ​មេដាយ​មាស​ត្រឡប់​មក​វិញ ខណៈ​លើក​ទី១​ដែល​ចូល​រួម​ប្រកួត​កាល​ពីឆ្នាំ​​មុន នាង​ទទួល​បាន​មេដាយ​សំរិទ្ធ។

សិ​រីកា បាន​ប្រាប់​ថា ការណ៍​ដែល​នាង​តាំង​ចិត្ត​ឱ្យ​យក​បាន​មេដាយ​មាស​នេះ ព្រោះ​ចង់​ឱ្យ​ប៉ា​ម៉ាក​របស់​នាង​សប្បាយ​ចិត្ត។ ​នាង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ទៅ​ប្រកួត​ជា​មួយ​សិស្ស​ដទៃ​នា​ពេល​ខាង​មុខ​នេះ។ សិ​រីកា ​បញ្ជា​ក់​ថា ​ដើម្បី​​ទទួល​បាន​មេដាយ​មាស​តាម​បំណង នាង​នឹង​បង្កើន​ការ​ខិតខំ​រៀន​ជាង​មុន និង​ត្រងត្រាប់​ស្តាប់​គ្រូ​ឱ្យ​បាន​ច្រើន ក៏​ដូចជា​ការ​បង្រៀន ពីប៉ា​របស់​នាង​នៅ​ផ្ទះ។

អ្នក​ស្រី ងន គីម​មួយ ដែល​ជា​ម្តាយ​របស់​កុមារី សិរិកា ជឿ​ជាក់​ថា កូន​របស់​អ្នក​ស្រី នឹង​ទទួល​បាន​មេដាយ​មួយ​ត្រឡប់​មក​វិញ មិន​ថា​មេដាយ​មាស ឬ​មេដាយ​ប្រាក់​នោះ​ទេ។ ការណ៍​អ្នក​ស្រី​រំពឹង​បែប​នេះ ព្រោះ​អ្នក​ស្រី ជឿ​ជាក់​លើស​មត្ថភាពសិ​រីកា ដោយ​សារ​នាង​ពូកែ​គណិត​វិទ្យា​តាំង​តូច​មក។

គួរ​រម្លឹកថា កុមារី សម្បិត្ត សិរិកា ធ្លាប់​ទទួល​បាន​មេដាយ​ចំនួន​៣​លើក ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ក្នុង​នោះ​រួម​មាន មេដាយ​សំរឹទ្ធ លើការ​ប្រកួត Singapore International Math Olympiad Challenge 2017 នៅ​ប្រទេស​សិង្ហបុរី ។ ទទួល​បាន​មេដាយ​ប្រាក់ ក្នុង​ការ​ប្រកួត International Junior Math Olympiad ជា​មួយ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី និង​លើក​ទី៣ ទទួល​បាន​មេដាយ​មាស ក្នុង​ការ​ប្រកួត American Mathematics Olympiad Cambodia កាល​ពីឆ្នាំ​២០១៧។ ដោយ​ឡែក ការ​ប្រកួត​ក្នុង​ឆ្នាំ​២០១៨ ក្នុង​កម្មវិធី ប្រកួត​ប្រជែង​គណិត​វិទ្យា​អូឡាំពិក​របស់​ប្រទេស​សិង្ហបុរី និង​សាលា​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន ឆ្នាំ​២០១៨ ដែល​គេ​ហៅ​កាត់​ថា SASMO ទទួល​បាន​មេដាយ​ប្រាក់។

ចំណែក​កុមារ ចាន់ វិទូ ក៏​នឹង​ត្រូវ​ទៅ​ចូល​រួម​ប្រកួត​គណិត​វិទ្យា​ ជា​មួយ​កុមារី​សិរិកា នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។ ទោះ​ជា​លើក​ទី១ ដែល​ខ្លួន​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​សឹង្ហបុរី តែ​កុមារារូប​នេះ រំពឹង ៨០% ថា​ខ្លួន​នឹង​យក​ឱ្យ​បាន​មេដាយ​មាស ត្រឡប់​មក​វិញ។ វិទូ បាន​​បញ្ជា​ក់​ថា តាំង​ដើម​មក មុខ​វិជ្ជា​ដែល​ខ្លួន​រៀន​ពូកែ​ជាង គឺ​មុខ​វិទ្យា​គណិត​វិទ្យា ហើយ​ខ្លួននឹង​ខំ​រៀន​លើ​មុខ​វិជ្ជា​មួយ​នេះ​បន្ថែម​ទៀត ដើម្បី​​ទៅ​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ល្បីល្បាញ​ខាង​វិស័យ​អប់រំ​មួយ​នេះ។

លោក​ចាន់ ចម្រើន ដែល​ជា​ឪពុក​របស់​កុមារ ចាន់ វិទូ បាន​ប្រាប់​ថា មុខ​វិជ្ជាគណិត គឺជា​មុខ​វិជ្ជា​មួយ​ដែល វិទូ មាន​ភាពលេចធ្លោ​ជាង​គេ។ លោក​សង្កេត​ឃើញ ពីការ​ខិតខំ​ប្រឹង​ប្រែង និង​ការ​ចង់​ចូល​រួម​របស់ ហើយ​លោក​សង្ឃឹម​ថា នឹង​ទទួល​បាន​មេដាយ​មាស ដូចការ​រំពឹង​ទុក​របស់​វិទូ។

គួរ​​បញ្ជា​ក់​ថា​ កម្មវិធី​​ប្រកួត គណិត​វិទ្យា​នៅ​ប្រទេស សិង្ហបុរី នឹង​ប្រព្រឹត្ត​ទៅ ចាប់​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី០៩ ខែ​កក្កដា ឆ្នាំ​២០១៨៕