លោកស្រី ស៊ុន ចន្ធូ គ្រូមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានលើកឡើងថា ការនិទានរឿងឱ្យសិស្សានុសិស្សស្តាប់ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបរិយាកាសខ្លះៗពីការសិក្សា ដើម្បីសិស្សមានអារម្មណ៍ស្រស់ថ្លា។
លោកស្រី បន្តថា ការនិទានរឿង គឺជាបំណិនមួយដែលមិនអាចខ្វះបានសម្រាប់កុមារក្នុងការសិក្សា។ ត្រង់អត្ថន័យនិងរូបភាពនៅក្នុងសៀវភៅរឿងនិទាន សុទ្ធតែជះឥទ្ធិពលដល់កុមារ។ រឿងនិទានទាំងនោះនឹងធ្វើឱ្យកុមារផ្សារខ្លួនភ្ជាប់ទៅនឹងបរិយាកាសសង្គម ក៏ដូចជាការជួយជាបំនិនឱ្យពួកគេមានលទ្ធភាពដោះស្រាយបញ្ហាផ្សេងៗ ដោយខ្លួនឯង។
សម្រាប់លោកស្រី ស៊ុន ចន្ធូ ការដឹកនាំសិស្សមកស្តាប់ការនិទានរឿងបែបអប់រំនេះបានរួមចំណែកយ៉ាងច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ជាពិសេស គឺផ្នែកមួយយ៉ាងធំក្នុងការផ្ដល់ការអប់រំ ទូន្មានប្រៀនប្រដៅពួកគេតាមរយៈសាច់រឿងនីមួយៗផ្ទាល់តែម្តង។
លោកស្រីបញ្ជាក់ថា ពិតមែនតែសិស្សមានវ័យក្មេងខ្ចី ប៉ុន្តែបន្ទាប់ពីធ្វើការនិទានជាច្រើនលើកច្រើនសាររួចមកនោះ ឃើញថា សិស្សមួយចំនួនអាចចាប់បាននូវខ្លឹមសារសាច់រឿងបានត្រួសៗ និងអាចនិទានបានឡើងវិញខ្លះៗដែរ។ នេះជាសញ្ញាណមួយបង្ហាញពីការពញ្ញាក់ស្មារតីឱ្យសិស្សមានចិត្តគំនិតចេះត្រិះរិះពិចារណា តាមរយៈខ្លឹមសារនៃសាច់រឿង ថាគួរតែយកតម្រាប់តាមតួអង្គល្អ ឬអាក្រក់។
ជាការពិតណាស់ ប្រយោជន៍ដែលកុមារទទួលបានពីការស្តាប់ ឬអានរឿងនិទាន គឺធ្វើឱ្យកុមារមានបំនិនផ្នែកភាសា មានន័យថា កុមារខ្លះ ដែលមិនទាន់ចេះសរសេរ ឬនិយាយច្បាស់ នៅពេលមានអ្នកណាម្នាក់និទានរឿងឱ្យស្តាប់ ពួកគេអាចស្តាប់ឆាប់យល់ ស្គាល់ពាក្យ និងធ្វើឱ្យកុមារមានការគិតលឿនព្រមទាំងធ្វើឱ្យកុមារ «ចូលចិត្តអាន»។
ជុំវិញអត្ថប្រយោជន៍ នៃការនិទានរឿងសម្រាប់កុមារនេះដែរ លោកស្រី លុក វណ្ណារុន ចាងហ្វាងរង ក្រោមមតេយ្យ និងមតេយ្យ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា ការនិទានរឿងអាចបណ្តុះមនោសញ្ចេតនាកុមារឱ្យមានចិត្តស្រឡាញ់ធម្មជាតិ មានទំនាក់ទំនងល្អជាមួយមនុស្ស នៅជុំវិញខ្លួន ចេះស្គាល់អ្វីជាអំពើល្អ និងអាក្រក់ ដឹងពីទម្លាប់ល្អ ឬអាក្រក់ទៅតាមប្រភេទរឿងនិទាន ដែលបានអានឱ្យសិស្សស្តាប់នោះ។ ជាងនេះទៅទៀត អាចជួយឱ្យកុមារបានរីកចម្រើនភាសានិយាយ មានភាពក្លាហាន និងមានភាពអំណត់ក្នុងការស្តាប់ និងវិភាគ។
លោកស្រី លុក វណ្ណារុន បានឱ្យដឹងដែរថា ជាទូទៅ រឿងនិទាន ដែលអាចផ្តល់ការអប់រំដល់កុមារ ជារឿងនិទាន ដែលនិយាយពីទម្លាប់នៃការរស់នៅ រឿងនិយាយអំពីសត្វ ឬធម្មជាតិ ដែលនៅជុំវិញខ្លួនរបស់ពួកគេ។
ដោយមើលឃើញពីប្រយោជន៍យ៉ាងច្រើន នៃការនិទានរឿង សាលារៀន អន្តរទ្វីប អាមេរិកាំង បានដាក់កម្មវិធីសិក្សាក្នុងមួយសប្តាហ៍ មានកម្មវិធីនិទាន១ម៉ោងសិក្សា និងរាល់ថ្ងៃចុងសប្តាហ៍មានការផ្តល់សៀវភៅរឿងនិទានដល់សិស្សម្នាក់មួយក្បាល សម្រាប់អាណាព្យាបាលសិស្សយកទៅអានឱ្យកូនតូចៗរបស់ពួកគាត់ស្តាប់ និងមានការផ្លាស់ប្តូររឿងនិទានជារៀងរាល់សប្តាហ៍ផងដែរ៕