Stand with Cambodia — Together for Our Future
អប់រំ Sep 17, 2025 | 09:33 AM

សិស្សខ្វះខាត ១០រូប ទទួលបានអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង

(ភ្នំពេញ)៖ គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាតំណាងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំពិធីជំនួបផ្លួវការជាមួយសិស្សអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១០រូប សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។

ជំនួបនេះត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុក ច័ន្ទវាសនា ជំនួយការសម្តេចមហាបវរធិបតី និងជាប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សមាជិកក្រុមការងារ ការិយាល័យរដ្ឋបាល ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សផងដែរ។

នេះជាជំនាន់ទី៦ ហើយនៃការផ្តល់ជូននូវអាហារូបករណ៍ មានទាំងថ្នាក់ភាសាអង់គ្លេសទូទៅ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងថ្នាក់ចំណេះដឹងទូទៅនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងគោលបំណងជួយដល់កូនចៅប្រជាពលរដ្ឋដែលពុំមានលទ្ធភាពឱ្យទទួលបានការសិក្សា ក្នុងន័យចូលរួមចំណែកក្នុងការអភិវឌ្ឍមូលធនមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕